Monday, February 24, 2025
Homeតារាខ្មែរស៊ិន ឧត្តមផល្លា ទទួលមរណភាពដោយសារជំងឺមហារីក

ស៊ិន ឧត្តមផល្លា ទទួលមរណភាពដោយសារជំងឺមហារីក

ភ្នំពេញ ៖ តារាចម្រៀងស្រីពោរពេញដោយទេពកោសល្យ និងអាចច្រៀងបានជាច្រើនភាសា គឺអ្នកនាងស៊ិន ឧត្តមផល្លា បានទទួល មរណភាពហើយ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។

តារាចម្រៀង ស៊ិន ឧត្តមផល្លា ដែលធ្លាប់តែមានសាច់ស្អាតសខ្ចីតាមរយៈការបង្ហាញខ្លួនតាមឆាកតន្ត្រី ហើយនាងអាចច្រៀងបានយ៉ាងល្អ ទាំងភាសារខ្មែរ អង់គ្លេស និងចិន បានយ៉ាងពិរោះនោះ កាលពីពេលថ្មីៗមុននេះ ត្រូវបានគេប្រទះឃើញថា បានប្រែទៅជាសំបុរខ្មៅ ស្រកសាច់ជាង មុន និងកាត់សក់ខ្លី ហើយដេកលើគ្រែពេទ្យយ៉ាងកម្សត់ ស្រាប់តែមិនបានប៉ុន្មានផង ក៏ទទួលបានដំណឹងថា អ្នកនាងបានទទួលមរណភាពទៅហើយ នៅព្រឹកថ្ងៃទី២៨ ឧសភា។

បើតាមអ្នកសិល្បៈដែលជិតដិតជាមួយអ្នកនាង បានបង្ហើបប្រាប់ថា អ្នកនាងឧត្តមផល្លា គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹក ត្រចៀក) ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះ ជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ ប្រៀបបាននឹងជាសះស្បើយទៅហើយ។ តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៊ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់ មហារីកក្នុងខួរក្បាល រហូតក្លាយជាដំណាក់ចុងក្រោយតែម្តង។

កាលនៅមានជីវិត អ្នកនាងស៊ិន ឧត្តមផល្លា ធ្លាប់បានបង្ហោះសារចុងក្រោយបង្អស់ លាតត្រដាងពីស្ថានភាពជំងឺរបស់ខ្លួនថា “បងប្អូនតែង តែសួរខ្ញុំថា ខ្ញុំកើតអីមែនទេ? ឥឡូវខ្ញុំសម្រេចថាបង្ហាញការពិតហើយ គឺខ្ញុំកំពុងតែរស់នៅជាមួយជំងឺតំណាក់កាលចុងក្រោយ ហើយក្នុងចិត្តខ្ញុំ គ្រាន់តែចង់ឃើញកូនៗខ្ញុំមានប្តីមានប្រពន្ធ រួចហើយចាំយកខ្ញុំទៅពេលណាក៍បានដែរ”។

គួររំលឹកថា អ្នកនាងស៊ិន ឧត្តមផល្លា ដែលធ្លាប់ បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយនោះ បានធ្លាក់ខ្លួនមេម៉ាយកូន៣ ក្រោយពីនាងបានចែកផ្លូវគ្នាជាមួយអតីតប្តីលោកយុទ្ធ ស័ក្ក ជាច្រើនឆ្នាំ ដោយនាងបានផ្តាច់ខ្លួនមួយរយៈធំ ទៅបើកហាងរកស៊ីលក់គ្រឿងបឡុង ស្លាដក់ ជីវរ នៅម្តុំបុរីកីឡា។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលអ្នកនាងបានវិលមករកឆាកតន្ត្រី និងថតភាពយន្តឡើងវិញ តែគ្មានអ្នកណា ដឹងថាអ្នកនាងមានជំងឺមហារីកជាប់ខ្លួនឡើយ។

មុននឹងធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ដោយសារជំងឺកាចសាហាវមួយនេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានចេញច្រៀងតាមស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីមង្គលការ និងជប់លៀងជាច្រើនតាមការអញ្ជើញរបស់ខាង Agency ពិសេសគឺពេលគេត្រូវការអ្នកចម្រៀង ច្រៀងភាសារចិន។ តែគួរឱ្យស្តាយពេលនេះអ្នកនាងផល្លា មិនអាចវិលមកបំពេរអារម្មណ៍មហាជនបានទៀតទេ ព្រោះតែមិនអាចតតាំងជាមួយនឹងជំងឺដ៏កាចសាហាវ មួយនេះបានឡើយ រហូតត្រូវបានជំងឺនេះ ឆក់យកជីវិតអ្នកនាងបាត់ទៅហើយ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បើទាះជាមានការ ប្រឹងប្រែងសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញ យ៉ាងណាក្តី។

RELATED ARTICLES