Wednesday, December 25, 2024
Homeព័ត៌មានជាតិហួរ ឡាវី អុជទៀនធូបមុខផ្ទះរាល់យប់ ព្រោះភរិយាពន្យល់សប្តិអ្នកជិតខាងបែបនេះ

ហួរ ឡាវី អុជទៀនធូបមុខផ្ទះរាល់យប់ ព្រោះភរិយាពន្យល់សប្តិអ្នកជិតខាងបែបនេះ

ភ្នំពេញ ៖ ដោយសារតែក្ដីស្រណោះអាឡោះអាល័យភរិយាដែលស្លាប់ទៅដោយសារជំងឺកូវីដ-១៩ តារាចម្រៀងជើងចាស់ វ័យ ៧៥ឆ្នាំ លោកហួរ ឡាវី ក្រៅពីយំសោកមិនទាន់ឈប់នោះ លោកតែងអុជទៀន ធូប មុខផ្ទះ រាល់យប់ ដើម្បីអន្ទងហៅព្រលឹងភរិយា ឲ្យចូលមកក្នុងផ្ទះដែលធ្លាប់រួមរស់ជុំគ្នាវិញ ជាមួយពាក្យថា វិលវិញមកអូន បងនៅរង់ចាំទទួលអូនជានិច្ច។

ក្រោយការបាត់បង់អ្នកម្ដាយ និងភរិយាជាទីស្រឡាញ់ បានធ្វើឲ្យក្រុមគ្រួសារលោកហួរ ឡាវី យំស្ដាយស្រណោះ អាឡោះអាល័យជាពន់ពេក ជាពិសេសអ្នកស្រី វី លីដា ជាកូនស្រីច្បង ក្នុងចំណោមបងប្អូនស្រី ៣នាក់ ដែលមានកូននិងប្ដី រស់នៅខេត្តសៀមរាប បានកត់សម្គាល់ឃើញថា ការបាត់បង់ម្ដាយ ធ្វើឲ្យឪពុករបស់គាត់ (លោកហួរ ឡាវី) ទទួលទម្ងន់ទុក្ខខ្លាំងណាស់ ទើបលោកឪពុក តែងអង្គុយអុជធូប ទៀន នៅមុខផ្ទះ រង់ចាំម្ដាយអ្នកស្រី វិលវិញ។

អ្នកស្រី វី លីដា បានសរសេរនៅក្នុងគណនីបណ្តាញសង្គម​ ហ្វេសប៊ុក របស់អ្នកស្រីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ថា “ពេលម៉ាក់ឡើងឡានទៅពេទ្យ ម៉ាក់រឹងមាំណាស់ លើកដៃលាប៉ា និងអ្នកផ្ទះ ហើយស្រែកថា Bye Bye ! ពេលទៅដល់ពេទ្យ ម៉ាក់ថា សុខភាពម៉ាក់ល្អ អាហារដូចផ្កាយ ៦។ ៩ថ្ងៃគត់ ម៉ាក់ត្រឡប់មកផ្ទះ ដោយគ្មាននិយាយស្តីរកអ្នកណាម្នាក់សោះ។ មិននឹកស្មាន Bye Bye ពេលនោះ គឺ Bye រហូតសោះ ម៉ាក់អើយម៉ាក់!“។

អ្នកស្រី វី លីដា បានសរសេរបន្ថែមថា “ម៉ាក់អើយ! ដឹងអត់ ប៉ាអុជទៀនបំភ្លឺមុខផ្ទះ រង់ចាំម៉ាក់មកផ្ទះវិញ ថ្មើរហ្នឹងហើយ ប៉ាមិនគេងទេ ប្រែខ្នងចុះឡើងឥតឈប់ ត្រូវមកផ្ទះវិញមកថែរក្សាប៉ា ដូចមុន“។

អ្នកស្រី វី លីដា បានសរសេរបន្ថែមទៀតថា “ម៉ាក់អើយ! ប៉ាអុជទៀន អង្គុយចាំម៉ាក់ទៀតហើយ! ម៉ាក់មកផ្ទះយើងវិញមកម៉ាក់“។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកស្រី វី លីដា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា ពេលដែលឃើញ ឪពុក (លោកហួរ ឡាវី) អុជទៀនធូប អន្ទងហៅព្រលឹងភរិយា (ម្តាយ) ឲ្យវិលវិញយ៉ាងនេះ អ្នកស្រីនឹកបារម្ភពីសុខភាពរបស់គាត់ណាស់ ដូច្នេះមានតែព្យាយាមជួយលើកទឹកចិត្ត កុំឲ្យគិតច្រើន ខិតខំពង្រឹងស្មារតីឲ្យបានល្អឡើងវិញ ព្រោះបើអត់ពីគាត់ម្នាក់ទៀត កូនៗពិតជាពុំនៅសល់អ្វីទៀតឡើយ។

