Saturday, July 12, 2025
Homeព័ត៌មានជាតិកញ្ញាវី ឌីណែត នៅតែថាមិនទាន់ច្បាស់លាស់ អត់ហ៊ានប្រថុយ

កញ្ញាវី ឌីណែត នៅតែថាមិនទាន់ច្បាស់លាស់ អត់ហ៊ានប្រថុយ

កូនក្រមុំលោកហួរ ឡាវី កញ្ញាវី ឌីណែត និយាយដោយអឹមអៀនថា ទោះជាពេលនេះ រដ្ឋាភិបាល បានបើកឲ្យមានការរៀបមង្គលការជាធម្មតាឡើងវិញមែន ប៉ុន្ដែសម្រាប់រូបនាង គឺគម្រោងធ្វើកូនក្រមុំ នៅតែគ្មានដំណឹងថា នឹងអាចរៀបការដូចគេបាននៅពេលណាឡើយ។

វី ឌីណែត ថា ដោយសារតែការទំនាក់ទំនងជាមួយដៃគូមិនទាន់មានភាពច្បាស់លាស់ ហេតុនេះហើយប្រាកដជាមិនអាចនិយាយថា រៀបការបាននៅពេលណា ព្រោះខ្លាចមានការប្រែប្រួល។

ថ្វីត្បិតតែកញ្ញាវី ឌីណែត នៅតែត្អូញថា មិនដឹងគូព្រេងនៅទីណាមែន តែកន្លងមកតារាចម្រៀងសំនៀងខ្លាំងរូបនេះ ធ្លាប់បញ្ចេញរូបកៀកកើយជាមួយបុរសម្នាក់ជាគូស្នេហ៍ ប៉ុន្តែនាងបានយកស្ទីគកឺរ បិទមុខប្រុសនោះមិនឲ្យគេស្គាល់ឡើយ។

តាមព័ត៌មានថា បុរសនោះសុំឌីណែត រៀបការ ប៉ុន្ដែដោយសារតែតារាចម្រៀងហង្សមាស ខ្លាចធ្លាក់កូដ ទើបនាងមិនហ៊ានប្រថុយ ហើយបានជ្រើសផ្លូវបន្ដសាងស្នេហ៍ដោយលាក់លៀម។

ប៉ុន្តែឌីណែត នៅតែវាចាថា ចំណងស្នេហាមិនទាន់មានភាពប្រាកដប្រជាមែន បានជានាងសុំពន្យារពេលលាតត្រដាងរឿងស្នេហានេះមួយអន្លើសិន។

ទោះជាកញ្ញាវី ឌីណែត ថាមិនទាន់មានពេលវេលាសមស្របក្នុងការលាភាពនៅលីវមែន តែរយៈពេលចុងក្រោយនេះ គេឃើញស្រីស្រស់រូបនេះហាក់ប្រឹងថែរាង ដោយស្រកគីឡូប្លែកតែម្ដង ទើបនៅតែធ្វើឲ្យគេសង្ស័យថា នាងសម្រកទម្ងន់ផ្គាប់ចិត្តគូស្នេហ៍។ ប៉ុន្តែឌីណែត ថា ថ្មីៗនេះ នាងបានព្យាយាមហាត់ប្រាណ និងតមញាំច្រើន ទើបស្រកអស់ជាង១០គីឡូ ដែលពេលនេះនៅសល់តែ៥០គីឡូទេ ហើយចង់ស្រកជាងនេះថែមទៀត។

ឌីណែត ថា ការសម្រកទម្ងន់ ព្រោះនាងជាតារាចម្រៀង អីចឹងការថែរាងជារឿងសំខាន់ គ្មានពាក់ព័ន្ធរឿងអីផ្សេងទៀតឡើយ។

ក្រៅពីថា មិនទាន់មានកូនកំលោះនោះ វី ឌីណែត ធ្លាប់មានព័ត៌មានថា នាងខូចចិត្តដោយសារតែនី រតនា រៀបការប្រពន្ធចោលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។ ប៉ុន្ដែម្ចាស់ពាន “I Am A Singer Cambodia” រដូវកាលទី២នេះ ថា នាង និងរតនា ជាមិត្តភក្ដិធម្មតា គ្មានរឿងអីជាមួយគ្នាឡើយ៕

RELATED ARTICLES