កូនក្រមុំតារាចម្រៀងឈិន កុសល នាងឈិន មុនីនាថ ដែលលេចមុខតាមភាពយន្ដនិងMV កាន់តែច្រើនស្នងតំណែងអាជីពសិល្បៈពីឪពុកនោះស្រាប់តែពេលនេះនាងកាន់តែបង្ហាញរូបភាពកៀកកើយកាន់តែខ្លាំងជាមួយកូនកំលោះយាយយ៉យ គឺនាយព្រែក ដែលសកម្មភាពរបស់ពួកគេមើលទៅដូចគូសង្សារព្រោះច្រើនតែជិះរថយន្ដតែ២នាក់ជាមួយគ្នាជាញឹកញាប់។


តាមព័តមានថាទំនាក់ទំនងរវាងនាងមុនីនាថ និងនាយព្រែក ក៍ត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងឭដែរ ខណៈដែលឪពុកមុនីនាថ លោកកុសល និងម្ដាយនាយព្រែក យាយយ៉យ មិនប្រឆាំងពួកគេកំពុងតែស្អិតល្មូតនោះឡើយ។


ឈិន មុនីនាថ មិនឆ្លើយតបឡើយនៅពេលដែលសាកសួររឿងគេសង្ស័យថានាងកំពុងតែមានស្នេហាជាមួយនាយព្រែក នេះដោយនាងនិយាយយ៉ាងខ្លីតាមឆាកហ្វេសបុកកាលពីថ្ងៃទី២៦ខែឧសភា ថាកំពុងតែជាប់រវល់មិនទាន់អាចនិយាយបាន។

ដោយឡែកនាយព្រែក ដែលបានចែកផ្លូវជាមួយអតីតគូដណ្ដឹងជាច្រើនខែមកហើយនោះមិនអាចទាក់ទងបានទេ។ទោះជាយ៉ាងណាភាពស្អិតល្មូតរវាងមុនីនាថ និងនាយព្រែក ត្រូវបានអ្នកសិល្បៈរួមអាជីពគាំទ្រនិងជម្រុញឲ្យតារាទាំង២បន្ដស្វែងយល់ចិត្តគ្នាឲ្យកាន់តែច្រើនជាងនេះថែមទៀតផងព្រោះថាពួកគេពិតជាសាកសមគ្នាខ្លាំងណាស់។


ឈិន មុនីនាថ ត្រូវជាក្មួយស្រីរបស់អតីតពិធីការិនីឈិន សុធារី បានចាប់អាជីពសិល្បៈតាមរយៈការថតសម្ដែងMVនិងភាពយន្ដមួយចំនួនហើយទេពកោសល្យរបស់នាងមិនចាញ់ឪពុកនិងមីងរបស់នាងនោះទេទើបគេថា”ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”។

បើសិនជាកូនក្រមុំលោកកុសល ពិតជាព្រមចូលខ្លួនមកស្អំរបួសបេះដូងនាយព្រែក ដែលកំពុងតែរងាកាយ៉ាក្រោយត្រូវគូដណ្ដឹងផ្ដាច់ពាក្យជាច្រើនខែនោះច្បាស់ជាធ្វើឲ្យកូនប្រុសលោកយាយយ៉យ រូបនេះលែងដំបៅបេះដូងទៀតជាមិនខាន។តែមិត្តភក្ដតារាទាំង២បានឲ្យដឹងថាមុនីនាថ ហាក់មិនទាន់ទុកចិត្តនាយព្រែក ទាំងស្រុងនោះទេព្រោះតែធ្លាប់លេចឭថាពិធីករខកស្នេហ៍ជាបន្ដបន្ទាប់រូបនេះពូកែវោហាស័ព្ទណាស់ជាមួយស្រីស្អាតៗហេតុនេះហើយនាង ត្រូវតែពិសោធន៍ស្នេហ៍ឲ្យបានច្បាស់លាស់សិនដើម្បីកុំឲ្យខកស្នេហ៍លើកដំបូងក្នុងជីវិតទើបពេញវ័យក្រមុំនេះ៕