អ្នកស្រី វី លីដា រៀបរាប់ទាំងទឹកភ្នែកយ៉ាងថា “គួរយល់ហើយ! ចុងក្រោយមួយម៉ាត់ ក៏មិនបាននិយាយជាមួយគ្នា មើលមុខគ្នា ត្រូវយល់ថា វាពិបាកប៉ុនណា? មនុស្សចាស់ដែលគាត់ធ្លាប់រស់នៅជាមួយគ្នារាប់សិបឆ្នាំ រហូតមកដល់ឥឡូវ គាត់គិតថា កាន់ដៃគ្នាបានជាងហ្នឹង ហើយបែកគ្នា មនុស្សទៅជិត ១០០គីឡូ មកវិញ បានត្រឹមតែ ១កញ្ចប់។ គិតទៅ! តែ១០ថ្ងៃគត់ ហើយសូម្បីទៅមើលមុខក៏មិនបាន ពេលឈឺ ទៅមើលថែក៏មិនបាន តើអ្នកណាមានអារម្មណ៍បែបម៉េច?

ដូច្នេះមិនត្រឹមតែស្រងេះស្រងោចទេ គឺឈឺចិត្ត អត់អាចមើលថែប៉ា អត់អាចមើលថែម៉ាក់ គឺបងប្អូនទាំងអស់ នៅពេលដែលម៉ាក់ស្លាប់ គេធម្មតា គេបានជុំគ្នា សូម្បីតែខ្មោចអនាថាម៉េច ក៏គេបានធ្វើបុណ្យត្រឹមត្រូវ គេមានអាចារ្យដែរ ហើយម៉ាក់ខ្ញុំ មិនមែនមនុស្សអត់លទ្ធភាពឯណា អត់បានធ្វើបុណ្យ គ្មានអាចារ្យសូត្រ គ្មានអាចារ្យប្រែរូប មិនដឹងថា វិញ្ញាណគាត់ ទៅអនាថាបែបណាខ្លះ? គឺអត់ដឹង គ្រាន់តែមានអារម្មណ៍ថា ទន្ទឹងចាំគាត់ ហើយប៉ា បានអុជទៀនធូបនោះ គឺចាប់ពីថ្ងៃទទួលធាតុគាត់ចូលផ្ទះ។

ប៉ាចង់ឲ្យម៉ាក់មកថែរក្សាផ្ទះវិញ ព្រោះផ្ទះហ្នឹង គាត់ទើបតែមកនៅបានជាង ១ឆ្នាំទេ ហើយជាកន្លែងដែលគាត់ប៉ងប្រាថ្នាចង់បាន ហើយគាត់នៅ គាត់ដាំដំណាំ ដាំផ្កាសព្វគ្រប់បែបយ៉ាង តែគាត់អត់បានយល់ថា គាត់មានអារម្មណ៍យ៉ាងម៉េច? ប៉ាក្រោកឡើង គាត់ទៅស្រោចដំណាំ គាត់នឹកឃើញប្រពន្ធគាត់ទាំងអស់ គាត់តេមកយំរៀបរាប់ប្រាប់កូនរហូតថា ប៉ានឹកឃើញម៉ាក់អ្ហែងទាំងអស់“។

អ្នកស្រី វី លីដា បន្តថា “ខ្ញុំមិនមានអីក្រៅពីអុជធូបពីចម្ងាយ គាត់ចូលផ្ទះខ្លួនឯងក៏អត់បាន អីក៏អត់បាន មានតែអុជធូបពីផ្ទះបងប្អូនដែលខ្ញុំកំពុងស្នាក់នៅ ហើយនិងឲ្យបងប្អូនដទៃទៀត អុជធូបសុំអង្វរម្ចាស់ទឹកដី ទេវតា វត្ថុស័ក្ដិសិទ្ធិទាំងអស់ ឲ្យជួយជួនវិញ្ញាណម៉ាក់ខ្ញុំ បានចូលទៅនៅក្នុងផ្ទះដែលគាត់ស្រឡាញ់ ផ្ទះដែលគាត់ពេញចិត្ត ដែលគាត់តែងតែស្រមៃ គាត់បានហើយ តែគាត់អត់បាននៅ តែសុំឲ្យគាត់បានទៅដល់ទីហ្នឹង គាត់ចូលថែរក្សាអ្នកផ្ទះ ថែរក្សាផ្ទះ ថែរក្សាប៉ា ឲ្យសុខសប្បាយទាំងអស់ និងអ្នកដែលឈឺ ឆាប់បានជាសះស្បើយទាំងអស់ បានជុំគ្រួសារវិញ។

