ភ្នំពេញ ៖ លោកស្រីថាក់ ឡានី អតីតសមាជិព្រឹទ្ធសភានៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសម រង្ស៉ី) និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញដោយសុវត្ថិភាព បន្ទាប់ពីបានបានទទួលការស្នើសុំលើកលែងទោសពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ថាក់ ឡានី អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំង ដែលបាននិរទេសខ្លួនទៅប្រទេសស៊ុយអែដ ក្រោយពេលត្រូវតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធការចោទប្រកាន់ បរិហារកេរ្ត៍សម្តេចហ៊ុន សែន នោះ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ដោយសុវត្ថិភាពនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២១។
នៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត លោកស្រី ថាក់ ឡានី បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិតជារំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេ ដែលលោកស្រីទទួលបានការសន្តោសប្រណីពីសម្តេចហ៊ុន សែន ដែលសម្តេច បានលើកលែងទោសឲ្យលោកស្រី ទើបលោកស្រីអាចវិលត្រឡប់មកមាតុប្រទេសវិញនៅពេលនេះ។
លោកស្រី ថាក់ ឡានី បានបញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជា ទៅប្រទេសស៊ុយអែដ តាមការបំភ័យឲ្យរត់គេច របស់មេដឹកនាំអតីតបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯងកណ្ដោចកណ្ដែងដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះត្រើយ ហើយមេដឹកអតីតនាំបក្សប្រឆាំង មិនដែលមកសួរសុខទុក្ខលោកស្រីម្ដងណាទេ។ លោកស្រី និងស្វាមី សូមគោរពថ្លែងអំណរគុណសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែអនុគ្រោះ សន្តោសប្រណី លើកលែងទោសឲ្យលោកស្រី និងជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតនិន្នាការនយោបាយឡើយ។
គួររំលឹកថា លោកស្រីថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្សសម រង្ស៉ី (គណបក្សភ្លើងទៀន) ត្រូវបានមេធាវីសម្តេចហ៊ុន សែន ប្តឹងពីបទចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
លោកស្រី ថាក់ ឡានី បានភៀសខ្លួនទៅក្រៅប្រទេសមុនពេលបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ ៨លានរៀល ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ ប៉ុន្តែដោយមានការសន្តោសប្រណីពីសម្តេចនាយករដ្ឋមន្ត្រី ទូលថ្វាយពព្រះមហាក្សត្រ ស្នើសុំលើកលែងទោសឲ្យទើបលោកស្រី ទើបលោកស្រី បានទទួលការលើកលែងទោស និងបានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៕