Wednesday, December 25, 2024
Homeព័ត៌មានជាតិឃើញផ្សែងឃ្លួលខ្មាញ់ ក្រុមកម្មករនាំគ្នារត់ចេញពីរោងចក្រភ្លាមៗ

ឃើញផ្សែងឃ្លួលខ្មាញ់ ក្រុមកម្មករនាំគ្នារត់ចេញពីរោងចក្រភ្លាមៗ

ខេត្តកណ្តាល ៖ រោងចក្រមួយកន្លែង កំពុងដំណើរការសង្វាក់ផលិតកម្មសុខៗ ស្រាប់តែកើតមានហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់កម្មកររត់ចេញប្រសាចទាំងព្រលឹងចុងសក់ និងបណ្តាលឱ្យកម្មករម្នាក់ ទទួលរងរបួសផងដែរ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅ ត្រង់ចំណុចរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា រោងចក្រដែលទទួលរងការឆាបឆេះខាងលើ មានទំហំ ១២០ម៉ែត្រ គុណនឹង ៨០មែត្រ។ ម្ចាស់រោងចក្រ ឈ្មោះចាង សាងហូ ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិ កូរ៉េខាងត្បូង  និងមាន កម្មករ-កម្មការិនីបម្រើការ សរុបចំនួន ១៦៧៥នាក់ (ស្រី ១៣១៨នាក់)។

របាយការណ៍ខាងលើ បន្តថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ ស្រុកខ្សាច់កណ្តាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្តាល ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន 7NG ចំនួន ២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយដែលមានទំហំ ៨០ម៉ែត្រ គុណនឹង ១៥មែត្រ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។ ប៉ុន្តែក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យកម្មករម្នាក់រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ដោយឡែក ទំហំនៃការខូចខាត រួមមាន ម៉ាស៊ីនភ្លើងធំ ចំនួន ១គ្រឿង ម៉ាស៊ីនស្កេនក្រយៅដៃ ១៥គ្រឿង តុបាយ កៅអី និងកង្ហារមួយចំនួនផងដែរ៕

RELATED ARTICLES