Saturday, July 12, 2025
Homeព័ត៌មានជាតិភរិយាឧកញ៉ាឌួង ឆាយ បញ្ជាក់ជាថ្មី មិនបកក្រោយ អស់ចិត្តស្រឡាញ់ គឺចប់

ភរិយាឧកញ៉ាឌួង ឆាយ បញ្ជាក់ជាថ្មី មិនបកក្រោយ អស់ចិត្តស្រឡាញ់ គឺចប់

ភ្នំពេញ ៖ ករណីការប្រកាសលែងលះគ្នា រវាងឧកញ៉ាឌួង ឆាយ និងភរិយា នោះ បើទោះបីជាមជ្ឈដ្ឋានមហាជនចង់ឲ្យអ្នកទាំងពីរផ្សះផ្សា ជានាគ្នាវិញ តែនៅពេលនេះ លោកស្រីដេត ម៉ាលីណា ជាភរិយារបស់ឧកញ៉ាឌួង ឆាយ បានបញ្ជាក់ជាថ្មីថា លោកស្រីមិនអាចបកក្រោយវិញទៅជួបរឿងដែលលាក់ទុកក្នុងចិត្ត១៣ឆ្នាំមុននោះបានឡើយ ដោយលោកស្រីថា ការសម្រេចចិត្តរបស់លោកស្រី គឺមានហេតុផលផ្ទាល់ខ្លួន ដូចដែលលោកស្រីបានបញ្ជាក់កន្លងទៅរួចមកហើយ ជាពិសេស អស់ចិត្តស្រឡាញ់ គឺចប់។

លោកស្រីដេត ម៉ាលីណា បានចែករំលែកឡើងវិញ (Share) នូវឃ្លីបវីដេអូដែលលោកស្រីបានផ្សាយផ្ទាល់​តាមទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បកស្រាយបំភ្លឺពីជំហរនិងហេតុផលដែលលោកស្រីប្រកាសលែងលះស្វាមី (ឧកញ៉ាឌួង ឆាយ) នោះ ដោយសំណូមពរមហាជនឈប់សុំឲ្យលោកស្រីត្រូវគ្នាជាមួយស្វាមីវិញនោះទៀតទៅ ព្រោះក្នុងវីដេអូនោះ លោកស្រីបានបកស្រាយល្មមនឹងយល់ហើយ ដ្បិតអីមានតែខ្លួនលោកស្រីផ្ទាល់ ទើបដឹងច្បាស់ អស់ចិត្តស្រលាញ់ គឺវាចប់ លោកស្រីមិនចងនិយាយអីច្រើនទៀតទេ។

ជាមួយនេះ លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា “សូមចិត្តពូមីង បងប្អូន ឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច១៣ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថា អាចមើលវីដេអូនាងខ្ញុំបកស្រាយនេះ វាល្មមនឹងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់ បានដឹងច្បាស់ អស់ចិត្តស្រលាញ់ គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ”។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា ភរិយាឧកញ៉ា ឌួង ឆាយ បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក ថាលោកស្រីនិងឧកញ៉ាឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលសឹងមិនគួរជឿ។

លោកស្រី ដេត ម៉ាលីណា សរសេរនៅពេលនោះថា “សូមពូមីង បងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អ៊ីចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនឹងឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ សូមអរគុណ…”។

បន្ទាប់មក នៅរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកស្រី បន្ថែមថា «ខ្ញុំមិនស្ដាយក្រោយនឹងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលើមនុស្សខុស អ្នកដទៃមើលមកអ្នកជាមនុស្សបែបណា មិនសំខាន់ទេ អ្វីដែលសំខាន់ អ្នកធ្វើខ្លួនបែបណាឲ្យគេមើល។ ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង»។

បន្ទាប់មកទៀត នៅរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា បានចេញមុខទម្លាយការពិតស្តីពីមូលហេតុនៃការសម្រេចចិត្តលែងប្តីដែលមានងារជាឧកញ៉ានេះ ដោយលោកស្រីបានបញ្ជាក់ថា លោកស្រីទ្រាំរស់ឱបទុក្ខ រងសម្ពាធផ្លូវចិត្តពីស្វាមី អស់១៣ឆ្នាំ មកហើយ ទើបពេលនេះ សម្រេចឈប់ទ្រាំតទៅទៀត ដោយលោកស្រីបានប្រៀបធៀបចំណងអាពាហ៍ពិពាហ៍របស់លោកស្រីនិងស្វាមី មិនខុសពីកែវដែលប្រេះស្រាំ រហូតបែកខ្ទេច នៅពេលនេះ មិនអាចផ្សះផ្សាបានឡើយ។

លោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ៣០នាទី រៀបរាប់បំភ្លឺពីមូលហេតុដែលលោកស្រីសម្រេចចិត្តលែងលះស្វាមីថា “ជាដំបូង នាងខ្ញុំសូមជម្រាបសួរ ពូមីង បងប្អូនទាំងអស់គ្នា! ដូចខ្ញុំនិយាយអ៊ីចឹង គឺពូមីង បងប្អូនជាច្រើន គឺគាត់បារម្ភ លើកទឹកចិត្តខ្ញុំ ហើយក៏សូមអរគុណច្រើន ចំពោះការលើកទឹកចិត្ត អ្នកខ្លះគាត់និយាយមកល្អសម្រាប់ខ្ញុំ តែអ្នកខ្លះទៀត គាត់និយាយទៅអីផ្សេង ដោយខ្លះថា អ្វីដែលខ្ញុំផុសហ្វេសប៊ុក ថាខ្ញុំបានលែងលះគ្នាហ្នឹង គឺដោយសារខ្ញុំចង់ល្បី។ មួយទៀតគឺបញ្ហាផ្សេងៗ គឺខ្ញុំជាមនុស្សអាក្រក់ មិនមែនជាប្រពន្ធល្អ បានយកលេសលែងប្តី ពេលដែលគាត់កំពុងតែល្អ។

អីចឹងអ្វីដែលខ្ញុំកំពុងតែធ្វើនេះ គឺចង់និយាយថា អារម្មណ៍ខ្ញុំគឺពិបាកណាស់ ខ្ញុំជឿថា អ្នកដែលធ្លាប់ជួបរឿងអ៊ីចឹង គឺគាត់ពិតជាយល់អារម្មណ៍មនុស្សស្រីថា វាបែបណា បានដល់ថ្នាក់យើងត្រូវផុសហ្វេសប៊ុក អ៊ីចឹង។ ឥឡូវខ្ញុំបកស្រាយចំណុចទី១ គឺមានន័យថា គឺខ្ញុំផុសហ្វេសប៊ុក រឿងខ្ញុំលែងគ្រួសារខ្ញុំ តាមធម្មតា តាមពិត បើខ្ញុំជាមនុស្សលក្ខណៈថា ពូមីង បងប្អូនអត់ស្គាល់ ចង់និយាយថា ទៅណាក៏គេអត់ស្គាល់ អត់ដឹង ខ្ញុំជាមួយគ្រួសារខ្ញុំហ្នឹង គឺគេអត់ស្គាល់ គឺខ្ញុំអត់ចាំបាច់ផុសហ្វេសប៊ុក ឱ្យគេដឹងទេ គឺខ្ញុំគ្រាន់តែលែងគ្នា ដាក់ទៅតុលាការ ឱ្យមេធាវីធ្វើការទៅ គឺបានហើយ។

មូលហេតុដែលខ្ញុំផុសហ្វេសប៊ុក ហ្នឹង គឺចង់ឱ្យជាក់លាក់ថា ចង់ឱ្យពូមីងបងប្អូនទាំងអស់គ្នា ជួយដឹងឮថា ខ្ញុំជាមួយនឹងគាត់ គឺអត់មានបានពាក់ព័ន្ធអីគ្នាតទៅទៀតទេ ហើយមូលហេតុ ដែលខ្ញុំចង់ឱ្យគេដឹងថា អត់មានអីពាក់ព័ន្ធ គឺមូលហេតុមួយថា រឿងគាត់ជាមួយក្រុមគ្រួសារគាត់ គឺអត់មានពាក់ព័ន្ធអីជាមួយខ្ញុំទៀតទេ ហើយគាត់ទៅធ្វើអីខុស ឬធ្វើអីត្រូវក៏ដោយ គឺខ្ញុំអត់ចង់ដឹងឮរឿងគាត់តទៅទៀតទេ។

ចំពោះខ្ញុំដូចគ្នា គឺជីវិតខ្ញុំ អ្វីដែលខ្ញុំធ្វើ គឺអត់មានពាក់ព័ន្ធជាមួយគាត់តទៅទៀតទេ ព្រោះខ្ញុំគឺជាបុគ្គលម្នាក់ដែលថា ពូមីង បងប្អូនស្គាល់ច្រើន អ៊ីចឹងដឹងថា ខ្ញុំជាគ្រួសាររបស់គាត់  អ៊ីចឹងបើសិនជាខ្ញុំអត់ផុសហ្វេសប៊ុក គ្រាន់តែខ្ញុំលែងទេ អ៊ីចឹងគឺអ្វីដែលគាត់ធ្វើ នៅតែគេយកមកនិយាយប្រាប់ខ្ញុំ អ៊ីចឹងខ្ញុំអត់ចង់ដឹងឮបន្តទៀតទេ អ៊ីចឹងខ្ញុំចង់ច្បាស់លាស់ថា អ្វីដែលខ្ញុំ ជាមួយគ្រួសារខ្ញុំ គឺបានលែងគ្នាដាច់ស្រេចហើយ ពីព្រោះនៅពេលដែលឮរឿងអត់ល្អៗមកដល់ខ្ញុំ គឺខ្ញុំអត់សប្បាយចិត្ត អ៊ីចឹងគឺត្រូវ ព្រោះមនុស្សខ្ញុំច្បាស់លាស់ ប្រសិនបើយើងលែងគ្នា អត់មានអីត្រូវលាក់ទេ គ្រាន់តែប្រាប់ថា អូខេ ខ្ញុំ ២នាក់គាត់ ពិតជាបានលែងគ្នាមែន ដើម្បីកុំឱ្យមានអ្វីទាក់ទងគ្នា ឬមានការយល់ច្រឡំអីថា ខ្ញុំជាមួយគាត់ នៅជាប្តីប្រពន្ធនឹងគ្នា។

អ្វីដែលខ្ញុំបកស្រាយទៅលើអ្នកដែលចោទខ្ញុំថា ខ្ញុំចង់ល្បី ឬក៏ចង់ហែករឿងគ្រួសារឱ្យគេដឹង គឺអត់ទេ ខ្ញុំគឺជាមនុស្សម្នាក់ដែលសាមញ្ញ ខ្ញុំចូលចិត្តអីដែលធម្មតាៗ ដូចពូមីង បងប្អូនបានឃើញ ពេលខ្ញុំ ឡាយ គឺខ្ញុំអត់សូវប៉ិននិយាយអីទេ រាល់ពេលដែលខ្ញុំឡាយ គឺឡាយតែពីរឿងផលិតផលខ្ញុំលក់ទេ ប្រសិនបើឱ្យខ្ញុំនិយាយអីផ្សេង គឺខ្ញុំអត់សូវប៉ិននិយាយដូចគេទេ អ៊ីចឹងជាមូលហេតុដែលខ្ញុំផុសលែងគ្នា…”។

លោកស្រីដេត ម៉ាលីណា​ បន្តថា “… អ៊ីចឹងមូលហេតុអ្វីដែលខ្ញុំឈានដល់រាល់ថ្ងៃហ្នឹង គឺខ្ញុំបែកបាក់ ព្រោះមនុស្សម្នាក់ៗ យើងត្រូវការទាំង២នាក់ ល្អទាំងអស់គ្នា បើសិនជាល្អតែម្ខាង គឺទៅអត់រួចទេ ដូចថា លើហើយនិងក្រោមអ៊ីចឹង សង្កត់ៗយូរទៅ ឧទាហរណ៍ថា កែវចុះ ម្នាក់ៗចាំតែបោកទេ ដូចថាខាងប្តី ចាំតែបោកកែវហ្នឹងទេ ហើយខាងប្រពន្ធ ចាំតែយកកាវទៅបិទលើកន្លែងដែលគាត់ធ្វើឱ្យយើងប្រេះឆា ដូចថា ស្នាមម្តងតិចៗ ស្រាំទេ តែគាត់ប្រឹងកម្ទេចៗទៅ អ៊ីចឹងកាវដែលខ្ញុំបិទហ្នឹង យូរៗទៅវាស្រាំ យូរៗទៅអស់កន្លែងនឹងបិទកាវសម្រាប់ជាប់ទៀតហើយ។ អ៊ីចឹងបានរាល់ថ្ងៃហ្នឹង ខ្ញុំឈានដល់រហូតដល់បែកបាក់គ្នា ដូចនិយាយអ៊ីចឹង ខ្ញុំប្រឹងណាស់ ប្រឹងយកកាវហ្នឹងទៅបិទ រយៈពេល ១៣ឆ្នាំហើយ ពូមីង បងប្អូន ពាក្យហ្នឹង មានអារម្មណ៍ថា ខ្ញុំតស៊ូមែនទែន ពូមីង បងប្អូន ដឹងថា អារម្មណ៍ឈឺចាប់នៃការបែកកែវហ្នឹង វាខ្លាំងប៉ុនណាហើយ បានយើងឈានដល់ការបែកបាក់ ព្រោះខ្ញុំអត់ចង់និយាយរឿងច្រើនដែលជាក់លាក់ ដូចគេនិយាយថា ម៉េចចង់ឱ្យគេឃើញរឿងក្នុងគ្រួសារមែន?

ខ្ញុំអត់ចង់ឱ្យគេដឹងទេ ខ្ញុំជាមនុស្សប្រភេទមួយដែលមិនចេះនិយាយច្រើន បរិយាយច្រើន ហើយសម្តែងច្រើន គឺខ្ញុំអត់ចេះទេ គឺខ្ញុំមិនមែនថា ខ្ញុំជាមនុស្សល្អដែរ តែខ្ញុំជាមនុស្សដែលនិយាយអ្វីពិត ការរស់នៅពិត គឺខ្ញុំនិយាយ ខ្ញុំទ្រាំបានប៉ុនណា គឺខ្ញុំធ្វើប៉ុណ្ណឹង»។

លោកស្រី ដេត ម៉ាលីណា បន្តថា «អ៊ីចឹងគឺខ្ញុំនិយាយបន្ត គឺប្តីប្រពន្ធ ត្រូវការល្អជាមួយគ្នាទៅវិញទៅមកទាំងសងខាង ហើយអ៊ីចឹងមូលហេតុដែលខ្ញុំមិនអាចនៅជាមួយគ្រួសារខ្ញុំបាន គឺអ្វីដែលខ្ញុំបកស្រាយនេះ មិនមែនដើម្បីឱ្យពូមីង បងប្អូន ចោទប្រកាន់ខ្ញុំ ឬក៏ប្រកាន់គាត់ លើសលស់ទាំងសងខាង មិនមែនខ្ញុំនិយាយហ្នឹង យកខ្ញុំល្អ ខ្លួនខ្ញុំ ខាងគ្រួសារខ្ញុំល្អ ឬក៏អាក្រក់អីទេ គឺខ្ញុំនិយាយមក នៅកណ្តាល ដើម្បីឱ្យការចប់នេះ ចប់ដោយសន្តិវិធី ហើយដោយអត់មានអ្នកណានិយាយថា ខ្ញុំអ៊ីចេះ គ្រួសារខ្ញុំអ៊ីចុះ អត់ទេ និយាយមកថាស្មើ ពាក្យដែលខ្ញុំនិយាយនេះ គឺជាការពិត។ អ៊ីចឹងពូមីង បងប្អូន អាចយកទៅនិយាយបន្តបាន កុំឱ្យឥឡូវនេះ គាត់ចោទខ្ញុំថា យកលេស បានលុយពីគ្រួសារខ្ញុំហ្នឹងច្រើនហើយ អ៊ីចឹងខ្ញុំយកលេសទៅមានអ្នកទី៣ ឬក៏មួយទៀត គាត់ចោទថា ខ្ញុំហ្នឹងអត់ចេះគិតដល់កូនសោះ ម៉េចក៏រឿងតិចតួច មិនអាចលើកលែង? អ៊ីចឹងខ្ញុំលើកឧទាហរណ៍មិញហើយ គ្មានមនុស្សស្រីណា ចង់លែងប្តីដែលជាឧកញ៉ាទេ ខ្ញុំនិយាយតែប៉ុណ្ណឹង គឺពូមីង បងប្អូនដឹងច្បាស់ហើយ ហើយខ្ញុំលែងនេះ គឺខ្ញុំទ្រាំនឹងគាត់ ១៣ឆ្នាំហើយ។

