ខេត្តប៉ៃលិន ៖ បើទោះបីជាដំណាំពោតក្រហម និង ដំឡូងមី ហាក់បីដូចជាធ្លាក់ថ្លៃយ៉ាងគំហុកគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ តែរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តប៉ៃលិន មិនទាន់អស់សង្ឃឹមនៅឡើយទេ គឺពួកគាត់បានងាកបែរទៅដាំ ដំណាំហូបផ្លែមួយចំនួនដូចជា ផ្លែស្វាយកែវរមៀត ហើយលក់បានប្រាក់ជាច្រើនសម្រាប់ចិញ្ចឹមជីវិតក្រុមគ្រួសារ ។ លើសពីនេះ អ្នកខ្លះប្រមូលផលផ្លែស្វាយ ក្នុង១ឆ្នាំចនួនពីរទៅបីដង ដោយដាក់អូ័រម៉ូនបញ្ជាឱ្យផ្លែ ដែលពញ្ញាក់ស្មារតីប្រជាកសិករជាច្រើននាក់ឱ្យងាកបែរទៅដាំផ្លែស្វាយទាំងនោះវិញ ។
ជាក់ស្តែងនៅក្នុងចម្ការរបស់បុរសម្នាក់ ឈ្មោះ ព្រហ្ម សារ៉ាត់ រស់នៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានដាំស្វាយកែវរមៀតចំនួន៦០០ដើម ក្នុងចម្ការមួយកន្លែងនៅចំណុចខកមូស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយបានជួ លឱ្យឈ្មួញដាក់អ័រម៉ូន ទាញយកផលផ្លែលក់អស់រយៈពេលជាង៣ឆ្នាំមកហើយ ។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ កែវ សុំឆាយ អាយុ២៣ឆ្នាំ ជាមេការមើលថែចម្ការស្វាយខាងលើបានឱ្យដឹងថា ដំណាំស្វាយកែវរមៀតទាំងនោះ មានចំនួន៦០០ដើម ដោយក្នុងនោះ ដើមចាស់ចំនួន៣០០ដើម និងដើមថ្មីចំនួន៣០០ដើមដែរ ហើយត្រូវថៅកែជួលឱ្យរូបគេ ដេកចាំកាត់ស្មៅ និងការពារ ។ ប្រភពបន្តទៀតថា ម្ចាស់ចម្ការបានជួលដើម ស្វាយឱ្យឈ្មួញដាក់អ័រម៉ូនទាញយកផ្លែស្វាយពីក្នុងចម្ការ ក្នុង១ឆ្នាំ២ដង ហើយទុកផ្លែខ្លួនឯងតាមរដូវក្នុង១ឆ្នាំម្តង សរុបទាំងអស់ចំនួន៣ដង ហើយក្នុងម្តងៗថៅកែម៉ៅលក់ឱ្យឈ្មួញបានប្រាក់ចំនួន៩០០០ដុល្លារឯណោះ រីឯនៅឆ្នាំថ្មីនេះជិតដល់ប្រមូលផលទៀតហើយដែរ ។ តែមិនទាន់ឃើញមានម៉ូយខ្មែរ ឬម៉ូយថៃចូលមកទិញផ្លែស្វាយដល់ចម្ការ ដើម្បីបេះយកទៅលក់នៅឡើយទេ ។
បើតាមប្រភពពីឈ្មួញបានបង្ហើបឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែស្វាយកែវរមៀតអាចលក់បាន ក្នុង១គីឡូក្រាម តម្លៃ១២០០រៀលទៅ១៥០០រៀល បើផ្លែស្វាយល្អអាចលក់បានថ្លៃលើសពីនេះថែមទៀតផង ។ ចំណែកឯដំឡូងមីស្រស់វិញ ១គីឡូក្រាមលក់បានត្រឹមតែ០.៨ទៅ១បាត(ប្រាក់ថៃ ជាង១រយរៀល) ចំណិតដំឡូងមីក្រៀមលក់បានពី៣ទៅ៤បាត ហើយពោតក្រហមវិញ លក់បានត្រឹមតែ១គីឡូក្រាម តម្លៃ៣.៨ ទៅ៤បាតប៉ុណ្ណោះ ហើយ បើមេឃស្រអាប់ឬធ្លាក់ភ្លៀង ឈ្មួញកាន់តែបន្ថោកជាងនេះទៅទៀត ។
សូមបញ្ជាក់ថា ដំណាំល្ពៅ ដែលកាលពីមុនអត់មានហាងឆេង រហូតមកដល់ឥឡូវ ក៏មានហាងឆេងផងដែរ ដោយមានឈ្មួញម្នាក់រស់នៅក្នុងខេត្តប៉ៃលិន ទទួលម៉ៅទិញទាំងអស់ ។ តែបើចង់កុំឱ្យខាតចុងខាតដើមមុននឹងដាំសូមទាក់ទងសួរនាំទៅឈ្មួញនោះសិន ដើម្បីឱ្យគាត់ប្រាប់ដាំចំពេល ដែលឈ្មួញទទួលទិញ ព្រោះខាងបរទេសគេទិញមានពេលវេលាកំណត់ បើយើងប្រមូលផលអត់ចំពេលគេត្រូវការ លក់ក៏អត់បានថ្លៃផងដែរ ៕
ដោយ ៖ រតនៈ