ចំពោះប៉ា ខ្ញុំតែងតែ Call ទៅគាត់រាល់ថ្ងៃ ថាប៉ាឈប់ពិបាកចិត្តទៅ ប៉ាត្រូវរឹងមាំឡើង ម៉ាក់ទៅហើយ ម៉ាក់គាត់ទៅបានសុខ គាត់ឈឺរយៈពេលខ្លី អត់ឈឺយូរទេ គាត់អត់នៅវេទនា គាត់ល្អណាស់ គាត់មានបុណ្យ គាត់ធ្វើអំពើល្អយូរណាស់មកហើយ ឃើញអត់? គាត់អត់ធ្វើឲ្យកូនណា ប្ដីពិបាកវេទនាដោយសារគាត់ទេ។ អ៊ីចឹងគាត់ទៅបានសុខហើយ អ៊ីចឹងមានតែប៉ា ត្រូវថែសុខភាពខ្លួនឯង ព្រោះអត់ពីប៉ាទៅ កូនចៅអត់មានអ្នកណាទាំងអស់។ អ្វីទាំងអស់ ទុកឲ្យប៉ានៅធ្វើជាម្លប់ដល់កូនចៅ ប្រៀនប្រដៅកូនចៅតទៅទៀត“។

ជាមួយគ្នានោះដែរ លោកហួរ ឡាវី ផ្ទាល់ បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃដដែលនោះថា ការដែលគាត់អុជទៀនធូប អន្ទងហៅព្រលឹងភរិយា ឲ្យវិលវិញ ដោយសារព្រលឹងគាត់បានទៅពន្យល់សប្ដិប្រាប់អ្នកក្រៅថា គាត់នៅខាងក្រៅ អត់ទាន់បានចូលផ្ទះទេ។ ដូច្នេះធ្វើឲ្យមានអារម្មណ៍ក្ដុកក្ដួលខ្លាំងណាស់ មិនអាចទប់ទឹកភ្នែកបានទេ ជាពិសេស នៅពេលដែលលោកបានស្ដាប់បទកូវីដ-១៩ និងបទបាត់អូន ដែលលោកបានច្រៀង ធ្វើឲ្យលោកពិបាកទ្រាំក្នុងចិត្តខ្លាំងណាស់។

លោកហួរ ឡាវី បានពោលទាំងទឹកភ្នែកថា “បាទ! អារម្មណ៍ធម្មតាទេ ប្រពន្ធស្លាប់មួយទាំងមូល ឃើញមុខឃើញមាត់ នៅតែក្ដុកក្ដួលរហូត នៅតែនឹកឃើញ ប៉ុន្តែសុខភាពខ្ញុំអត់អីទេ គ្រាន់តែថា នៅតែនឹកឃើញប្រពន្ធនៅនឹងមុខ។ ដូច្នេះហើយ ទើបខ្ញុំបានអន្ទងហៅព្រលឹងប្រពន្ធវិលមកវិញមក ឲ្យចូលផ្ទះវិញមក ពីព្រោះខ្ញុំយកធាតុ យកអីបានមកហើយ ដាក់នៅក្នុងផ្ទះ ហើយអុជធូបសុំម្ចាស់ទឹកម្ចាស់ដី ឲ្យគាត់បានចូល ព្រោះគាត់ទៅពន្យល់សប្ដិគេ មិនបានពន្យល់សប្ដិកូនៗឬប្ដីអីទេ គឺពន្យល់សប្ដិកូនក្មួយពីរនាក់ ឃើញថា គាត់ដើរនៅមុខផ្ទះ ទៅមកៗ ហើយចូលអត់រួច ដោយសារថា យើងមានព្រះភូមិ មានជំនាងផ្ទះ ថែរក្សានៅទីនេះ មិនបើកផ្លូវឲ្យ។ យប់មិញហ្នឹង អុជធូបបែរបន់ សែនទេវតានៅផ្ទះ ម្ចាស់ទឹកម្ចាស់ដី សុំឲ្យគាត់ចូលបានមក។

ខ្ញុំអុជធូបអន្ទងហៅព្រលឹងគាត់ហ្នឹង តាំងពីថ្ងៃស្លាប់មក។ ខ្ញុំនៅតែអុជរាល់ថ្ងៃអ៊ីចឹង គ្រប់៧ថ្ងៃ ឲ្យគាត់មកចូលផ្ទះវិញទៅ ហើយជួយថែរក្សាកូនចៅនៅក្នុងផ្ទះទាំងអស់ហ្នឹង កុំឲ្យវង្វេងវង្វាន់ទៅឯណា ព្រលឹងរបស់គាត់។ ខ្ញុំគេងមិនលក់ទេ ប្រហែលជាម៉ោងមួយ ម៉ោងពីរ ទើបបានធ្មេចទៅ។ ថ្ងៃមុនហ្នឹង កូនខ្ញុំ ក្មួយនៅឯណោះ គាត់ចាក់បទ ”បាត់អូន” ដែលខ្ញុំច្រៀង ខ្ញុំស្ដាប់ហើយ អង្គុយស្រក់ទឺកភ្នែក ហើយខ្ញុំច្រៀងបទនោះមួយទៀត គឺបទ «យើងត្រូវតែនៅក្នុងផ្ទះ» បទកូវីដ ហ្នឹង ចម្រៀងគ្រួសារខ្មែរ ពេលឮចាក់បទហ្នឹងមក ឃើញគេបង្ហោះមក ខ្ញុំទឹកភ្នែក ព្រោះច្រៀងខ្លួនឯង ហើយស្លាប់ប្រពន្ធ ហើយបទ «បាត់អូន» ក៏ធ្វើឲ្យយើងហ្នឹងក្ដុកក្ដួល អង្គុយស្រក់ទឹកភ្នែករាល់យប់ រាល់ល្ងាច។

ថ្ងៃៗក៏អ៊ីចឹងដែរ ធ្វើការៗ នឹកឃើញប្រពន្ធមកធ្វើការជិតៗខ្លួនហ្នឹង ស្រក់ទឹកភ្នែក មិនអាចបំភ្លេចបានទេ អនុស្សារីយ៍ជាមួយប្រពន្ធខ្ញុំ ៣០ឆ្នាំហើយ។ ដូច្នេះគ្មានអីទេ គ្រាន់តែផ្ដាំផ្ញើថា អូនបានជាទៅចោលប្ដីហើយ សូមអូនទៅកាន់សុគតិភព ហើយអូនបានផ្ដាំផ្ញើឲ្យយកផេះ ឬក៏ឆ្អឹង យកទៅចោលនៅកោះកុង សមុទ្រកោះកុង យកទៅបោះនៅហ្នឹងទៅ កុំឲ្យដាក់នៅឯណា កុំឲ្យបោះកន្លែងផ្សេងអី គឺផុតកូវីដ ទៅ នឹងយកទៅហើយ ហើយគួរតែឃើញអនុស្សាវរីយ៍ទាំងអស់ ដែលមានជាមួយប្ដីប្រពន្ធ។

សូមឲ្យផ្ដាំផ្ញើឲ្យបានទៅសុគតិភពទៅ ហើយជាតិក្រោយ ឲ្យមាត់ប្រៃ ទៅកើតជាអ្នកណាដែលគេអ្នកមាន អ្នកអីទៅ។ តាំងពីចាប់ដៃមក ក្ររហូត ទើបតែមានផ្ទះអីនៅស្រួលបួល មានឡាន វីឡានៅទៅ គាត់ទៅចោលបាត់ គាត់ដាំដំណាំ គាត់ដាំផ្កា គាត់សប្បាយចិត្តណាស់ នឹកឃើញអនុស្សាវរីយ៍ តែគាត់ស្លាប់ចោលទាំងផ្កាកំពុងតែរីក ដំណាំមានផ្លែ ខានបានទទួលទាន នៅតែខ្ញុំម្នាក់ឯង គឺនឹកឃើញរឿងហ្នឹង ខ្ញុំអង្គុយស្រក់ទឹកភ្នែកម្នាក់ឯង អត់ដឹងខ្លួនទេ“។

