ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋមួយក្រុម តែងប្រមូលផ្តុំគ្នាលេងបៀ ជាប្រចាំ ដោយគ្មានខ្លាចរអែងច្បាប់ទម្លាប់ ពិសេសវិធានសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់អ្នកជិតខាងទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែង ៥នាក់ យកទៅអប់រំ។
តាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា មានម្ចាស់គណនីហ្វេសប៊ុក មិនបង្ហាញឈ្មោះ មួយ បានរាយការណ៍ថា “ខ្ញុំរស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការព្រួយបារម្ភពីជំងឺឆ្លង កូវីដ-១៩ ផង នៅផ្ទះ ប្តីឈ្មោះគ្រូសុង ប្រពន្ធឈ្មោះ ម៉ីងឡាង មានមនុស្សប្រមូលផ្តុំគ្នាលេងបៀ ជារៀងរាល់ថ្ងៃបង សូមជ្រាប…”។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវ បង្ក្រាបទីតាំងខាងលើ។
ជាលទ្ធផល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២និង០៥នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ដាវ បានចុះស្រាវជ្រាវទីតាំងខាងលើ ពិតជាឃើញមានលេងល្បែងស៊ីសងខុសច្បាប់ប្រភេទ (បៀស៊ីគូថៃ) ហើយកម្លាំងប៉ុស្តិ៍ បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នក លេងល្បែងខុសច្បាប់ ទាំងនោះ បានចំនួន ៥នាក់ រួមមាន ទី១- ឈ្មោះម៉ិច វិចឡាង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ (ត្រូវជាម្ចាស់ផ្ទះ)។ ទី២- ឈ្មោះឡុច សារ៉េត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ។ ទី៣- ឈ្មោះសៀង ផល្លី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ។ ទី៤- ឈ្មោះរ៉ាត ស្រីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ និងទី៥- ឈ្មោះលួត ស្រីឌីន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកសិករ។ អ្នកទាំង៥ មានលំនៅក្នុងភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ជាមួយគ្នា។ ជាមួយនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន បៀនីឡុង ចំនួន ៣ហ៊ូ ស្មើនឹង ៩៦សន្លឹក និងកម្រាលក្រាល ចំនួន១។
ករណីនេះសមត្ថកិច្ច បានអប់រំ ណែនាំ និងកិច្ចសន្យា ដល់អ្នកទាំង០៥នាក់ មិនឱ្យផ្តល់ទីតាំង ឬលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ រួចទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