ខេត្តកែប ៖ ស្ត្រីជាចុងភៅ ធ្វើការនៅកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ បានជិះម៉ូតូផ្ទាល់ខ្លួន គេចចេញពីខេត្តព្រះសីហនុ មកសម្ងំ លាក់ខ្លួនក្នុងផ្ទះនៅឯខេត្តកែប លុះអាជ្ញាធរមូលដ្ឋាន បានដឹង ក៏ចុះនាំយកទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្ត ស្រាប់តែទទួលលទ្ធផល វិជ្ជមានកូវីដ-១៩។
ស្ត្រីដែលរកឃើញវិជ្ជមានកូវីដ-១៩ ខាងលើ មានឈ្មោះប៉ែន ហេង អាយុ ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅ នៅកាស៊ីណូ ហ៊ួយហ័រ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានលំនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប ចេញផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹង ដូចខាងក្រោម ៖
រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមលទ្ធផលដែល ប្រកាសដោយក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខេត្តកែប មានបុគ្គលវិជ្ជមានកូវី-១៩ ចំនួន១នាក់ ឈ្មោះប៉ែន ហេង ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហួយហ័រ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ៈ០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញ របស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បាន ចុះទៅពិនិត្យសួរនាំ ធ្វើការវាយតម្លៃហានិភ័យ និងបាននាំយកបុគ្គលរូបនេះ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានក្ខវិ៥១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
អ្នកដែលពាក់ព័ន្ធផ្ទាល់ រួមមាន ១-ឈ្មោះប៉ែន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប ២-ឈ្មោះសៀម ស្រីទូច ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប ៣-ឈ្មោះសៀង គឺ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប ៤-ឈ្មោះដាន ត្រូវ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប និង៥-ឈ្មោះស្រេង ចាន់ណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប។
បុគ្គលប៉ះពាល់ផ្ទាល់ទាំង៥នាក់នេះ បានយកសំណាកវត្ថុវិភាគ និងធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័កខេត្ត ដោយមានការដាក់កម្លាំង ការពារប្រចាំការយ៉ាងហ្មត់ចត់។ បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ កំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានក្តវីដ ១៩នេះបន្តទៀត។
ទន្ទឹមនេះ សូមអញ្ជើញបងប្អូនផ្សេងៗទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលវិជ្ជមាន និងមាន រោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស ឈឺបំពង់ក ពិបាកដកដង្ហើម សូមទំនាក់ទំនងក្រុមការងារ តាមរយៈ ទូរស័ព្ទលេខ ០១៦ ៣៣៨ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បី ធ្វើតេស្តសំណាកឱ្យបានឆាប់បំផុត។ ដោយឡែក ចំពោះអ្នកដែលប៉ះពាល់ដោយប្រយោលជាមួយបុគ្គលរូបនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍…៕