ភ្នំពេញ ៖ ថៅកែស្រីរូបស្រស់ស្អាតម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ជាង ២លានដុល្លារ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីពាណិជ្ជករដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ លី ស៊ីវហ៊ុង អាយុ៣៣ឆ្នាំ មុខរបរនាំសម្ភារៈជាគ្រឿងតែងផ្ទះបាយ មកពីប្រទេសកូរ៉េ និងស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។
របាយការណ៍ដដែល បន្តថា ដើមចមបណ្តាលឱ្យសមត្ថកិច្ចនាំខ្លួនពាណិជ្ជករវ័យក្មេងរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមដើមបណ្តឹងរបស់ឈ្មោះហេង ស្រីពៅ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងពីឈ្មោះលី ស៊ីវហ៊ុង ដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដោយចេញមូលប្បទានបត្រ អត់សាច់ប្រាក់សរុបប្រមាណជាង២លានដុល្លារ (សែកស្អុយ សរុប១៥សន្លឹក)។
តាមពាក្យបណ្តឹង បានបញ្ជាក់ថា ជនរងគ្រោះ បានស្គាល់ឈ្មោះលី ស៊ីវហ៊ុង តាមរយៈមិត្តភក្តិ រយៈពេលជាង៥ឆ្នាំមកហើយ។ ក្រោយពីបានស្គាល់និងរាប់អានគ្នាមក ឈ្មោះលី ស៊ីវហ៊ុង តែងតែបង្ហាញពីមុខរបររកស៊ីនាំចូលនូវសម្ភារៈផ្ទះបាយទំនើបៗ មកពីប្រទេសកូរ៉េ ដូចជា ចាន ឆ្នាំង និងគ្រឿងជ័រច្រើនប្រភេទ យកមកបោះដុំនិងលក់រាយ លើទីផ្សារក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ឈ្មោះលី ស៊ីវហ៊ុង ក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ បានទៅរកខ្ចីប្រាក់ដើមបណ្តឹង ចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនវិយោគបន្ថែមលើមុខរបរនោះ។
ជាង៥ឆ្នាំកន្លងមកនេះ ដោយយល់ឃើញថា លី ស៊ីវហ៊ុង ជាមនុស្សរាប់អានគ្នា និងពាណិជ្ជករម្នាក់ គួរឱ្យជឿទុកចិត្តលើមុខជំនួញរបស់គាត់ ទើបដើមបណ្តឹង សម្រេចចិត្តឱ្យឈ្មោះលី ស៊ីវហ៊ុង ខ្ចីប្រាក់។ ក្រោយពេលឈ្មោះលី ស៊ីវហ៊ុង បានខ្ចីប្រាក់ពីជនរគ្រោះយកទៅប្រកបមុខរបររកស៊ីហើយ ជនសង្ស័យតែងតែយកប្រាក់នោះ មកទូទាត់ឱ្យដើមបណ្តឹងវិញ ដោយគ្មានផលលំបាកទេ ទង្វើទាំងអស់នោះហើយ បានធ្វើឱ្យជនរងគ្រោះកាន់តែមានទំនុកចិត្ត។ លុះដល់អំឡុងឆ្នាំ២០២០ ឈ្មោះលី ស៊ីហ៊ុង បានទៅសុំខ្ចីប្រាក់ពីជនរងគ្រោះ ជាង១លានដុល្លារ (១ ៥៥៥ ៩៧១ដុល្លារ) ទៀត ពេលនោះ ជនរងគ្រោះក៏យល់ព្រមឱ្យខ្ចីដែរ ដែលជនសង្ស័យបានអះអាងធ្វើកិច្ចសន្យាធានា និងទទួលស្គាល់លើបំណុលទាំងអស់នោះផងដែរ។
បន្ទាប់មក ឈ្មោះ លី ស៊ីវហ៊ុង ចេះតែទៅខ្ចីប្រាក់ពីដើមបណ្តឹងបន្តទៀត ដែលបំណុលចាស់ មិនទាន់បានសងមកវិញផង សរុបទាំងបំណុលថ្មី ប្រមាណជាង២លានដុល្លារ (២ ១២៥ ២០០ដុល្លារ) អាមេរិក ខណៈពេលនោះ ជនសង្ស័យក៏បានចេញមូលប្បទានបត្រ (សែក) ចំនួន១៣សន្លឹក ឱ្យជនរងគ្រោះទៅបើកនៅធនាគារមួយ និង២សន្លឹកទៀត ឱ្យទៅបើកនៅធនាគារមួយទៀត ដោយបានកំណត់ថ្ងៃខែត្រឹមត្រូវ ដែលសែកនីមួយៗ មានដាក់ចំនួនទឹកប្រាក់ខុសៗគ្នា និងការបរិច្ឆេទឱ្យទៅបើកប្រាក់នោះក៏ខុសថ្ងៃខែគ្នាដែរ។
លុះដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកសែកទាំង១៥សន្លឹក ដែលចេញដោយឈ្មោះលី ស៊ីហ៊ុង នោះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានបត្រទាំងនេះ ពុំមានសាច់ប្រាក់ទេ ពោលគឺជាសែកស្អុយទាំងអស់។ ក្រោយពេលធនាគារបញ្ជាក់មកវិញ ដូច្នេះហើយ ជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យឈ្មោះលី ស៊ីវហ៊ុង ដើម្បីជួបគ្នាដោះស្រាយចំពោះបំណុលនោះ ប៉ុន្តែជនសង្ស័យបានសន្យាថ្ងៃនេះថ្ងៃនោះ និងដល់ដំណាក់កាលចុងក្រោយ ជនសង្ស័យបានប្លុកលេខទូរស័ព្ទជនរងគ្រោះ មិនអាចឱ្យទាក់ទងបាន និងចេតនាគេចវេះពីបំណុលតែម្តង។
ដោយយោងតាមអង្គហេតុដូចបានរៀបរាប់ខាងលើនេះ ទើបជនរងគ្រោះបានដើរទៅរកផ្លូវច្បាប់ ដើម្បីឱ្យជួយចាត់ការលើសំណុំរឿងនេះ ក៏សម្រេចទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីមានពាក្យបណ្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថ បានកោះអញ្ជើញជនសង្ស័យឱ្យចូលខ្លួនមកដោះស្រាយលើបណ្តឹងនោះ ប៉ុន្តែដោយការមិនត្រូវរ៉ូវគ្នា ទើបសំណុំរឿង បានបញ្ជូនមកដល់ដៃព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីតែម្តង៕