ខេត្តព្រះសីហនុ ៖ បុរសជាអ្នកបើកបររថយន្ត ចំនួន៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចាប់ឃាត់ខ្លួន ដើម្បីផាកពិន័យអន្តរការណ៍ ខណៈបានព្យាយាមបើករថយន្តគេចគោលដៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ត្រង់ចំណុចព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃនប់ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា ករណីទី១- រថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។ ករណីទី២- រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-0439 បើកបរដោយឈ្មោះអ៊ឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។ ករណីទី៣- រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-1173 បើកបរដោយឈ្មោះតុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ និងករណីទី៤- រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3BD-0184 បើកបរដោយឈ្មោះណាក់ រ័ត្ន ភេទប្រុស។
របាយការណ៍ដដែល បន្តថា យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ “បទមិនគោរពវិធានការរដ្ឋបាល” ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ ពី ១លានរៀល ទៅ ៥លានរៀល។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
ជាមួយនេះ អាជ្ញាធរបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