ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាលឌីមៀ ពូទីន គ្រោងនឹងជួបទល់មុខគ្នា នៅទីក្រុងហ្សឺណេវប្រទេសស្វ៊ីស នាថ្ងៃទី ១៦ មិថុនា ២០២១ ។ ជំនួបគ្នានេះបានកើតឡើងស្របពេលដែលប្រទេសទាំងពីរកំពុងមានជម្លោះជាមួយគ្នាដ៏ស្រួចស្រាលទៅលើបញ្ហាជាច្រើនរួមមាន៖ ការជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិក ការលួចព័ត៌មាន សិទ្ធិមនុស្ស និង បញ្ហាអ៊ុយក្រែនជាដើម។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កាលពីដើមខែនេះសារព័ត៌មានខាងលើបានរាយការណ៍ថាប្រទេសទាំងពីរបានបន្ថយការរំពឹងទុកសម្រាប់ការឈានទៅរកភាពជោគជ័យនៅឯកិច្ចប្រជុំកំពូលនៃប្រទេសមហាអំណាច ដែលទំនងជាគ្មានប្រទេសណាមួយហ៊ានធ្វើសប្បទានទៅលើអ្វីដែលពួកគេមិនយល់ស្របពីមុនមកនោះទេ។
លោកស្រីJen Psaki លេខាធិការសារព័ត៌មានប្រចាំសេតវិមាន បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំនឹងពិភាក្សាអំពីបញ្ហាបន្ទាន់ទាំងអស់ដូចដែលយើងស្វែងរកដើម្បីស្តារភាពអាចទុកចិត្តគ្នាបាន និងស្ថេរភាពចំពោះទំនាក់ទំនងអាមេរិក – រុស្ស៊ី” ។
ចំណែកឯវិមានក្រឹមឡាំងវិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាមេដឹកនាំទាំងពីរនឹងពិភាក្សាទ្វេភាគីអំពីបញ្ហាទាក់ទងទៅនឹងយុទ្ធសាស្ត្រស្ថេរភាពនុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀតរួមបញ្ចូលទាំងសហប្រតិបត្តិការ ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងជម្លោះក្នុងតំបន់។
ប្រធានបទមួយផ្សេងទៀតដែលទំនងជានឹងកើតឡើងនៅក្នុងជំនួបនេះគឺកំហឹងរបស់បស្ចិមប្រទេសទៅលើប្រទេសបេឡារុស្ដែលបានបង្ខំឱ្យយន្តហោះ Ryanair ចុះចតកាលពីថ្ងៃអាទិត្យនៅទីក្រុង Minsk ជួយអោយអាជ្ញាធរបានចាប់ខ្លួនអ្នកសារព័ត៌មានប្រឆាំងបេឡារុសម្នាក់នៅលើយន្តហោះ។

ប្រទេសរុស្ស៊ីបានបដិសេធចំពោះរបាយការណ៍ដែលថាពលរដ្ឋរបស់ខ្លួនចំនួន ៤ នាក់បានចុះពីលើយន្តហោះនៅទីក្រុង Minsk ដែលជាហេតុធ្វើឱ្យមានការសង្ស័យនៃការចូលរួមរបស់រុស្ស៊ី។
កន្លងមកលោក ប្រធានាធិបតី អាមេរិក បាននិយាយថាលោកចង់ ឲ្យ លោកពូទីនបញ្ឈប់ការព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតអាមេរិក បញ្ឈប់ការវាយលុកទៅលើបណ្តាញប្រព័ន្ធបច្ចេកវិទ្យា បញ្ឈប់ការគំរាមកំហែងអធិបតេយ្យភាពរបស់អ៊ុយក្រែននិងដោះលែងអ្នកនយោបាយប្រឆាំងនិងរិះគន់វិមានក្រឹមឡាំងគឺលោក Alexei Navalny ។
មន្រ្តីរុស្ស៊ីបានប្រាប់រ៉យទ័រថាពួកគេចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយដើម្បីស្តាប់លោក បៃដិន ដោយផ្ទាល់បន្ទាប់ពីអ្វីដែលប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ីបាននិយាយថាវាគឺជាសារចម្រុះពីរដ្ឋបាលអាមេរិកដែលបានចូលកាន់តំណែងកាលថ្ងៃទី ២០ ខែមករា។
លោកពូទីនចាត់ទុកសម្ពាធរបស់អាមេរិកទៅលើលោកNavalnyនិងការគាំទ្ររបស់ខ្លួនចំពោះសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសរុស្ស៊ីនិងបេឡារុស ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ប្រទេសរុស្ស៊ីមិនសប្បាយចិត្តចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិករួមទាំងការប្រកាសកាលពីថ្ងៃទី ១៥ ខែមេសា រួមមានការទប់ស្កាត់ទីផ្សារបំណុលរដ្ឋាភិបាលរុស្ស៊ីដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ ការវាយលុកតាមអ៊ីនធឺណេត ការសម្លុតគំរាមអ៊ុយក្រែននិងសកម្មភាពដ៏សាហាវផ្សេងទៀតដែលរុស្ស៊ីបដិសេធ៕