Saturday, May 10, 2025
Homeតារាខ្មែរខេម ប្រឈមបានលេខ២

ខេម ប្រឈមបានលេខ២

តារាចម្រៀងGalaxy លោកប៉ុន សុណារិន ហៅខេម នៅមិនទាន់សាងកេរ្ដិ៍ឈ្មោះឲ្យរះត្រដែតខ្លាំងដូចកាលនៅថោន ឡើយក្រោយឈជើងនៅទ្រនុំទី២នេះរយៈពេលជាង១ឆ្នាំមក។ទោះជាយ៉ាងណាមហាជនមើលឃើញច្បាស់ថាGalaxy  លើកស្ទួយតារារបស់ខ្លួនជាតួឯក៣ដួងនោះគឺលោកព្រាប សុវត្ថិ,ខេម និងតន់ ច័ន្ទសីម៉ា ខណៈដែលតារាផ្សេងៗទៀតមិនសូវលេចធ្លោនោះទេ។

ដោយឡែកលោកខេម វិញគេកត់សម្គាល់ថាមុនពេលដែលលោកព្រាប សុវត្ថិ ទៅចូលរួមជាមួយGalaxy នោះលោកគឺជាតួឯកជាមួយតន់ ច័ន្ទសីម៉ា ប្រចាំផលិតកម្មថ្មីនេះ ។ប៉ុន្ដែពេលកំពូលតារាចម្រៀងព្រាប សុវត្ថិ ទៅដល់លោកបែជាក្លាយទៅជាតួរងហើយអាចឈនៅតំណែងលេខ២ប្រចាំផលិតកម្មតែម្ដងព្រោះទោះជាផលិតកម្មណាក៍មិនអាចទម្លាក់ព្រាប សុវត្ថិ ឲ្យមកធ្វើជាតួរងបានដែរ។

ក្នុងជំនួបជាមួយអ្នកកាសែតកន្លងមកខេម បាននិយាយចំៗថាមានអ្នកខ្លះនិយាយថាលោកចាត់ទុកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកព្រោះលោកចូលGalaxyមុន។តែតាមពិតគ្មានរឿងបែបនោះទេព្រោះតារាថោននិងក្រុមការងារទាំងអស់ស្រលាញ់គ្នាណាស់។ទោះជាខេម អះអាងបែបនេះក្ដីតែលោកហាក់ស្រងូតស្រងាត់ជាងមុននៅពេលដែលឭគេនិយាយថាពេលខេម ចូលGalaxyមិនសូវល្បីខ្លាំងដូចមុននោះ។

ដោយឡែកស្រីស្រស់តូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា វិញធ្លាប់និយាយថានាងទទួលបានបទពិសោធន៍ច្រើនក្រោយមានឱកាសចាប់ដៃជាមួយរៀមច្បងព្រាប សុវត្ថិ និងខេម ហើយនាងបានចាត់ទុកថាតារាទាំង២គឺជាកំពូលតារាចម្រៀងដែលនាងពេញចិត្តដូចគ្នា។

ខេម ធ្លាប់វ៉ាដាច់អស់តារាចម្រៀងប្រុសរួមក្រុមនៅថោន ព្រោះច្រៀងបទអីក៍ល្បីដែរពិសេសគឺការចាប់ដៃជាមួយមាស សុខសោភា ធ្វើឲ្យលោកកាន់តឺជោគជ័យថែមទៀត។តែការចាប់ដៃគូជាមួយនាងតន់ ច័ន្ទសីម៉ា ក៍មិនធ្វើឲ្យខេម ធ្លាក់ចុះដែរពោលគឺនៅតែជាទីចាប់អារម្មណ៍របស់មហាជន។យ៉ាងណាការចេញបទទោលខេម មិនសូវល្បីល្បាញខ្លាំងដូចមុននោះទេដោយអ្នកខ្លះថាបណ្ដាលមកពីឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និងខ្លះទៀតថាដោយសារតែខេម ចេញពីថោន មានទំទាស់ជាមួយថៅកែទើបធ្វើកេរ្ដិ៍ឈ្មោះលោកមិនសូវមានគេគាំទ្រច្រើនដូចមុន។

Composer ម្នាក់នៅហង្សមាសបានឲ្យដឹងថាខេម ជាសិស្សប្អូនព្រាប សុវត្ថិ អីចឹងបើចង់ល្បីជាងព្រាប សុវត្ថិ ក៍មហាជនមិនឯកភាពដែរពេលច្រៀងជាមួយគ្នានៅGalaxyនេះ។ប៉ុន្ដែខេម នៅតែខ្លាំងគ្មានអ្នកណាអាចដណ្ដើមតំណែងបានទេព្រោះលោកច្រៀងស្ទីលស្អកតែពិរោះអីចឹងទោះជានៅGalaxyក្រោមតែព្រាប សុវត្ថិ មួយក៍គ្មានអីចម្លែកដែរ។

ខេម ធ្លាប់និយាយថាការចូលGalaxyនោះលោកមានភាពកក់ក្ដៅខ្លាំងណាស់ព្រោះថៅកែផលិតកម្មនិងលោករាប់អានគ្នាដូចជាបងប្អូនបង្កើតអីចឹង។ដោយឡែករឿងរ៉ាវចាស់ជាមួយថោន លោកមិនចង់និយាយទៀតឡើយ។

ការដែលខេម បានក្លាយទៅជាដៃគូជាមួយនាងតន់ ច័ន្ទសីម៉ា នោះធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងព្រោះតែតារាទាំង២មានទឹកដមសម្លេងស្អកដូចគ្នាឬស្អក ប៉ៈស្អកតែម្ដង។តាមព័តមានថាមុនខេម សម្រេចចិត្តទៅGalaxy លោកក៍ជាមុខសញ្ញានៃការចង់បានរបស់ហង្សមាសផងដែរតែលោកបានសម្លឹងរំលងទ្រនុំធំនោះដោយស្ម័គ្រចិត្តទៅផ្ញើរខ្លួនជាមួយឧកញ៉ាក្មេងវិញ។អំឡុងពេលដែលខេម មិនសូវលេចធ្លោខ្លាំងដូចមុននេះរឿងស្នេហារបស់លោកជាមួយនារីអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា ក៍ធ្វើឲ្យទស្សនិកជនចាប់តាមដានដែរក្រោយអតីតតារាថោនប្រកាសមានម្ចាស់បេះដូងកាលពីដើមខែមករាឆ្នាំ២០២១។

ប៉ុន្ដែខេម ថាលោកមិនទាន់អាចកំណត់ថ្ងៃរៀបការជាមួយស្រីកា ថាធ្វើនៅពេលណាឡើយក្រោយភ្ជាប់ស្នេហ៍ជិត៥ឆ្នាំមក។តារាសិល្បៈដែលជិតស្និតខេម បានបង្ហើបឲ្យដឹងថាមុនខេម មានប្រពន្ធជានារីមកពីបារាំងនេះលោកក៍ធ្លាប់មានសង្សារស្រីស្អាតសាច់សខ្ចីជាតារាសម្ដែងម្នាក់ដែលមកពីខេត្តកំពតដែរ តែបានប្រេះឆាគ្នាកណ្ដាលផ្លូវទើបពេលនេះពួកគេមានអ្នកថ្មីរៀងៗខ្លួន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES