Saturday, December 28, 2024
Homeព័ត៌មានជាតិអតីតប្តី ខឹងប្រពន្ធប្តឹងលែងលះ តាមចាក់ ៤កាំបិត

អតីតប្តី ខឹងប្រពន្ធប្តឹងលែងលះ តាមចាក់ ៤កាំបិត

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធមួយគូ រស់នៅមិនសូវចុះសម្រុងគ្នា ឈ្លោះប្រកែកមិនចេះចប់មិនចេះហើយ ធ្វើឱ្យភាគីស្ត្រីជាប្រពន្ធទ្រាំលែងបាន សម្រេចចិត្តដាក់ពាក្យប្តឹងលែងលះប្តី ទៅតុលាការ ស្រាប់តែក្រោយពេលលែងលះដាច់ស្រេច បុរសជាប្តីមួម៉ៅក្តៅចិត្ត មានគំនុំនឹងអតីតប្រពន្ធ ក៏តាមចាក់ប្រហារប្រពន្ធ ចំនួន ៤កាំបិត និងកាប់ថែម ១កាំបិតទៀត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិមានរិទ្ធិ ឃុំមានរិទ្ធិ ស្រុកសណ្តាន់។

ជនសង្ស័យជាប្តី ដែលចាក់និងកាប់អតីតប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់នោះ មានឈ្មោះស៊្រុន ពេជ្ររស្មី ហៅស្មី អាយុ ៣៦ឆ្នាំ ជាមន្ត្រីអាវុធហត្ថស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ចំណែកស្ត្រីរងគ្រោះ ជាអតីតប្រពន្ធ មានឈ្មោះគួច មួយហៀក អាយុ ៣០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ចេះតែកើតមានជម្លោះ និងអំពើហិង្សាជាញឹកញាប់។ លុះក្រោយមក ដោយសារតែភាគីស្ត្រីជាប្រពន្ធ ទ្រាំនឹងទង្វើរបស់ប្តីកំណាចនេះ លែងបាន ទើបសម្រេចសុំលែងលះតាមសម្រួលដែរ តែភាគីបុរសជាប្តី មិនព្រម ទើបស្ត្រីរងគ្រោះជាប្រពន្ធ បានដាក់ពាក្យបណ្តឹងលែងលះ ឡើងតុលាការ និងទើបត្រូវបានតុលាការចេញសាលក្រមលែងលះដាច់ស្រេច កាលពីពេលថ្មីៗនេះ ជាហេតុធ្វើឱ្យបុរសជាប្តីកំណាច មានកំហឹងនិងគំនុំក្នុងចិត្ត ក៏ចេះតែព្យាយាមតាមរករឿងអតីតប្រពន្ធរបស់ខ្លួនមិនឈប់។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យជាអតីតប្តី បានមកតាមរករឿងស្ត្រីរងគ្រាះ ជាថ្មីម្តងទៀត រហូតធ្វើឱ្យកើតមានជម្លោះពាក្យសម្តីនឹងគ្នាមួយប្រាវ ស្រាប់តែរំពេចនោះ ជនសង្ស័យ បានទាញកាំបិតចាក់ប្រហារទៅលើស្ត្រីរងគ្រោះ ជាអតីតប្រពន្ធ ចំនួន ៤កាំបិត ដោយចាក់ទៅលើដៃស្តាំ ចំនួ ២កាំបិត ដៃឆ្វេង ចំនួន ២កាំបិត និងកាប់ពីក្រោយ ចំកញ្ចឹងកស្ត្រីរងគ្រោះ ថែម ១កាំបិតទៀត បណ្តាលឱ្យស្ត្រីរងគ្រោះ រងរបួសយ៉ាងធ្ងន់ ដេកដួលក្នុងថ្លុលឈាម និត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកសណ្តាន់ ខេត្តកំពង់ធំ ភ្លាមៗ។

ប្រភពដដែល បន្តទៀតថា ក្រោយពីចាក់ប្រហារអតីតប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់រួចហើយ ជនសង្ស័យជាប្តី បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ភ្លាមៗផងដែរ ហើយបច្ចុប្បន្ន កម្លាំងអាវុធហត្ថមូលដ្ឋានស្រុក និងកម្លាំងនគរបាលជំនាញ កំពុងតាមចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

តាមប្រភពព័ត៌មាន បានឲ្យដឹងផងដែរថា កន្លងមក ជនសង្ស័យ ឈ្មោះស៊្រុន ពេជ្ររស្មី នេះធ្លាប់កាងបទល្មើសដឹកឈើ និងប្រើអំពើហិង្សាទៅលើប្រជាជន ព្រមទាំងអ្នកសារព័ត៌មានឱ្យរងរបួសផងដែរ ដោយពេលនោះ ត្រូវបានលោកហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពំង់ធំ បញ្ជាឱ្យចូលខ្លួន និងធ្វើកិច្ចសន្យារួចម្តងមកហើយ ប៉ុន្តែបុគ្គលនេះ ហាក់មិនរាងចាល នៅតែបង្កហិង្សា រហូតចុងក្រោយ ឈានដល់ការកាប់ចាក់ប្រហារអតីតប្រពន្ធ បណ្តាលឱ្យរងរបួសស្ទើរស្លាប់ស្ទើររស់ថែមទៀត៕

អ៊ុង សំអាត

RELATED ARTICLES