Sunday, July 13, 2025
Homeព័ត៌មានជាតិនាំគ្នាមើល ផ្អើលផ្សារច្បារអំពៅ ព្រឹកមិញ ដោយសារតែចុងភៅម្នាក់

នាំគ្នាមើល ផ្អើលផ្សារច្បារអំពៅ ព្រឹកមិញ ដោយសារតែចុងភៅម្នាក់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ក្នុងវ័យជាង៥០ឆ្នាំ បានដើរចូលទៅក្នុងផ្សារច្បារអំពៅ បំណងរកទិញបន្លែ លុះមិនដឹងជាមូលហេតុអ្វី ក៏ស្រាប់តែដួលទៅលើដី ប្រកាច់ស្លាប់ភ្លាមៗគួរឱ្យរន្ធត់ នៅចំណុចច្រកចូលផ្សារបន្លែច្បារអំពៅ ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោពេញ ផ្សារ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលដួលប្រកាច់ស្លាប់កណ្តាលផ្សារខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាជនជាតិចិន និងមានមុខរបរជាចុងភៅ។

តាមប្រភពពីសាក្សី ដែលប្រទះឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈពេលជនរងគ្រោះកំពុងយួរបន្លែ បម្រុងដាក់លើម៉ូតូកង់បី ស្រាប់តែមិនដឹងជាយ៉ាងម៉េច ជនរងគ្រោះ ក៏ចាប់ផ្តើមទន់ជង្គង់ដួល ហើយប្រកាច់បាត់មាត់បាត់ក ធ្វើឱ្យភ្ញាក់ផ្អើល ហើយនាំគ្នាជួយរឹតដើមទ្រូងសង្គ្រោះបឋមដែរ តែអកុសល ជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។

លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានបញ្ជាក់ប្រាប់ថា បុរសរងគ្រោះខាងលើបានស្លាប់ដោយខ្យល់គរ។ ហើយបើតាមការ អះអាង ពីបងប្អូនអាជីវករលក់បន្លែនៅផ្សារច្បារអំពៅ បានប្រាប់ថា ជនរងគ្រោះជាជនជាតិចិន និងជាចុងភៅដែលតែងតែមកទិញ បន្លែយក ទៅធ្វើម្ហូបជារៀងរាល់ព្រឹក។ ចៃដន្យ ព្រឹកនេះបានខ្យល់គរស្លាប់នៅកណ្តាលផ្សារតែម្តង។

លោកយ៉ិន វុធ បញ្ជាក់ថា សពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់នៅវត្តពោធិព្រះបាត្រ ហៅវត្តច្បារអំពៅ មានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដើម្បីរងចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ មុននឹងប្រគល់ ទៅឱ្យតំណាងស្ថានទូត ដើម្បីចាត់ចែងបន្ត៕

RELATED ARTICLES