ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ឱ្យដឹងថា ដើម្បីជាការចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានចូល មកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជ- ធានីភ្នំពេញ បានរៀបចំដំឡើងនូវរបាចំនួន៤ ទីតាំង នៅក្នុងរាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ថា “ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ នឹងដំឡើងរបាចំនួន៤ ទី តាំង ដូចខាងក្រោម ៖
១-មហាវិថីព្រះនរោត្តម ខាងជើងវិមាន ឯករាជ្យ។
២-មហាវិថីព្រះនរោត្តម មុខនាឡិការម- ណីយដ្ឋានវត្តភ្នំ។
៣-តិរវិថី ព្រះស៊ីសុវត្ថិ មុខព្រះគន្លង់។
៤-មហាវិថីព្រះសីហនុ ខាងលិចរង្វង់ មូលសម្តេចសង្ឃ ជួន ណាត”។
ដោយឡែកនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូជួបពិភាក្សា ការងារជាមួយប្រតិភូ ទីក្រុងគីតាគ្យូស៊្យូ នៃប្រទេសជប៉ុន។
គួរបញ្ជាក់ថា ទីក្រុងគីតាគ្យូស៊្យូ និងរាជធានីភ្នំពេញ គឺជាទីក្រុងសម្ព័ន្ធមេត្រីភាពដ៏ល្អ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំ ប្រព័ន្ធទឹកស្អាតនៅរាជធានីភ្នំពេញ ហើយ បច្ចុប្បន្នទីក្រុងទាំងពីរក៏នៅតែបន្តសហការគ្នា រៀបចំប្រព័ន្ធទឹកសំអុយក្នុងរាជធានីភ្នំពេញ ឱ្យ បានល្អប្រសើរ៕
ដោយ ៖ ដារិទ្ធ