ភ្នំពេញ ៖ លំនៅឋានរបស់កូនស្រីអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ត្រូវបានចោរលួចចូលធ្វើសកម្មភាពឡើងផ្លោះរបងបន្លាលួស ចូលផ្តាច់ខ្សែភ្លើងដែលភ្ជាប់កាមេរ៉ាសុវត្ថិភាព ខាងមុខផ្ទះ ចូលទៅដោះខ្ចៅកញ្ចក់ទ្វារចេញ រួចបើកទ្វារចូល ប្រមូលយកទ្រព្យសម្បត្តិមានតម្លៃ និងលុយកាក់ សរុបប្រមាណជិត ១០ម៉ឺនដុល្លារ។
ករណីនេះបានកើតឡើងកាលពីម៉ោង ៣និង០៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ 115F ផ្លូវម៉ាស៊ីនទឹក ជិតផ្លូវភ្លោះ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលជាម្ចាស់ផ្ទះ ឈ្មោះម៉ុង សុធា ត្រូវជាកូនស្រីបង្កើតរបស់លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរៀបរាប់ក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថា “យប់មិញ ចោរបានចូលផ្ទះខ្ញុំ យកកាបូបលុយ ទូរស័ព្ទ ២គ្រឿង ខ្សែក បើឃើញចោរវាយកខ្សែក កាបូប និងទូរស័ព្ទដូចរូបខាងក្រោម ជួយរាយការណ៍ឱ្យជាបន្ទាន់ (នេះជារូបចោរដែលបានចូលផ្ទះ សូមប្រយត្ន័ទាំងអស់គ្នា) សុំជួយស៊ែរតគ្នាផង ដើម្បីចែករំលែក និងមានការប្រុងប្រយ័ត្ន»។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ទ្រព្យសម្បត្តិមានតម្លៃ ដែលត្រូវចោរលួចយកទៅបាត់នោះ រួមមាន លុយ៧ពាន់ដុល្លារ និងជាង៧លានរៀល កាបូបតម្លៃជាង២ពាន់ដុល្លារ ចំនួន១ គ្រឿងអលង្ការ ខ្សែកពេជ្រ ចំនួន១ខ្សែ តម្លៃប្រហែល ៦ម៉ឺនដុល្លារ ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក iPhone X ១គ្រឿង និងម៉ាក iPhone ដាំពេជ្រ តម្លៃជាង ១ម៉ឺនដុល្លារ ១គ្រឿង) ហើយទូរស័ព្ទដែលចោរលួចយកទៅ មានគណនី ABA និង ACLEDA និងកាតធនាគារ ចំនួន៣ទៀត។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ ដោយសុវត្តិភាព។ ចំណែកជនរងគ្រោះ ក៏បានត្រឹមតែសោកស្តាយ និងដាក់ពាក្យបណ្តឹងទៅនគរបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនល្មើសចាប់ខ្លួន យកមកដាក់ទោសតាមច្បាប់៕