Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិរថយន្ត​​នាំ​ចូល កាន់​តែ​មាន​កំណើន​​នៅ​​កម្ពុជា

រថយន្ត​​នាំ​ចូល កាន់​តែ​មាន​កំណើន​​នៅ​​កម្ពុជា

បន្ទាប់ពីមានការត្អូញត្អែរកាន់តែច្រើនពីហានិភ័យនៃឧស្សាហ៍រថយន្ត ដោយសារតែការវាយលុកនៃទីផ្សាររថយន្តជជុះដែលរដ្ឋាភិបាលអនុញ្ញាតិឲ្យបន្តនាំចូលដោយគ្មានកំណត់នោះ ពេលនេះមានការបញ្ជាក់ថាស្ថានភាពនាំចូលរថយន្តជជុះ នឹងត្រូវបានកាត់បន្ថយ។ សរុបទាំងរថយន្តថ្មី និងជជុះ ត្រូវបានគេអះអាងថាមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយ។

car1

លោកប៉ា់ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថាប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ នឹងមានបញ្ហាចោទរឿងកកស្ទះចរាចរណ៍មិនអស់មិនហើយនោះទេ បើទោះជាផ្លូវមួយចំនួនត្រូវបានពង្រីកដើម្បីទប់ស្កាត់។ ហេតុផលនៃបញ្ហាចរាចរដែលនៅបន្តកើតឡើងនោះ គឺបណ្ដាលពីកំណើនរថយន្តនៅក្នុងរាជធានី និងក្នុងទីប្រជុំជននានាមានបរិមាណកើនឡើងខុសប្លែកពីមុន។ លោកថាក្នុងមួយឆ្នាំប្រទេសកម្ពុជាមានការនំាចូលរថយន្តទាំងចាស់ទាំងថ្មី រហូតដល់រង្វង់៣ម៉ឺន៥ពាន់គ្រឿង ទើបកំណើនរថយន្តចេះតែបានកើនឡើង ហើយស្ថានភាពផ្លូវថ្នល់គឺ នៅតែលំបាក។ គាប់ជូនជាកំណើនពលរដ្ឋនៅក្នុងទីក្រុងមានការកើនស្ទុះនោះផង ទើបតម្រូវការរថយន្តចេះតែបន្តកើតមាន ហើយមានក្នុងទម្រង់ច្រើនទៅៗជារៀងរាល់ឆ្នាំសម្រាប់រយៈពេលចុងក្រោយ។ យ៉ាងណាមិញ ក៏បានបង្ហាញថាពលរដ្ឋកម្ពុជាកាន់តែមានជីវភាពល្អប្រសើរ ទើបគ្រួសារកាន់តែច្រើនអាចមានលទ្ធភាពទិញរថយន្ត ហើយមានតម្រូវការច្រើនឡើង។ លោកគូសបញ្ជាក់ថាកំណើនប្រើប្រាស់រថយន្ត និងគ្រឿងប្រើប្រាស់ស៊ីវិល័យគឺជារឿងមួយប្រសើរដែលជួយអោយប្រទេសកម្ពុជាមើលឃើញពីការឈានឡើង ប៉ុន្តែលោកក៏ទទួលស្គាល់ថានោះនឹងបង្កអោយកកស្ទះចរាចរណ៍ ដែលទាមទារអោយអាជ្ញាធរត្រូវបង្កើនការដោះស្រាយដូចធ្វើការពង្រីកផ្លូវ និងសង់ស្ពានអាកាសឥតឈប់នោះផងដែរ។

car2

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA  Cambodia  បានអះអាងថាក្នុងចំណោមរថយន្តសរុបប្រមាណ៣៥០០០គ្រឿងដែលបាននាំចូលប្រទេសកម្ពុជាក្នុងមួយឆ្នាំ គឺមានរថយន្តថ្មីត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដោយឡែកក្រៅពីនោះលោកថាគឺជារថយន្តជជុះនោះទេ។ លោកថាទីផ្សាររថយន្តថ្មីមិនសូវមានការពេញនិយមនៅឡើយទេ បើទោះជាបណ្ដាក្រុមហ៊ុនភាគច្រើនបានដាក់យុទ្ធសាស្រ្តដើម្បីធ្វើការពង្រីកផលិតផលរបស់ខ្លួនប្រកួតប្រជែងនឹងរថយន្តជជុះ។ លោកថាការបើកទ្វារអោយរថយន្តមួយទឹកហូរចូលច្រើនពេក គឺជាកត្តាដែលធ្វើអោយរថយន្តថ្មីមិនសូវស្ទុះ ហើយបើទោះជាមានតម្រូវការរថយន្តកើនឡើងនាពេលចុងក្រោយ ប៉ុន្តែកម្រិតឈានឡើងនូវរថយន្តគាស់កេសគឺមានចំនួននៅតិចនៅឡើយ។ យ៉ាងណាមិញ លោកថាយ៉ាងហោចណាស់ក៏មានកម្រិតកើនឡើងជាងការបញ្ចេញលក់រថយន្តថ្មីកាលពីប៉ុន្មានឆ្នាំមុននោះផងដែរ បើទោះជាតួលេខក្នុងការធៀបនឹងរថយន្តដែលបាននាំចូលសម្រាប់មួយឆ្នាំ គឺរថយន្តថ្មីទើបតែមានរង្វង់៣៥០០គ្រឿងនៅឡើយ។

 

របាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានរថយន្តចំនួនជិត១លានគ្រឿង ដែលត្រូវបានចុះបញ្ជីធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។ កាលពី៤ទៅ៥ឆ្នាំមុន ក្នុង១ឆ្នាំៗ មានរថយន្តចន្លោះពី៤.០០០ ទៅ ៥.០០០គ្រឿង និងម៉ូតូប្រហែល៥០ម៉ឺនគ្រឿងប៉ុណ្ណោះ ត្រូវបានធ្វើការចុះបញ្ជី និងស្នើសុំស្លាកលេខ។អ៊ីចឹងហើយទើបការប្រកាសរបស់លោកប៉ា សុជាតិវង្ស ថារថយន្តនាំចូលក្នុងប្រទេសកម្ពុជារហូតដល់៣៥០០០គ្រឿង នាពេលចុងក្រោយ គឺជាកំណើនមួយខ្ពស់ក្នុងការប្រែប្រួល។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ មានការអះអាងថាប្រទេសចំនួន៧រួចទៅហើយបានចេញច្បាប់មិនអោយមានការនាំចូលរថយន្តជជុះមកកាន់ទីផ្សារ លើកលែងតែមីយ៉ាន់ម៉ា និងកម្ពុជា ដែលមិនមានច្បាប់នេះ ហើយបណ្ដាលវិស័យគ្រឿងយន្តនៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិត និងមិនមានវត្តមានរោងចក្រចូលមកផលិតដោយផ្ទាល់ ដោយសារតែរថយន្តជជុះចូលច្រើន ហើយធ្វើអោយពលរដ្ឋមិនចាប់អារម្មណ៍ចង់ទិញរថយន្តថ្មី។ នៅប្រទេសវៀតណាម គេឃើញមានការអនុញ្ញាតឲ្យនាំចូលរថយន្តជជុះដូចគ្នានឹងកម្ពុជាដែរ ប៉ុន្តែសម្រាប់តែរថយន្តដែលមានអាយុត្រឹម១០ឆ្នាំចុះក្រោមក្រោយការផលិតពីរោងចក្រប៉ុណ្ណោះ ហើយរថយន្តជជុះចាស់ឆ្នាំលើសពីនោះ គឺមានការកំណត់អោយប្រមូលចេញ ខណៈដែលរថយន្តទាំងនោះក៏ធានាថាមិនកាត់តតួ ឬជាកំទេចរថយន្តដែលយកមកផ្គុំទៅទៀត។ វៀតណាមបានកំណត់អោយរថយន្តជជុះនាំចូលទាំងទាំងនោះ ឆ្លងកាត់ការពិនិត្យសុវត្ថិភាពមុនពេលចូលក្នុងប្រទេស ហើយត្រូវពិនិត្យជាប្រចាំរៀងរាល់៦ខែម្ដង ដែលបញ្ហាទាំងនោះសម្រាប់នៅប្រទេសកម្ពុជាគឺមិនមាននោះទេ ទើបការប្រើប្រាស់រថយន្តជជុះ ងាយបង្កអោយមានគ្រោះថ្នាក់។

លោក PileeVong អនុប្រធានឧស្សាហកម្មយានយន្តកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាពិតជាមានតម្រូវការរថយន្តកើនឡើងក្នុង២៣ឆ្នាំចុងក្រោយ ប៉ុន្តែតម្រូវការទាំងនោះ មិនមែនជារថយន្តថ្មីច្រើនណាស់ណានោះទេ ដោយសារតែពលរដ្ឋកម្ពុជាមានចំនួនមិនច្រើននៅឡើយ ដែលមានសមត្ថភាពអាចប្រើរថយន្តថ្មីចេញពីរោងចក្រ។ មន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នពាក់ព័ន្ធនេះបានអះអាងថា ការនាំចូលរថយន្តជជុះ ពិតជាមិនអាចបណ្ដោយអោយនាំចូលក្នុងបរិមាណច្រើនដូចដែលបានធ្វើឡើងនោះទេ គឺ ដាច់ខាតត្រូវតែមានការកាត់បន្ថយ ដើម្បីការពារហានិភ័យទីផ្សាររបស់រថយន្តថ្មីផង និងដើម្បីកុំអោយអត្រាគ្រោះថ្នាក់នៅលើដងផ្លូវកើតឡើង ក្នុង ពេលរថយន្តកាន់តែនាំចូលច្រើន ហើយបណ្ដាឈ្មួញខ្លះតែកាត់តរថយន្តយកមកតោនលក់ដោយមិនគិតពីផលប៉ះពាល់នោះ៕

ប៉េង លី

RELATED ARTICLES