ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ពីបទចេញសែកស្អុយ (ជាង៦ម៉ឺនដុល្លារ) ឱ្យម្ចាស់បំណុល និងរំលោភលើសេចក្តីទុកចិត្ត។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះមាស វណ្ណៈ ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធរឿងរ៉ាវចេញសែកស្អុយ ឱ្យទៅម្ចាស់បំណុលកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅដែលមានទឹកប្រាក់ចំនួន៦៣០០០ដុល្លារ លើមូលទានប័ត្រលេខ ៨១៧៩២៧ ពីធនាគារកាណាឌីយ៉ា អ.ក។
មិនតែប៉ុណ្ណោះស្ត្រីឈ្មោះមាស វណ្ណៈ ក៏បានរំលោភសេចក្តីទុកចិត្តទៅលើម្ចាស់បំណុល (សួស ដារា) ដោយបានធ្វើកិច្ចសន្យាខ្ចីកាតគ្រី ឡានពីលោកសួស ដារា ដែលបានដាក់បញ្ចាំទឹកប្រាក់ចំនួន៩ពាន់ដុល្លារ (សងបាន៣ពាន់ដុល្លារ) យកទៅដោះស្រាយជាមួយប៉ូលិស ដោយ សន្យាថា នឹងយកត្រឡប់មកវិញនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០វិញ។ នៅក្នុងកិច្ចសន្យានោះ ប្រសិនបើករណីដែលនាងខ្ញុំមិនគោរពតាមពាក្យសន្យា សូមឱ្យលោកសួស ដារា ដោះស្រាយតាមច្បាប់ ហើយនាងខ្ញុំសូមទទួលខុសត្រូវទៅនឹងមុខច្បាប់ដោយគ្មានលក្ខខណ្ឌ។
ដោយម្ចាស់បំណុលឃើញមានស្នាមមេដៃអ្នកធានា ដែលជាឪពុកបង្កើត និងជាមន្ត្រីធ្វើការក្នុងព្រះបរមរាជវាំង ដែលមានតួនាទីជាទីប្រឹក្សាសម្តេចចាហ្វាវាំង គង់ សំអុល ផងនោះ ឃើញដូច្នេះក៏ម្ចាស់បំណុលយល់ព្រមឱ្យជនសង្ស័យ (មាស វណ្ណៈ) ខ្ចីកាតគ្រីឡាន ក៏ប៉ុន្តែតាមពិត ស្នាមមេដៃដែលធានាអះអាងនោះមិនមែនឈ្មោះមាស រ៉ែន ដែលជាឪពុកបង្កើតបានស្នាក់នៅផ្ទះលេខ៣៥៩ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនោះទេ។ តាមពិតស្នាមមេដៃដែលផ្តិតធានាដាក់ឈ្មោះនោះ គឺជនសង្ស័យមាស វណ្ណៈ ជាអ្នកផ្តិតជំនួសដើម្បីបន្លំជំរាបមក លោកសួស ដារា ដែលជាម្ចាស់បំណុលដែលមានទឹកប្រាក់ចំនួន៦ពាន់ដុល្លារ។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថាជនសង្ស័យ មាស វណ្ណៈ ដែលសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួនពីបទចេញ សែកស្អុយនិងរំលោភលើសេចក្តីទុកចិត្ត គឺជាមន្ត្រីបម្រើការងារនៅក្នុងព្រះបរមរាជវាំង ដែលមានតួនាទីជាអនុប្រធានការិយាល័យរបៀប។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យមាស វណ្ណៈ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនមកសាលាដំបូងរាជធានី ដើម្បីដោះស្រាយទៅតាមនីតិវិធី៕