Wednesday, December 25, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា ជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី ប្រចាំកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា ជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី ទេវ ឡាយចេង (Teo Lay Cheng)  ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ លោកស្រី ទេវ ឡាយចេង បានគោរពអរគុណសម្ដេចនាយករដ្ឋមន្ត្រីដែលបានផ្តល់កិត្តិយសឲ្យលោកស្រី បានចូលជួបក្នុងពេលដែលលោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនសម្ដេចនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលលោកលោកស្រី។ ជាមួយគ្នានោះដែរ លោកស្រី ក៏បានគោរពសម្តែងងនូវការអបអរសាទរជូនដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍបានយ៉ាងឆាប់រហ័សជាទីបំផុត ដែលធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច ជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រ ក៏មានល្បឿនលឿនគួរឲ្យកត់សម្គាល់ផងដែរ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រី បានមានប្រសាសន៍ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនទៀត។នៅក្នុងបេសកកម្មរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ពេលនេះ លោកស្រីនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍និងអបអរសាទរជូនចំពោះលោកស្រីទេវ ឡាយចេង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជា។ សម្ដេច បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី ពាក់ព័ន្ធនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ក្នុងនោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ គឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរី បានទទួលឯករាជ្យ ដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា តាំងពីពេលនោះមក។ សម្ដេចហ៊ុន​ សែន ក៏បានមានប្រសាសន៍បន្ថែមដែរថា ជំងឺកូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា ដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសក៍ នៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេច បានមានប្រសាសន៍ថា យើងត្រូវតែជម្នះនូវបញ្ហានេះ  គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតស្របតាមសក្តានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លងបែបថ្មី ដូចសព្វថ្ងៃយ៉ាងណាក៏ដោយ។ 

មុននឹងបញ្ចប់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនពរលោកស្រីទេវ ​ឡាយចេង ទទួលបានជោគជ័យក្នុងបេសកកម្មការទូត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES