តារាកូន១ ពេជ្រ សូលីកា ក្រោយមានប្ដីនិងកូន១នេះ ធ្វើឲ្យទីផ្សារចម្រៀងរបស់នាងកាន់តែចុះខ្សោយទៅៗ រហូតពិបាកស្ដារមុខ ព្រោះថា ពេលនេះតារាចម្រៀងផ្នែកយុវវ័យដែលកំពុងតែប្រជែងទីផ្សារគ្នាខ្លាំងក្លា គ្មានសូលីកា ដូចមុនទៀតឡើយ។

ទោះជាយ៉ាងណា ការស្ងប់ស្ងាត់ក្រោយសម្រាលកូននេះ មិនមែនតែសូលីកា ម្នាក់នោះទេ ពោលគឺតារារួមទ្រនំ អ្នកនាងឱក សុគន្ធកញ្ញា សុទ្ធតែស្ងាត់ដូចគ្នាតែម្ដង ដោយសារតែនៅសរសៃខ្ចីផង និងកូវីដ-១៩ មិនទាន់រលត់ផង ទើបធ្វើឲ្យម្នាក់ៗនៅទ្រឹងដូចគ្នា លែងមានបទល្បីៗទៀត។

ចំណែកពេជ្រ សូលីកា វិញ ក្រោយមានកូន១នេះ នាងបានឡើងច្រៀងសម្ដែងនៅឆាកតន្រ្ដីហង្សមាស ជាញឹកញាប់ ប៉ុន្ដែមិនមានបទចម្រៀងណាមួយគួរឲ្យចាប់អារម្មណ៍ដូចមុនឡើយ ខណៈដែលហង្សមាស បានរុញនាងឲ្យទៅសម្ដែងភាពយន្ដរឿង ”អាពាហ៍ពិពាហ៍ចៃដន្យ” និងភាពយន្ដផ្សេងទៀត ប៉ុន្ដែនៅតែមិនអាចធ្វើឲ្យសូលីកា លេចធ្លោបានឡើយ។

ថ្វីត្បិតតែទីផ្សារចម្រៀងនៅហង្សមាស របស់ពេជ្រ សូលីកា កាន់តែចង្អៀតមែន ប៉ុន្ដែក្រោយសូលីកា បានភ្ជាប់បាក្យជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នោះមក សូលីកា បានស្គាល់នូវអ្វីដែលជាស្នេហ៍ពិត ហើយកប់ចោលស្រមោលស្នេហ៍ដ៏ខ្មៅងងឹត នាអតីតកាលបន្ដិចម្ដងៗ រហូតដល់បាត់ដានអស់។

ប៉ុន្ដែគម្រោងដឹកដៃប្ដីចូលរោងការនៅឆ្នាំ២០២១ នេះ សូលីកា នៅតែមិនទាន់កំណត់ថ្ងៃជាក់លាក់ឡើយ ខណៈដែលមានពេលខ្លះ នាងគេងយំតែម្នាក់ឯង ព្រោះតែនឹកស្រណោះដល់ម្ដាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង ដែលបានសម្លាប់គូស្នេហ៍ភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ត្រូវប្រឈមជាប់គុកអស់១ជីវិត។

យ៉ាងណា គេឃើញតារាកូន១ សូលីកា នៅតែបង្ហាញភាពហ៊ឺហាតាមរយៈការជិះរថយន្ដទំនើប៣គ្រឿង ឆ្លាស់គ្នា មានដូចជា Porsche, BMW និង Range Rover ៕

