Sunday, July 13, 2025
Homeព័ត៌មានជាតិឃើញនិយាយទូរស័ព្ទ មួយសន្ទុះឮសូរប្រកែកគ្នា... សំណាងបានអ្នកជិតនោះបំបែកទាន់

ឃើញនិយាយទូរស័ព្ទ មួយសន្ទុះឮសូរប្រកែកគ្នា… សំណាងបានអ្នកជិតនោះបំបែកទាន់

ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់កំពុងឈរនិយាយទូរស័ព្ទជាមួយឪពុករបស់ខ្លួន  គាប់ជួនអ្នកក្បែរខាងកំពុងហូបបាយជុំគ្រួសារ ជជែកគ្នាឮៗពេក រំខានខ្លួននិយាយទូរស័ព្ទ ក៏ប្រាប់ថាកុំនិយាយឮពេក ជាហេតុធ្វើឱ្យកើតមានទំនាស់ ឈានដល់អំពើហិង្សា ត្រូវភាគីម្ខាងស្ទុះមកទះ១កំផ្លៀង ជាហេតុធ្វើឱ្យភាគីក្មេងស្រីរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួននារីជាជនបង្កទៅចាត់ការតាមច្បាប់។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលក់ចាប់ហួយ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ភាគីរងគ្រោះ មានឈ្មោះឈន់ នុតតាឆា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិ សង្កាត់កើតហេតុខាងលើ។ ចំណែកភាគីបង្កមានឈ្មោះសុន ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា (ផ្ទះជាប់របងគ្នា)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែនិយាយទូរស័ព្ទជាមួយឪពុករបស់ខ្លួននៅមុខផ្ទះ ពេលនោះជនសង្ស័យនិងម្តាយព្រមទាំងបងប្អូនកំពុងតែហូបបាយជជែកគ្នាលេងឮៗ ធ្វើឱ្យរំខានដល់ជនរងគ្រោះនិយាយទូរស័ព្ទ ក៏កើតជាទំនាស់ពាក្យសំដីដៀមដាមដាក់គ្នាទៅវិញទៅមក ធ្វើឱ្យជនសង្ស័យខឹងក៏បានស្ទុះទៅទះកំផ្លៀងជនរងគ្រោះ១ដៃ ចំថ្ពាល់ខាងឆ្វេង បណ្តាលឱ្យមានស្នាម រលាត់ស្បែកក្រោមខាងឆ្វេងបន្តិច ហើយត្រូវបានអ្នកនៅទីនោះ ឃាត់បំបែកចេញពីគ្នា។

បន្ទាប់មកជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចុះជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES