ពេជ្រ សោភា ហាក់ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលជនខិលខូចមួយចំនួន បានយករូបនាងទៅដាក់បោកបញ្ឆោតអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែករណីនេះ ត្រូវបានពេជ្រ សោភា ប្រកាសឲ្យអ្នកប្រើប្រាស់ទាំងអស់ ប្រុងប្រយ័ត្ន។
អ្នកនាងពេជ្រ សោភា បានបង្ហោះសារថា “សូមបងប្អូនប្រុងប្រយ័ត្នចំពោះជនខិលខូចដែរបានបង្កើតផេកក្លែងក្លាយ ដោយដាក់រូប និងឈ្មោះដូចខ្ញុំ យកទៅលេង game បានរង្វាន់។ សូមប្រយ័ត្នទាំងអស់គ្នា”។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសប្រាប់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមថា “សូមមានការប្រុងប្រយ័ត្ន! ជនខិលខូចបានប្រើរូបភាពតារាល្បីៗដើម្បីបោកបញ្ឆោត

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរយើង។

នៅក្នុងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយនេះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យបញ្ចូល អុីម៉ែល លេខសម្ងាត់ ដើម្បីបង្កើតគណនីមើលវីដេអូ និងបញ្ចូលលេខប័ណ្ណឥណទានដើម្បីបញ្ជាក់អត្តសញ្ញាណ។

បន្ទាប់ពីបានលេខប័ណ្ណឥណទានហើយជនខិលខូចបានប្រើពាក្យពេជន៏បន្ថែមដោយអះអាងថា ទូរសព្ទរបស់លោកអ្នកត្រូវបានវាយប្រហារ គណនីនិងទិន្នន័យនៅក្នុង iCloud អាចត្រូវបានលួច និងទូរសព្ទអាចត្រូវឈប់ដំណើរការ ដើម្បីឱ្យលោកអ្នកបញ្ចូលកម្មវិធីបន្ថែម។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿនូវការផ្សព្វផ្សាយឈ្នះរង្វាន់ ឬរកប្រាក់បានងាយៗនោះ។

សូមលោកអ្នកកុំផ្ដល់លេខប័ណ្ណឥណទាន ឬលេខគណនីធនាគារ និងកុំបញ្ចូលកម្មវិធីបន្ថែមតាមការបំភិតបំភ័យរបស់ជនខិលខូច ព្រោះនេះជាការបំភ័យដើម្បីឱ្យលោកអ្នកដំឡើងកម្មវិធីមេរោគដែលអាចឱ្យពួកគេធ្វើការវាយប្រហារពិតប្រាកដទៅលើទូរសព្ទរបស់លោកអ្នកវិញតែប៉ុណ្ណោះ៕