ខេត្តព្រះសីហនុ ៖ ជនជាតិចិនចំនួន៤នាក់ រួមនឹងជនជាតិខ្មែរ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីអ្នកទាំង៦ បានព្យាយាមរត់គេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ បំណងរត់ទៅរាជធានីភ្នំពេញ តាមរថយន្ត១គ្រឿង។
ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ បានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែតលេខ១៥២-១៥៣ ផ្លូវបត់ចូលផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សិលា។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន
ទី១-ឈ្មោះអ៊ឹង សេងល័ង អាយុ៣៨ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន កាន់លិខិតឆ្លងដែនលេខ ០៥០៩៦៧៨៤៥ មានលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
ទី២-ឈ្មោះរ៉ា វណ្ណៈ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី៣-ឈ្មោះ Deng YuXin (តឹង អ៊ីស៊ីវ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF1651430 បម្រើការងារនៅភោជនីយដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី៤-ឈ្មោះ WANG RUI (វ៉ាង រួយ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងលេខ EE 4261410 បម្រើការងារនៅភោជនីយដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី៥-ឈ្មោះ Fang Chao (ហ្វាង ឆាវ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EH 1274335 មុខរបរធ្វើការងារ នៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៦-ឈ្មោះ Zhang JinJun (ចាង ជិនជុន) ភេទប្រុស អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងលេខ EG 9351663 មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
រីឯវត្ថុតាងចាប់យក រួមមាន រថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8385 (មធ្យោបាយធ្វើ សកម្មភាព) និងរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 (មធ្យោបាយធ្វើសកម្មភាព)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង៥នាក់ខាងលើ (ចិន៤នាក់ និងតៃកុងឡានជនជាតិ ខ្មែរម្នាក់) បានធ្វើសកម្មភាពរត់គេចពីការធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ ដោយនាំគ្នាជិះរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 ក្នុងបំណងរត់គេចចេញទៅរាជធានីភ្នំពេញ ដោយមានពាក់ឯកសណ្ឋានបន្លំធ្វើ់ជាក្រុមការងារផ្លូវល្បឿនលឿន លុះធ្វើដំណើរមកដល់ត្រង់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ជាប់ និងបានដឹកបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
លទ្ធផលការសាកសួរបុរសជនជាតិខ្មែរម្នាក់ ជាអ្នកបើកបររថយន្ត បានឆ្លើយសារភាពថា ខ្លួនធ្វើតាមបញ្ជារបស់មេក្លោងបុរស ជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចយើងបានធ្វើការស្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានបុរស ជនជាតិខ្មែរ ដែលជាមេក្លោងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបុរសជនជាតិខ្មែរ ដែលមេក្លោង បានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមក ខេត្តព្រះសីហនុ ចំនួន៣លើករួចមកហើយ
ក្នុងនោះ លើកទី១-កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះរថយន្ត១គ្រឿងម៉ាកឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះតាមផ្លូវជាតិលេខ៤ ចូលខេត្តព្រះសីហនុ។
លើកទី២-នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះចូលតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឱ្យជនជាតិចិនទាំង២នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺតៗ ពេលផុតបារ៉ាស់ត្រួតពិនិត្យទើបបើកភ្លើងវិញ ជិះចូលខេត្ត ព្រះសីហនុ។
និងលើកទី៣-នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 ដឹកជនជាតិចិនចំនួន២នាក់ និងឱ្យមិត្តភក្តិខ្លួនឈ្មោះរ៉ា វណ្ណៈ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន៤នាក់ ជិះតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឱ្យជនជាតិចិនទាំង៦នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើ ក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺត ពេលផុតបារ៉ាស់ទើបបើ កភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។
ចំពោះជនសង្ស័យជនជាតិចិនទាំង៤ខាងលើ បានសារភាពថា ពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយ ប៉ន្តែពុំមានឯកសារភ្ជាប់មកជាមួយ ឡើយ ហើយពួកខ្លួនមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រលប់ទៅប្រទេសចិនវិញ។ សម្រាប់ករណីនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឱ្យកសាងសំណុំរឿងបញ្ជូនជនជាតិខ្មែរទាំង២នាក់ទៅកាន់តុលាការ ហើយសម្រាប់ជនជាតិចិនទាំងនោះត្រូវរៀបចំការបណ្តេញចេញ ពីប្រទេសកម្ពុជា។ ប៉ុន្តែពួកគេទាំង៦នាក់ ត្រូវបញ្ជូនទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ-១៩ផងដែរ៕