Sunday, November 17, 2024
Homeបរិយាយភ្លើង​នយោ​បាយ

ភ្លើង​នយោ​បាយ

គាថា “ស្រីហិតោបទេស” ចំណុចកថាខណ្ឌមួយបានសរសេរថា “ភ្លើងទោះបីរលត់ ក៏មិនងាយត្រជាក់” ពិតជាមាន ខ្លឹមសារជ្រាលជ្រៅមិនចេះហួសសម័យកាល បើយកមកប្រៀបធៀបនឹងជម្លោះនយោបាយ ទោះជាគូភាគីព្រមព្រៀងគ្នា ក៏ នៅតែមានចំហាយក្តៅនៃជម្លោះមិនងាយត្រជាក់។ ការបង្កាត់ភ្លើងនយោបាយ ត្រូវតែចេះពន្លត់ទៅតាមយុទ្ធសាស្ត្របត់បែន មើលមិនធ្លុះរបស់អ្នកនយោបាយ ប៉ុន្តែ ពេលភ្លើងរលត់ ត្រូវប្រយ័ត្នគំនុំគុំកួនសងសឹកគ្នាជាយថាហេតុ ដែល “នគរធំ” សូម លើករឿង “ភ្លើងនយោបាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជាទូទៅ “ភ្លើងភ្នក់” ដែលកសិករបង្កាត់មុខផ្ទះ ដើម្បីដេញមូស ឬសម្រាប់អាំងយកកម្តៅទប់ទល់នឹងធាតុត្រជាក់ បើសិន ជាមានភ្លៀងកក់ខែធ្លាក់មក នឹងធ្វើឱ្យភ្លើងភ្នក់នោះរលត់។ ទោះជាភ្លើងរលត់អស់ ក៏នៅសល់ផេះបញ្ចោញចំហាយក្តៅមិនងាយ ត្រជាក់ភ្លាមៗនោះទេ ជួនកាលក៏នៅសល់រងើកភ្លើងល្អិតៗកប់នៅក្នុងផេះនោះ អាចយកពងមាន់ទៅកប់បានឆ្អិនដោយមិន ចាំបាច់ស្ងោរ។ រីឯភ្លើងចង្កៀងប្រេងកាត ទោះជាអណ្តាតភ្លើងរលត់ដោយសារខ្យល់បក់បោកចូលតាមបង្អួត ក៏ប្រឆេះចង្កៀង មិនងាយត្រជាក់នោះឡើយ ហើយក៏ដូចជាលំផូងអគ្គិសនី ដាក់បំភ្លឺគេហដ្ឋាន ទោះជាយើងបិទចរន្ត ក៏លំផូងឬអំពូលភ្លើង នៅតែក្តៅងំ មិនងាយត្រជាក់។

យ៉ាងណាមិញ ជម្លោះនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ក៏មានលក្ខណៈមិនខុសពីភ្នក់ភ្លើង ចង្កៀងប្រេង- កាត ឬលំផូងអគ្គិសនី។ ទោះបីជាមន្ត្រីរាជរដ្ឋាភិបាល តែងលើកឡើងថា សព្វថ្ងៃបក្សកាន់អំណាច ក៏ដូចជារដ្ឋាភិបាល គ្មាន ជម្លោះជាមួយបក្សណាទេ អ្វីៗកើតឡើងនោះ វាជារឿងរបស់តុលាការ និងបុគ្គលធ្វើខុសច្បាប់ តែអ្នកវិភាគមើលឃើញថា ការឆ្លើយឆ្លងកាច់កុងគ្នា ជួនក៏រាងតឹងសរសៃករៀងខ្លួននោះ ហើយគេហៅថា “ជម្លោះនយោបាយ”។ ធម្មតា ជម្លោះនយោ- បាយ ជាជម្លោះថ្លៃថ្នូរ មិនដល់ថ្នាក់ជេរម្តាយកាយឪពុក ឬដាល់តប់គ្នាបែកមុខបែកមាត់នោះទេ ពោលគឺពេលជួបគ្នា គេ ចាប់ដៃញញឹមញញែមរកគ្នា លុះចេញទៅវិញ ក៏ឆ្លើយឆ្លងដៀមដាមគ្នាដដែល។

តាំងពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានប្រជារាស្ត្របោះឆ្នោតឱ្យ ដោយចែកកេរអាករ ជា វិមានធំស្កឹមស្កៃ រថយន្តទំនើប ជាមួយនឹងប្រាក់ខែសមរម្យមក មិនដែលឃើញត្រូវគ្នាបានយូរទេ។ “វប្បធម៌សន្ទនា” ដែល ធ្លាប់យកមកប្រើនោះ ក៏សាបដូចទឹកទន្លេ រហូតដល់បក្សកាន់អំណាច ធ្វើការតែម្នាក់ឯងក្នុងរដ្ឋសភា ទោះជាអនុម័តច្បាប់ អ្វីក៏យករូបមន្ត៥០+១ មកប្រើរហូត។ ជម្លោះនយោបាយកាន់តែធ្ងន់ទៅៗ មិនខុសពីភ្លើងភ្នក់ដែលកំពុងឆេះ ទោះជាភ្លើង នោះមិនរាលឆេះផ្ទះក្លាយជាអគ្គិភ័យ ក៏ប្រជាពលរដ្ឋមានការព្រួយបារម្ភថា ពុំដឹងថ្ងៃណាភ្លើងនោះរលត់ ហើយទោះជារលត់ ក៏មិនងាយត្រជាក់។

ឥឡូវស្ថានការណ៍កាន់តែតឹងតែង បន្ទាប់ពីរដ្ឋាភិបាលដាក់បញ្ជាឱ្យទប់ស្កាត់លោកសម រង្ស៊ី មេបក្សប្រឆាំង មិនឱ្យវិល ចូលស្រុក ដោយលើកឡើងថា ខ្លាចលោកសម រង្ស៊ី បង្កអសន្តិសុខក្នុងសង្គម។ ទោះជាយ៉ាងនេះក្តី ធម្មតាចរិតរបស់អ្នក- នយោបាយ គឺ “កាន់តែហាម កាន់តែចង់” ដូច្នេះបម្រាមនេះកាន់តែធ្វើឱ្យមេបក្សប្រឆាំង រិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបានវិលចូលស្រុក។

“តើវាសនាលោកសម រង្ស៊ី ដូចលោកខៀវ សំផន មេដឹកនាំខ្មែរក្រហមឬទេ?” នេះជាសំណួរដែលតាៗញៀនកាហ្វេ មួយចំនួន បានចោទសួរគ្នា ដែលពួកគាត់មើលឃើញថា សព្វថ្ងៃ លោកសម រង្ស៊ី បានក្លាយជាទណ្ឌិត ក្រោមអំណាចសាលក្រម សាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាសាលាឧទ្ធរណ៍ ខណៈដែលលោកខៀវ សំផន ក្លាយជាជនជាប់ចោទពីបទប្រល័យ- ពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម ក្រោមអំណាចតុលាការសាលាក្តីខ្មែរក្រហម។

បើតាមដានសកម្មភាពនយោបាយរបស់លោកខៀវ សំផន យើងដឹងថា គាត់ជាអ្នកតស៊ូក្រហមឆ្អិនឆ្អៅ ងប់នឹងមនោគមន៍វិជ្ជាកុម្មុយនិស្ត ធ្លាប់ជាប់គុកច្រវាក់ រត់លូនក្នុងព្រៃ និងក្លាយជាប្រធានគណប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ ពាក់ព័ន្ធដល់ការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ លោកខៀវ សំផន បានវិលចូលស្រុក ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)។ ពេលមកដល់ព្រលាន យន្តហោះភ្នំពេញ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ លោកខៀវ សំផន ក៏ត្រូវអ្នកទៅទទួលស្វាគមន៍ គប់នឹងដុំថ្មឈាមក្បាល តែដោយមានអន្តរាគមន៍ពីសម្តេចហ៊ុន សែន ទើបគាត់រត់រួច និងឡើងយន្តហោះទៅបាងកកវិញ។ ហេតុការណ៍គប់ដុំថ្មនោះ ក៏មានការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ក្តាប់សភាពការណ៍មិនបានណែន ធ្វើឱ្យ “ភ្លើងរលត់ទៅហើយ ក៏មិន ងាយត្រជាក់”។

ដោយឡែក លោកសម រង្ស៊ី មានសកម្មភាពនយោបាយផ្ទុយពីលោកខៀវ សំផន ព្រោះលោកជាអ្នកតស៊ូសេរីនិយម បំពាក់មនោគមន៍វិជ្ជាបែបអាមេរិក បារាំង។ គាត់មិនធ្លាប់ជាប់គុកច្រវាក់អ្វីទេ ប៉ុន្តែ ការប្រឆាំងមិនព្រមដកថយ តាំងពីអាណត្តិ ទី១មកនោះ ធ្វើឱ្យគាត់ឈរមុខគេក្នុងចំណោមអ្នកប្រឆាំងនៅកម្ពុជា។ ពេលគាត់មកដល់ព្រលានយន្តហោះស្រុកខ្មែរម្តងៗ មិនដែលឃើញដុំថ្មហើរទៅត្រូវក្បាលគាត់ដូចលោកខៀវ សំផន នោះទេ ឃើញតែអ្នកគាំទ្រទៅទទួលគគ្រឹកគគ្រេង រហូត ដល់ស្ទះចរាចរណ៍។

