Sunday, November 24, 2024
Homeនយោបាយករណីឧកញ៉ាស៊ីនំឱ្យលុយ យុវជន ប្រឆាំង ចោទបក្សកាន់អំណាច កេងចំណេញ នយោបាយ

ករណីឧកញ៉ាស៊ីនំឱ្យលុយ យុវជន ប្រឆាំង ចោទបក្សកាន់អំណាច កេងចំណេញ នយោបាយ

ភ្នំពេញ ៖ យុវជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើង ថា ករណីប្តឹងផ្តល់គ្នា រវាងស្រីស្អាត ពេជ្រ មានរីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MyTV  និងឧកញ៉ាស៊ីនំឱ្យលុយ ហេង សៀ នោះ ចំណេញ នយោបាយទៅខាងបក្សកាន់អំណាច (គណបក្ស ប្រជាជនកម្ពុជា)។  ប៉ុន្តែគណបក្សកាន់អំណាច (CPP)បានប្រតិកម្មចំពោះការចោទបែបនេះ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានហេតុផលអី ទៅកេងចំណេញនយោបាយ លើករណីជម្លោះបុគ្គលនោះទេ។

លោកហ៊ុន កុសល យុវជន នៃអតីត គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា ករណី ការប្តឹងផ្តល់គ្នា រវាងឧកញ៉ា ហេង សៀ និង ពិធីការិនី មាន ពេជ្ររីតា នោះ គណបក្ស ប្រជាជនកម្ពុជា ឬស៊ីភីភី 9ជភភប កេងយក ចំណេញនយោបាយ ទាំងសងខាង។

លោកហ៊ុន កុសល បានថ្លែងថា “ខ្ញុំមើល ឃើញ (CPP) បានរៀបចំសេណារីយោ ជាលក្ខណៈ ប្រព័ន្ធធំៗ៤ សម្រាប់បង្វែរស្ថានការណ៍ និង បន្សាបព្រឹត្តិការណ៍ដ៏អយុត្តិធម៌ កើតឡើងលើ កញ្ញា ពេជ្ររីតា ៖

១- ប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ ស៊ីភីភី បញ្ចោញវីដេអូ សម្រាប់បង្កើតវិមតិ ឱ្យ មានជ្រួលច្របល់ សង្ស័យទៅវិញទៅមក ដើម្បី សាធារណមតិ ងាកពីរឿងអយុត្តិធម៌ ទៅជា រឿងប្រុស និងស្រីឈ្លោះគ្នា ឬទាស់ទែងគ្នា។

២- ក្រសួងយុត្តិធម៌ ចេញមុខនិយាយ ហាក់រកយុត្តិធម៌ឱ្យភាគីទាំងពីរ ប៉ុន្តែសកម្ម-ភាពសារព័ត៌មាននិន្នាការគាំទ្រ CPP បែរជា បង្វែរព្រឹត្តិការណ៍ដ៏អយុត្តិធម៌ រំលោភបំពាន លើស្ត្រី ទៅជារឿងជម្លោះស្នេហាប្រុសស្រី ទៅវិញ បង្កើតវិមតិចំពោះស្ត្រីរងគ្រោះរួចទៅ ហើយ។

៣- បណ្តាញសង្គមគាំទ្រ CPP ឬសមាគម សិល្បៈ របស់ CPP ប្រកាសយុត្តិធម៌លួងចិត្ត មហាជន ព្រោះក្រុមនេះ គ្មានឥទ្ធិពលសម្រេច លើការងារយុត្តិធម៌ មេខាងលើសម្រេចរួច ហើយ ក្រុមនេះ ក៏រត់តាមមេដែរ ដូច្នេះក្រុម នេះ ចំណេញរូបភាពថា ស្រឡាញ់យុត្តិធម៌ ដើម្បីយករូបនេះ បន្តជ្រោមជ្រែងគណបក្ស ឬយករូបភាពនេះ ទុកបង្វែរព្រឹត្តិការផ្សេងៗ ខាងក្រោយទៀត។

៤- មេធាវីលោកនាយករដ្ឋមន្ត្រី និង តុលាការ នរណាក៏ដឹងថា ស្ទើរគ្រប់ចៅក្រម ខ្លាច គោរពកោតខ្លាចលោក គី តិច មេធាវី ជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ ឬមេធាវី ជាក្រុមតែមួយ ដូច្នេះរឿង នេះ វាមិនមែនជារឿងយុត្តិធម៌សម្រាប់សង្គម ជាតិ ឬសម្រាប់ស្ត្រីរងគ្រោះទូទៅទេ វាជាឈុត ឆាកមួយ សម្រាប់បិទបាំងភាពស្មោកគ្រោក របស់អ្នកមានលុយ មានអំណាចទំនើងចិត្ត ប៉ុណ្ណោះ”។

លោកហ៊ុន កុសល បន្តថា “សម្រាប់ វាសនាកញ្ញា មាន ពេជ្ររីតា នឹងមិនបាន យុត្តិធម៌ទេ ៖

១- រឿងដ៏អយុត្តិធម៌របស់នាង គេបាន បន្សាបជាលក្ខណៈប្រព័ន្ធរួចហើយ សង្គមជាតិ មានវិមតិចំពោះនាងថា ជារឿងស្នេហាប្រុស ស្រី វាមិនមែនជារឿងអយុត្តិធម៌សង្គមចំពោះ ស្ត្រីទៀតទេ។

២- គេនឹងសម្រុះសម្រួលបញ្ហានេះ ដើម្បី បញ្ចប់រឿងតែម្តង ដោយសារជាក្មេងស្រីស្អាត ធ្លាប់តែស្រឡាញ់ខ្លួន សប្បាយរីករាយនឹងការងារ នាងប្រាកដជាភ័យខ្លាច រឿងជាប់គុកខ្លាំងណាស់ ដូច្នេះបើនាងចង់រួចទោសពីរឿងក្តីនេះ ប្រាកដ ណាស់ នាងត្រូវលះបង់ចោលរឿងយុត្តិធម៌ នាងត្រូវតែបង្ខំចិត្តទទួលយកការសម្រុះសម្រួល ដោយមិនចាំបាច់និយាយរឿងប្តឹងបកទៀតទេ។

៣- ដោយនាងបាត់បង់ការងារ ការសិក្សា ត្រូវពន្យារពេល កិត្តិយសត្រូវពួកគេបង្ខូចទៅ ជារឿងស្នេហាប្រុសស្រី ដូច្នេះវាសនារបស់នាង ស្ថិតនៅក្នុងដៃ តាមការរៀបចំរបស់គេទាំង ស្រុង ដោយចង់មានគ្នីគ្នា ឬបក្ខពួក នាងត្រូវ បង្ខំខ្លួនឯង ចូលរួមជាមួយគេ ឬគេប្រើប្រាស់ សម្រាប់ទិសដៅដែលគេចង់ប្រើ”។

លោកហ៊ុន កុសល បន្ថែមថា “ចុងក្រោយ CPP យកចំណេញទាំងសងខាង ភាគីឧកញ៉ា ប្រព្រឹត្តល្មើស ប្រឌិតរឿងអាភាសក្លែងក្លាយ សុំទោសជាសាធារណៈ រួចខ្លួន គ្មានទោសដូច្នេះ សគុណទាំងនេះ ធ្លាក់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះបញ្ជូនក្រុមការងារជួយសម្រុះ-សម្រួលបញ្ចប់រឿង។ ចំណែកភាគីស្ត្រី មាន ពេជ្ររីតា អរគុណដល់លោកនាយរដ្ឋមន្ត្រី ដូច គ្នាឧកញ៉ាដែរ ដោយចាត់មេធាវីជួយដោះលែង នាងចេញពីការឃុំខ្លួននាងនៅក្នុងគុក។ សរុប មក គ្មានទេយុត្តិធម៌សម្រាប់នាង អ្វីទាំងអស់ បែរជាធ្លាក់លើក្មេងស្រីដ៏គួរអាណិតនេះដដែល ដោយរស់នៅក្រំចិត្ត ដែលគេជាន់ឈ្លីកិត្តិយស នាង”។

ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា រឿងនេះមិនទាក់ទងនយោបាយ ទេ ក៏ប៉ុន្តែយុវជនប្រឆាំង ប្រទាញរឿងនេះ ទៅជារឿងនយោបាយ ដើម្បីមួលបង្កាច់រាជ-រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា។

លោកសុខ ឥសាន បានមានប្រសាសន៍ ថា “បាទ! ក្រុមយុវជនក្រុមឧទ្ទាមក្រៅច្បាប់ និយាយនេះ វាគ្រាន់តែជាការយល់ឃើញរបស់ បុគ្គល ហើយវាមានចេតនាទុច្ចរិត ដើម្បីទាញ យករឿងបុគ្គល ទៅធ្វើជារឿងនយោបាយ ហ្នឹងចំណុចទី១។ ចំណុចទី២ យើងដឹងហើយ ថា រឿងរវាងឧកញ៉ា ជាមួយកញ្ញារីតា ហ្នឹង វាជារឿងបុគ្គល ទំនាស់បុគ្គល។ អ៊ីចឹងទេ បាន ជារាជរដ្ឋាភិបាល ចាត់ឱ្យមេធាវីដែលតែងតែ ជួយដល់ជនរងគ្រោះហ្នឹង គឺថា តាមដានរឿង ហ្នឹង ហើយចាត់ការរឿងហ្នឹង ដើម្បីរកយុត្តិធម៌ ជូនកញ្ញារីតា ហ្នឹង ពីព្រោះកញ្ញារីតា ក៏ជា អ្នកដែលផ្តល់កិត្តិយស ឱ្យប្រទេសជាតិកម្ពុជា យើង តាមរយៈការប្រកួតប្រជែង Miss Grand Cambodia  ដែរ”។

លោកសុខ ឥសាន បានមានប្រសាសន៍ បន្តថា “អាហ្នឹងជារឿងបុគ្គល បើរឿងបុគ្គល ហើយ មួយឧកញ៉ា មួយជាប្រជាជនធម្មតា អ៊ីចឹងទេ ត្រូវតែមេធាវីសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ។ អាហ្នឹង មានតែប៉ុណ្ណឹងទេ ពីព្រោះនេះមិនមែនតែលើក ទី១ ទេ គឺមានច្រើនហើយ ដែលមេធាវីសម្តេច តេជោ ហ៊ុន សែន តែងតែជួយរកយុត្តិធម៌ និង ជួយគាំពារផ្នែកផ្លូវច្បាប់ ទៅដល់ជនរងគ្រោះ ជាអ្នកខ្សត់ខ្សោយ ឬមួយក៏ជនងាយរងគ្រោះ។ អ៊ីចឹងវាជារឿងធម្មតា នៅក្នុងសង្គមដែលកើត ឡើង មិនសមអីពួកឧទ្ទាមក្រៅច្បាប់ ទាញ រឿងបុគ្គល មកនយោបាយ។ បានន័យថា រឿង ហ្នឹងមិនទាក់ទងរឿងនយោបាយទេ ក៏ប៉ុន្តែ ក្រុមយុវជនហ្នឹង ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង ប្រទាញរឿងហ្នឹង ទៅជារឿងនយោបាយ ដើម្បី មួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា”។

លោកសុខ ឥសាន បន្តទៀតថា “ព្រោះ តែអត់កាន់ជើងទាំងសងខាងហើយ បានឱ្យ មេធាវីជួយការពារក្តី ដើម្បីរកយុត្តិធម៌ឱ្យគូភាគី យើងមិនថាអ្នកមាន យើងមិនថាអ្នកក្រទេ ក៏ប៉ុន្តែមេធាវី ចូលលូកដៃតាមផ្លូវច្បាប់ហ្នឹង ដើម្បីរកយុត្តិធម៌ ឱ្យភាគីដែលមានទំនាស់គ្នា ហ្នឹង ទៅតាមការជាក់ស្តែងនៃសំណុំរឿងហ្នឹង សាច់រឿងហ្នឹង យើងមិនអាចទាញរឿងត្រូវ ឱ្យទៅធ្វើខុស រឿងខុស ឱ្យទៅធ្វើត្រូវទេ មិន អាចអ៊ីចឹងទេ។ ដូច្នេះរឿងជម្លោះបុគ្គលរបស់ គេ យើងមិនដឹងផ្ទៃក្នុងយ៉ាងម៉េច ក៏ប៉ុន្តែយើង ការពារផ្លូវច្បាប់ ដើម្បីការពារដល់ជនរងគ្រោះ តែប៉ុណ្ណឹងទេ””៕ កុលបុត្រ

RELATED ARTICLES