អ៊ីចឹងដូចខ្ញុំនិយាយអារម្មណ៍ខ្ញុំ ជាមួយនឹងកែវដែលបែកចុះ គឺគាត់កម្ទេចកែវហ្នឹង រយៈពេល ១៣ឆ្នាំហើយ តែខ្ញុំប្រឹងដាក់កាវតែម្នាក់ឯងទេ អ៊ីចឹងកែវហ្នឹង ឥឡូវអស់កន្លែងត្រូវដាក់កាវចូលហើយ អ៊ីចឹងដល់ថ្ងៃហ្នឹង បានពូមីង បងប្អូនទាំងអស់គ្នា បានដឹងថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ មិនមែន ១០០ភាគរយទេ គឺ ១០១ភាគរយ គឺខ្ញុំជាមួយគាត់ មិនអាចរួមរស់ជាមួយគ្នាតទៅទៀតទេ គឺពិតជាបែកគ្នាមែនទែន ព្រោះប្រសិនជាបន្តនៅ គឺវាមិនមែនពិបាកតែខ្ញុំទេ គឺពិបាកទាំងកូន គឺសតិអារម្មណ៍ធម្មតា ពេលរស់នៅជាមួយគ្នា ពេលពិបាកផ្លូវចិត្តទៅ គឺទាំងគ្រួសារខ្ញុំ ទាំងខ្ញុំ ពេលឃើញមុខគ្នាអត់សប្បាយចិត្ត ហើយវាអាចធ្វើឱ្យកូនឃើញ

អ៊ីចឹងមិនមែនប្រាកដថា ការលែងលះគ្នា ធ្វើឱ្យកូនពិបាកទេ ចុះបើសិនជាយើងលែងលះគ្នាដោយស្រួល អ៊ីចឹងការជួបមុខកូន ជាការធម្មតា គ្រាន់បើជាងយើងរស់នៅជាមួយគ្នាប្រចាំថ្ងៃហើយ យើងប្រកែកគ្នា ឬក៏សតិអារម្មណ៍ម្នាក់ៗអត់សប្បាយចិត្ត ម្នាក់ៗអត់មានកម្លាំងទៅរកការងារធ្វើ នាំតែប៉ះពាល់ដល់សតិអារម្មណ៍កូនទេ អ៊ីចឹងខ្ញុំអត់ចង់ឱ្យកូនខ្ញុំទទួលអារម្មណ៍ហ្នឹងទេ អ៊ីចឹងខ្ញុំចង់ឱ្យកូនស្រស់ថ្លា ខ្ញុំអត់ចង់ទទួលអារម្មណ៍ពិបាកចិត្តបន្តទៀត ហើយក៏អត់ចង់ឱ្យគ្រួសារខ្ញុំ ធ្វើអ៊ីចឹងលើខ្ញុំតទៀត ហើយក៏អត់ចង់ឱ្យគាត់មកពិបាកជាមួយខ្ញុំទៀតដែរ

ព្រោះពួកខ្ញុំ ២នាក់ គឺមានអត្តចរិតផ្សេងគ្នា គោលការណ៍ផ្សេងគ្នា ហើយខ្ញុំទ្រាំ ១៣ឆ្នាំនេះ គឺខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់បានប្តីអ៊ីចេះ ដូចខ្ញុំនិយាយដដែលៗអ៊ីចឹងថា ចង់បានគ្រួសារល្អ ទាល់តែទាំង២នាក់ គឺគាត់យល់ស្របថា ពួកគាត់គ្រប់គ្រាន់ហើយ ស្រលាញ់គ្រួសារជាងខ្លួនឯង អត់ស្រលាញ់លុយ អំណាច មុខរបរអីហ្នឹងច្រើនជាងពេលវេលាជាមួយប្រពន្ធកូនទេ ហើយជាពិសេស គឺការក្បត់ គឺសំខាន់បំផុត ស្រលាញ់ស្មោះ បើខាងស្រីស្មោះ ខាងប្រុសក៏ត្រូវស្មោះដែរ អ៊ីចឹងមិនមែនខាងស្រីស្មោះឡើង ១៣ឆ្នាំ ខាងប្រុសអង្គុយតែក្បត់ ១៣ឆ្នាំដែរ អ៊ីចឹងការលើកលែងទោស ក៏មានកំណត់ដែរ ដែលខ្ញុំឧទាហរណ៍បែបនេះ អ៊ីចឹងពូមីង បងប្អូន ដឹងច្បាស់ហើយ កំហុសម្តង យើងលើកលែងឱ្យបាន តែបើកំហុសចូល ១០០ដងហើយ គឺគ្មានអ្នកណាលើកលែងទោសឱ្យយើងបានទេ គឺដូចខ្ញុំនិយាយអ៊ីចឹង កែវវាបែកច្រើនពេក អ៊ីចឹងអស់ហើយ អត់អាចរស់នៅទៀត

ព្រោះខ្ញុំរស់នៅ ១៣ឆ្នាំហ្នឹង គឺខ្ញុំរស់នៅដោយសារកូនតែម្តង ព្រោះបើអត់កូនទេ ដូចអត់មានមនុស្សស្រីណាចង់រស់នៅដោយទឹកភ្នែកទេ ត្រូវអត់? គ្មានអ្នកណាចង់គេងដោយទឹកភ្នែក ឬក៏ពិបាកចិត្តទេ មែនអត់? អ៊ីចឹងសូមទាំងអស់គ្នាយល់ អត់មានខ្ញុំឯណាទៅលែងប្តីឋានៈជាឧកញ៉ាទេ ព្រោះមូលហេតុដូចខ្ញុំនិយាយអ៊ីចឹង គឺការរស់នៅ ខ្ញុំជាមួយគាត់ អត់ចុះសម្រុងគ្នា គឺគាត់ផ្សេង ខ្ញុំផ្សេង ហើយពិសេស គឺកំហុសដដែលៗ គឺគាត់គាបសង្កត់ ធ្វើដាក់ខ្ញុំដដែលជាដដែល អ៊ីចឹងគ្មានអ្នកណាគេអាចលើកលែងទោសឱ្យគាត់បានទេ។

អូខេ! លើកលែងទោសហើយ គឺគួរតែមនុស្សហ្នឹងឈប់ប្រព្រឹត្តបែបនេះតទៅទៀត ខ្ញុំអត់ចង់និយាយថា គាត់ធ្វើអីៗទេ ខ្ញុំគ្រាន់តែឧទាហរណ៍ថា ធ្វើខុសហើយ មិនអាចធ្វើម្តងទៀតលើខ្ញុំអ៊ីចឹងទេ ហើយគិតមើល រយៈពេល ១៣ឆ្នាំហើយ ដែលខ្ញុំលើកលែងទោសឱ្យគាត់ ពូមីង បងប្អូន គួរតែយល់ហើយថា តើផ្លូវចិត្តខ្ញុំ ខ្ញុំទ្រាំប៉ុនណា ដើម្បីកូន ដើម្បីខ្លួនខ្ញុំផ្ទាល់ ព្រោះពេលធ្លាក់ខ្លួនជាមេម៉ាយ មានអ្នកខ្លះគេមើលងាយ ព្រោះគាត់ពេលខ្លះ ជាស្រីមេម៉ាយដែលអត់ចេះ អត់រឹងមាំខ្លួនឯង ហើយគាត់អត់ត្រៀមផ្លូវចិត្តថា គាត់បាត់បង់ប្តីហើយ អ៊ីចឹងគឺគាត់អាចកើតជំងឺបាក់ទឹកចិត្ត ជួនកាលអ្នកខ្លះ ប្តីគាត់មានស្រី ទៅចោលគាត់បាត់ អ៊ីចឹងគាត់មេម៉ាយហើយ ប្តីគាត់មានស្រី ហើយចិត្តគាត់នៅស្រលាញ់ប្តីគាត់ គឺពិបាកចិត្តខ្លាំងណាស់ អ៊ីចឹងគឺខ្ញុំទទួលស្គាល់អារម្មណ៍ហ្នឹង

ប៉ុន្តែឥឡូវហ្នឹង ខ្ញុំពិបាកចិត្ត មិនមែនថា ខ្លាចប្តីខ្ញុំទៅមានអ្នកថ្មី ឬមានអីទេ គឺខ្ញុំពិបាកចិត្ត ដូចខ្ញុំផុសហ្វេសប៊ុក អ៊ីចឹង គឺខ្ញុំស្តាយពេលវេលា ១៣ឆ្នាំ ដែលខ្ញុំចំណាយលើមនុស្សខុស។ ខុសហ្នឹងលក្ខណៈម៉េច? គឺដោយសារខ្ញុំគិតថា គាត់អត់ធ្វើអ៊ីចឹងដាក់ខ្ញុំទេ អត់មានថ្ងៃហ្នឹងសម្រាប់ខ្ញុំទេ ព្រោះខ្ញុំគិតមើលទៅ លះបង់ច្រើនណាស់សម្រាប់ខ្ញុំផ្ទាល់…”៕

RELATED ARTICLES