ដោយឡែក កញ្ញាវី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលជាម្ចាស់ពាន «I am A Singer Cambodia» រដូវកាលទី២​ និងជាកូនស្រីទី២ របស់លោកហួរ ឡាវី និងអ្នកស្រីងួន សុផាន្នី ខណ:ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) រាជាធានីភ្នំពេញ បានច្រៀងចម្រៀងមួយបទ មានចំណងជើងថា “លែងមានម៉ែហៅ” ផ្ញើជូនព្រលឹងអ្នកម្ដាយ បញ្ជាក់ពីការស្ដាយស្រណោះអ្នកម្ដាយក្រៃលែង។

កញ្ញវី ឌីណែត បានសរសេរនៅក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា “កូនលែងមានម៉ែហៅហើយ ម៉ែលែងបានស្ដាប់ចម្រៀងកម្សត់ហើយ (និយាយតាមត្រង់ ទម្រាំតែខ្ញុំច្រៀងបាន គឺពិបាកក្នុងអារម្មណ៍ណាស់ ខ្ញុំអួលដើមក ពីដំបូងច្រៀងទាំងទឹកភ្នែក) ម៉ាក់ថា ស្រលាញ់បទ «ខ្យល់កំពូលភ្នំ» ណាស់ចូលចិត្តស្ដាប់ខ្ញុំច្រៀងបទហ្នឹង ម៉ាក់ទៅចោលកូនហើយ ទៅសែនឆ្ងាយ“។

កញ្ញា វី ឌី ណែត សរសេរបន្ថែមថា «នាងខ្ញុំ វី ឌីណែត សូមឧទ្ទិសកុសលបទនេះ ជូនអ្នកម្តាយដែលបានចាកឆ្ងាយលែងត្រឡប់ ដោយជំងឺកូវីដ-១៩ និងសូមផ្ញើជូនសិល្បករ-សិល្បការិនី និងបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ទាំងអស់។

ម៉ាក់ថា ចូលចិត្តលំនាំបទនេះខ្លាំងណាស់ ម៉ាក់ចូលចិត្តស្ដាប់ខ្ញុំច្រៀងបទ «ខ្យល់កំពូលភ្នំ» ណាស់។

ក៏សូមអរគុណដល់បង ហេង ឡុង បងឯកឧត្តម ហ៊ឹម សុភា (នភា) ដែលបានជួយរៀបចំសម្រាប់បទចម្រៀងដ៏ពិសេសមួយនេះ ជូនពរឲ្យបងទាំងពីរ ជួបប្រទះតែសេចក្ដីសុខ មានសុខភាពល្អ នឹងជោគជ័យគ្រប់ភារកិច្ច!

បទ ៖ លែងមានម៉ែហៅ ផលិតដោយ ៖ លោក ហេង ឡុង និពន្ធទំនុកច្រៀង ៖ ឯកឧត្តម ហ៊ឹម សុភា (នភា) ច្រៀងដោយ ៖ វី ឌីណែត លំនាំបទ (មរតកដើម) ៖ ខ្យល់កំពូលភ្នំ បច្ចេកទេសសំឡេង និងវីដេអូ ៖ ប៊ូ វណ្ណមុនីរ័ក្ស Studio : Home of Music ។

សូមមេត្តាអនុវត្តន៍នូវវិធានសុខាភិបាល ៣កុំ ៣ការពារ…»។

បទចម្រៀង “លែងមានម៉ែហៅ” នោះ មានខ្លឹមសារដូចខាងក្រោម ៖

I. កូនលែងមានម៉ែៗហៅនឹងគេ ពុំដូច្នេះដែរ ម៉ែទៅចោលពុក
ម៉ែលែងបានស្ដាប់ ចម្រៀងកម្សត់ តាមលំនាំបទ «ខ្យល់កំពូលភ្នំ»។
II. កូនហើយនិងពុក ស្រែកច្រៀងយ៉ាងណា ក៏អស់ខ្លឹមសារ ឱរាក្ដៅងំ
កូនៗគ្មានម៉ែ រស់នៅជួបជុំ កូវីដគ្រោះធំ ឲ្យខ្ញុំបែក។
R. «បាត់អូន» បទពុក ទំនុកពីមុន ពេលនេះទុក្ខធ្ងន់ រស់រងទារុណអនេក
ទំនុកបទថ្មី កូនស្រីទឹកភ្នែក ឆ្ងាយដូចជើងមេឃ ព្រាត់ម្ដាយ។
III. សារមរណទុក្ខ ទំនុកផ្ដែផ្ដាំ បងប្អូនចងចាំ ៣ការពារ ៣កុំ …»៕ ដោយ ៖ កុលបុត្រ

RELATED ARTICLES