Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិរដ្ឋាភិបាល​ផ្តល់​ភ្លើង​ខៀវ​លើ​គម្រោង​អភិវឌ្ឍន៍​តម្លៃ​២៣,២​ពាន់​លាន​ដុល្លារ នៅ​ខេត្ត​កំពត

រដ្ឋាភិបាល​ផ្តល់​ភ្លើង​ខៀវ​លើ​គម្រោង​អភិវឌ្ឍន៍​តម្លៃ​២៣,២​ពាន់​លាន​ដុល្លារ នៅ​ខេត្ត​កំពត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍មួយដែលមានតម្លៃរហូតដល់ទៅ២៣.២ ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។

លោកឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន PallasGroup បានឱ្យដឹងកាកាលពីថ្ងៃព្រហស្បត៍ថា ក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពតនិងនៅខេត្តកែបសម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះ ជាដើមត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយកាលពីថ្ងៃទី ១២ ខែតុលា ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំក្រោយ។ លោកបន្តថា នេះជាគម្រោងទីមួយដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដែលមានទំហំធំ លំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេសមកពីគ្រប់តំបន់ជុំវិញពិភពលោក។

kom-pot

យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចលនទ្រពអន្តរជាតិ នឹងវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ហិកតានៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន១៤៤ ហិកតារ។ ទីរួមខេត្តកំពតមានចំងាយ១៤៨ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងភ្នំពេញ រីឯខេត្តកែបមានចំងាយ១៧០ គីឡូម៉ែត្រ ។

ក្រុមហ៊ុនេះក៏កំពុងសំឡឹងមើលទៅប្រទេសថៃ និងវៀតណាម សំរាប់គម្រោងស្រដៀងគ្នានេះដែរ។ កញ្ញា Siriluck Choochart ប្រធានក្រុមហ៊ុនបាននិយាយថា គម្រោង “French Riviera Marina នៅខេត្តកំពត និងKep Marinaនៅខេត្តកែបនឹងក្លាយជាគោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ចទេសចរណ៍ និងការផលិតខ្សែភាពយន្ត។ ក្រុមហ៊ុន Pallas នឹងបង្កើតការងារជាង៥ម៉ឺនកន្លែងក្នុងអំឡុងពេលសាងសង់ និងរាប់ពាន់នាក់ក្រោយពេលការអភិវឌ្ឍន៍ធ្វើរួចរាល់”។កញ្ញាបានបន្ថែមថា “គំរោងនីមួយៗត្រូវបានបង្កើតឡើងដើម្បីឱ្យស៊ីគ្នាទាំងស្រុង ជាមួយនឹងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកំរិតខ្ពស់បំផុត ហើយគំរោងទាំងនោះនឹងក្លាយជាសំណង់ដែលល្អជាងគេបង្អស់និងយ៉ាងប្រណិត”។

បើយោងតាមផែនការសហគមន៍ French Riviera នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាពដែលក្នុងនោះរួមមានសណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសំរាប់លេងទឹកឆ្នេរសមុទ្រសិប្បនិមិ្មត និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល  កំពង់ផែសំរាប់លំហែកំសាន្ត ឧទ្យានសំរាប់លេងកំសាន្ត  ហាងលក់សំលៀកបំពាក់និងកន្លែងជាច្រើនទៀត ។ សហគមន៍នេះក៏នឹងមានសាលារៀន និងមជ្ឈមណ្ឌលកីឡាហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។

ចំនួនភ្ញៀវទេសចរបរទេសមកប្រទេសកម្ពុជានៅឆ្នាំ២០១៥ មានចំនួនជិត៥លាននាក់ ហើយភាគច្រើនបានទៅទស្សនាខេត្តសៀមរាប ដើម្បីទស្សនាប្រាងប្រាសាទអង្គរវត្ត ។

លោកឈាង សុផាន់ណាបានបន្តឲ្យដឹងថា នៅពេលគម្រោងថ្មីនេះរួចរាល់អ្នកទេសចរបរទេសអាចស្នាក់នៅប្រទេសកម្ពុជាយូរជាងមុន ដោយសារពួកគេមានកន្លែងច្រើនដើម្បីទស្សនា និងស្នាក់នៅ។

ដោយប្រើប្រាស់វិធីសាស្ត្រសាងសង់ដ៏ទំនើប រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគក្នុងទីតាំងមួយទៀតនៅខេត្តសៀមរាបផងដែរ៕

គង់ លាងហួរ

RELATED ARTICLES