ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ពុំមានកូនចៅនៅជាមួយ ដោយកូនៗបានចេញទៅរស់នៅសហរដ្ឋអាមេរិក អស់ទៅហើយ ទុកឱ្យលោកយាយនៅចាំផ្ទះតែម្នាក់ឯង និងមានក្មួយស្រីម្នាក់នៅជួយមើលថែ ស្រាប់តែពេលក្មួយចេញទៅខាងក្រៅ ត្រឡប់មកវិញ ប្រទះឃើញលោកយាយរងគ្រោះក្អួតឈាមស្លាប់នៅក្នុងផ្ទះ ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៨និង១៥នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ B11 ផ្លូវក្នុងបូរីលេខ២ ក្រុមទី២ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
លោកយាយរងគ្រោះ មានឈ្មោះកៅ ឡាងឌី អាយុ៧៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ លោកយាយមានជំងឺប្រចាំកាយ ដូចជា លើសឈាម និងជំងឺថ្លើម ផងដែរ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកយាយរងគ្រោះ ពុំមានកូនចៅនៅជាមួយនោះទេ ដោយកូនៗបានទៅរស់នៅសហរដ្ឋអាមេរិក អស់ហើយ នៅសល់តែគាត់រស់នៅតែម្នាក់ឯង ដោយមានក្មួយសាច់ថ្លៃម្នាក់ នៅមើលការខុសត្រូវ ផ្គត់ផ្គង់ផ្តល់អាហារនិងថ្នាំ។
តាមការបំភ្លឺរបស់ក្មួយសាច់ថ្លៃ ឈ្មោះហ៊ុន សុខនី ភេទប្រុស អាយុ៣៩ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញទៅខាងក្រៅ លុះពេលត្រឡប់មកវិញ ឃើញទ្វាររបងផ្ទះចាក់សោ ហើយគាត់ក៏ចាក់សោចូលក្នុងផ្ទះ លុះពេលបើកទ្វារសំណាញ់ ស្រាប់តែឃើញម្តាយធំ ដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ បន្ទាប់មកគាត់ក៏បានទូរស័ព្ទប្រាប់កូនចៅនៅសហរដ្ឋអាមេរិក និងរាយការណ៍ទៅសមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។
តាមប្រភពពីនគរបាលការិយាលយ័បច្ចេកទេសវិទ្យាសាស្ត្រ បានឱ្យដឹងថា លោកយាយរងគ្រោះ បានបាត់បង់ជីវិត ដោយសារជំងឺថ្លើម និងលើសឈាម។
ក្រោយពីពិនិត្យរួច សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តពូនភ្នំ៕