ភ្នំពេញ ៖ លោកស្រីឧកញ៉ា អ៊ាន ស៊ីវម៉ី ដែលគេចខ្លួន ពេលសមត្ថកិច្ចឡោមព័ទ្ធវីឡា ដើម្បីនាំខ្លួនតាមដីការបស់តុលាការ កាលពីថ្ងៃទិ២៦ ខែមករា ឆ្នាំ២០២១ នោះ បានចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រួចតុលាការបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួននោះទេ។

ចំណែកមហាជនជាច្រើនមានចម្ងល់ថា តើអ្នកណាប្តឹងឧកញ៉ា សៀវ ម៉ី ឡើងតុលាការ? នៅពេលនេះ មហាជនប្រាកដជាដឹងច្បាស់អ្នកប្តឹងឧកញ៉ាសៀវ ម៉ី ឡើងតុលាការ គឺឧកញ៉ា ទ្រី ដាណា។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន ស៊ីវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបុរីមូនថោន ស្ថិតក្នុងភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្តឹងបរិហារកេរ្តិ៍នោះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។

សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីចាប់ខ្លួនជនត្រូវចោទ យកមកប្រគល់ជូនចៅក្រមស៊ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការសាកសួរ និងចាត់បន្តតាមនីតិវិធី។
តាមការបង្ហើបពីមន្ត្រីនគរបាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោកស្រីឧកញ៉ា អ៊ាន ស៊ីវម៉ី ដែលជាម្ចាស់វីឡា ខាងលើ មានរឿងបរិហារកេរ្តិ៍ ទៅលើលោកជំទាវមានឥទ្ធិពលចំនួន ២រូប ហើយត្រូវបានលោកជំទាវទាំង ២រូបនោះ ដាក់ពាក្យប្តឹង ទៅកាន់ នគរបាលក្រសួងមហាផ្ទៃ។ រហូតដល់សំណុំរឿងធ្លាក់ដល់ដៃតុលាការ ទើបមានដីកាកោះអញ្ជើញលោកស្រីឧកញ៉ា អ៊ាន ស៊ីវម៉ី ឱ្យចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញជាច្រើនលើក ប៉ុន្តែសាម៉ីខ្លួន មិនព្រមចូល ទើបពេលនេះ ឈានដល់ដីកានាំខ្លួនតែម្តង។

ប៉ុន្តែ មុនពេលឈានដល់ការចុះនាំខ្លួននេះ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គេឃើញលោកស្រីឧកញ៉ា អ៊ាន ស៊ីវម៉ី ចូលទៅបំភ្លឺចំពោះមុខតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មុនដីកាកោះ ១ថ្ងៃ គឺដីកាកោះ ឲ្យចូលបំភ្លឺ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ដោយឡែក ជុំវិញការចូលទៅបំភ្លឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នោះ នៅពេលចេញពីតុលាការ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី មិនផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានទេ ដោយគ្រាន់តែឆ្លើយថា «កុំសួរខ្ញុំ កុំប៉ះខ្ញុំ ខ្ញុំមានផ្ទៃពោះ» ហើយក៏ឡើងរថយន្តទំនើបដែលបញ្ឆេះចាំជាស្រេច ចេញទៅបាត់តែម្តង។

យ៉ាងណា នៅល្ងាចថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារថា “មួយជីវិតនេះខ្ញុំស្អប់ណាស់អាជម្ងឺចាក់រុក និងអាពួកត្រចៀកស្រាល ហើយអាជម្ងឺយល់ច្រលំ និងអាជំងឺ ខ្វះការពិចារណា អាជំងឺទាំងនេះហើយដែលនាំឲ្យមនុស្សយើងស្អប់គ្នានឹងធ្វើឲ្យបែកបាក់គ្នាដោយមិនដឹងខ្លួន ខ្ញុំបួងសួង សុំអោយអំណាចនៃអំពើល្អ ដែលខ្ញុំបានធ្វើកន្លងមកហើយនេះជួយតាមថែរក្សា ការពារក្រុមគ្រួសារខ្ញុំ កូនប្រុស ជាពិសេសកូនស្រីខ្ញុំ ឲ្យមានសុខភាពល្អ និងឲ្យបានជោគជ័យក្នុងការរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និង រកសុីមានបាន ជៀសផុតពីគ្រោះ ក្លាយជាលាភជ័យផងចុះ”។

ភ្លាមនោះ មហាជនបានឃើញ លោកជំទាវ ទ្រី ដាណា បាន Share អមជាមួយពាក្យពេចន៍ថា “ពិតណាស់ជំទាវមិង ខ្ញុំធ្លាប់រងភាពអយុត្តិធម៌គេជេរប្រមាថខ្ញុំហើយគេដៀមដាមផ្លែផ្កាខ្ញុំហើយខ្ញុំជេគេវិញឡើយខ្ញុំសុខចិត្ត រត់រកផ្លូវច្បាប់ខ្ញុំសង្ឃឹមលើច្បាប់ទាំងស្រុង ជាអ្នករកយុត្តិធម៌ឲ្យរូបខ្ញុំ ដូច្នេះខ្ញុំអស់ចិត្តហើយបើសិនជាខ្ញុំទទួលបានភាពយុត្តិធម៌ ប៉ុន្តែបើខ្ញុំរងនូវភាពអយុត្តិធម៌ខ្ញុំពុំសុខចិត្តនោះឡើយសុំឲ្យអំពើល្អដែលខ្ញុំបានសាងកន្លងមក ជួយខ្ញុំឲ្យខ្ញុំរកបាននូវភាពយុត្តិធម៌មកវិញផងចុះ”។

នៅល្ងាចថ្ងៃទី២៩ ខែមករា ដដែលនោះ លោកឧកញ៉ា ទ្រី ដាណា បានបង្ហោះសារជាមួយវីដេអូឧកញ៉ាអ៊ាន ស៊ីវម៉ី ថា “ជេគេសាហាវណាស់ តើអ្នកណាយល់អារម្មណ៍មួយនេះ មើលហើយពិចារណាផងបងប្អូន ខ្ញុំតំណាងឲ្យសមាជិកក្នុងដៃជាង7មុីននាក់ រង់ចាំការសំរេចពីតុលាការរកយុត្តិធម៌ឲ្យខ្ញុំ”។

ដោយឡែក នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានបង្ហោះបន្ថែមថា “ខ្ញុំសង្ឃឹមលើតុលាការរកយុត្តិធម៌ឲ្យខ្ញុំ ព្រោះខ្ញុំមិនចេះជេរតវិញទេ ខ្ញុំចេះតែរកច្បាប់មកដោះស្រាយ” ៕