ដូច្នេះយើងឃើញថា ភ្លើងនយោបាយពេលនេះ មិនទាន់រលត់ទេ ដោយសារបក្សធំៗទាំងពីរដែលមានអាសនៈក្នុង រដ្ឋសភា បន្តពាក់មុខយក្សដាក់គ្នា មិនទាន់ដោះក្បាំងមុខនោះចេញ។ ការទប់ស្កាត់លោកសម រង្ស៊ី មិនឱ្យវិលចូលស្រុក ខណៈ ដែលតុលាការចេញសាលក្រមឱ្យចាប់ខ្លួននោះ ហាក់មានភាពមិនច្បាស់លាស់រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ មន្ត្រីរដ្ឋាភិបាលខ្លះ បានលើកឡើងថា មិនមានការព្រួយបារម្ភអីចំពោះវត្តមានលោកសម រង្ស៊ី នោះទេ គ្រាន់តែចង់ “ការពារ ប្រសើរជាងព្យាបាល” ព្រោះបើគាត់ចូលមក នឹងមានអស្ថិរភាពសង្គម។ មន្ត្រីខ្លះទៀតបានទាំងនិយាយបង្ការទុកជាមុនថា “បើ មានហេតុការណ៍អាក្រក់កើតឡើងបណ្តាលឱ្យឆេះយន្តហោះនោះ ច្បាស់ជារដ្ឋាភិបាលសងគេ ដែលយន្តហោះ១គ្រឿង មាន តម្លៃខ្ទង់២០០លានដុល្លារឯណោះ អ៊ីចឹងមានតែទប់ស្កាត់បុគ្គលម្នាក់ហ្នឹងឱ្យខាងតែបាន…”។

បើអ្វីៗនៅតែមិនចុះសម្រុងគ្នាបែបនេះ គឺចៀសមិនផុតពីពាក្យថា “ជម្លោះនយោបាយ” ទោះជាមន្ត្រីរដ្ឋាភិបាលថា គ្មាន ជម្លោះក៏ដោយចុះ។ ដូចយើងបញ្ជាក់រួចហើយថា ជម្លោះនយោបាយ មិនដល់ថ្នាក់ដាល់តប់ បោចសក់ ជេរបញ្ចោរគ្នា ដូចស្រីៗ អ្នកលក់ដូរនៅផ្សារមួយចំនួនដែលដណ្តើមម៉ូយគ្នានោះទេ តែជាជម្លោះថ្លៃថ្នូរ ព្រោះអ្នកឈ្លោះនោះពាក់សុទ្ធតែអាវគ្រ័រសេ ចងក្រវាត់ក ជិះឡានទំនើប។ ជម្លោះដណ្តើមម៉ូយគ្នា ឆាប់ត្រជាក់ទេ ផ្ទុយទៅវិញ ជម្លោះដណ្តើមសន្លឹកឆ្នោត ទោះជាមាន ភ្លៀង ឬគំនាបពីអន្តរជាតិ ធ្វើឱ្យភ្លើងរលត់ ក៏នៅសល់ផេះក្តៅ មិនងាយត្រជាក់។

សរុបទៅ “ភ្លើងនយោបាយ” គឺមានន័យមិនខុសពីគាថាស្រីហិតោបទេស បកប្រែពីភាសាសំស្ក្រឹត ដោយព្រះភិក្ខុវីរិយ- បណ្ឌិតោ ប៉ាង ខាត់ ថា “ភ្លើងទោះបីរលត់ ក៏មិនងាយត្រជាក់” នេះឯង។ វប្បធម៌សន្ទនា ដែលប្រៀបបាននឹងទឹកភ្លៀង ពន្លត់ភ្លើងនោះ គឺវាពន្លត់បានតែគល់អុសកំពុងឆេះឱ្យថយឥទ្ធិពល ប៉ុន្តែរងើកភ្លើងល្អិតៗកប់ក្នុងផេះ មិនងាយរលត់ទេ បើ កាយវាមកដាក់លើសំរាម ច្បាស់ជាឆាបឆេះជាអណ្តាតភ្លើងវិញមិនខានឡើយ។ ការហាមឃាត់អ្នកនយោបាយមិនឱ្យធ្វើ សកម្មភាពអ្វីមួយ ធ្វើឱ្យអ្នកនយោបាយនោះកាន់តែចង់ ដែលជាសភាវៈធម្មជាតិតាក់តែងមក។ ប៉ុន្តែទោះជាយ៉ាងណា គួរ គិតដល់ប្រយោជន៍ជាតិជាធំ ដើម្បីប្រជាពលរដ្ឋបានរស់នៅក្នុងសុខសន្តិភាព និងអភិវឌ្ឍន៍…៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES