ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ខឹងប្តីចុះចោលផ្ទះស្ងាត់បាត់ដំណឹងអស់រយៈពេលជាង៦ឆ្នាំ ទើបដាក់ពាក្យបណ្តឹងមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទផិតក្បត់ និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តីដាក់គុក ទាំងកំពុងមានជំងឺធ្ងន់។
ករណីនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តី មកកាន់តុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយលោកស្រីហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមផ្តន្ទាទោសបុរសជាប្តីនេះ ដាក់ពន្ធនាគារ៤ខែ គិតពីថ្ងៃឃុំខ្លួន (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១) ដោយមិនមានការព្យួរទោសឡើយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនជាប់ចោទ មានឈ្មោះបាន សារ៉េត អាយុ៦២ឆ្នាំ មុខរបរគួកជេដី មានទីកន្លែងកំណើតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង បច្ចុប្បន្នមានលំនៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ឈ្មោះបាន សារ៉េត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាប់ខ្លួនដល់ផ្ទះតែម្តង នាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកជិតខាង ក្នុងបុរីពិភពថ្មី ក្រុងតាខ្មៅ។
គួរបញ្ជាក់ថា ជនជាប់ចោទ បាន សារ៉េត ជាប់ចោទពីបទអំពើផិត តាមមាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យ ឈ្មោះបាន សារ៉េត ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់។ លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកស្រី ហេង ផល្លា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន និងកំណត់ថ្ងៃសវនាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ដល់ថ្ងៃកំណត់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយការសួរដេញដោល និ ការសន្និដ្ឋានរបស់តំណាងអយ្យការ លោកស្រីចៅក្រម ហេង ផល្លា បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះបាន សារ៉េត ដាក់ពន្ធនាគារ រយៈពេល ៤ខែ ដោយគ្មានការព្យួរទោសឡើយ។

យោងតាមលិខិតបញ្ជាក់សុខភាព បង្ហាញថា ឈ្មោះបាន សារ៉េត មានអាការជំងឺ ដូចជា ទឹកនោមផ្អែម លើសសម្ពាធឈាម ចុកពោះ និងធ្លាប់មានប្រវត្តិវះកាត់ប្រមាត់ ទៀតផង។
តាមការបញ្ជាក់ពីជនជាប់ចោទ គឺខ្លួននឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌ ខណៈខ្លួនបានចាកចោលផ្ទះ ជាង៦ឆ្នាំ មកហើយ និងមិនមែនជាបទល្មើសជាក់ស្តែងនោះឡើយ ស្រាប់តែមានឃាត់ខ្លួន ទាំងខ្លួននៅមានជំងឺធ្ងន់។

ពេលដើរចេញបន្ទប់សវនាការ ជនត្រូវចោទ លោកសំណូមពរឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តារកយុត្តិធម៌ជូនលោកផង។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធ និងជាដើមបណ្តឹង បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