Friday, January 24, 2025
Homeបរិយាយសត្រូវក្លែងក្លាយ

សត្រូវក្លែងក្លាយ

ដោយ អាចារ្យថាំ

ខណៈដែលពួកប្រឆាំង កំពុងដំឡើងសរសៃកដាក់គ្នា ពាក់ព័ន្ធដល់អ្នកចេញ ទៅបង្កើបក្សថ្មីនោះ បើបក្សកាន់អំណាច មានមោទនភាពពេក អត់ស្រួលទេ។ រវាងពួកអ្នកធ្លាប់រស់នៅក្នុងចង្កោមអតីតបក្សសង្គ្រោះជាតិ (CNRP) ធ្លាប់ស៊ី អត់ស៊ីឈ្លាន តស៊ូនៅជាយដែនជាមួយគ្នា លុះម្ខាងសុំសិទ្ធិធ្វើនយោបាយ រួច បង្កើតបក្សថ្មី ឯម្ខាងទៀតមិនព្រមចូល បែរជាពន្លះគ្នាតាមបណ្តាញសង្គមនោះ បើពិចារណាទៅ គឺជា “សត្រូវក្លែងក្លាយ” សោះ។

“សត្រូវក្លែងក្លាយ” គឺគេធ្វើជាឈ្លោះទាស់ទែងហែកហួរគ្នា ប៉ុន្តែជាចរិត ក្មេងលេងបាយឡុកបាយឡសុទ្ធសាធ ព្រោះពេលលេងដណ្តើមដីខ្សាច់គ្នា ក៏ឈ្លោះ បោចសក់គ្នា លុះអន់ខឹង ក៏ត្រូវគ្នាវិញ ហ្នឹងហើយចរិតក្មេង។

យ៉ាងណាមិញ ករណីលោកលិម គិមយ៉ា ពន្លះលោកសម រង្ស៊ី ដូចមិនស្លៀកខោ តែមេប្រឆាំង មិនតបតសូម្បីតែមួយម៉ាត់នោះ អាចជា “សត្រូវក្លែងក្លាយ”។ ករណី លោកមេធាវី ចាន់ ចេន និងលោកអ៊ុំ តារាវុទ្ធី ទរលោកប៉ុល ហំម ជាចាស់ទុំ សក់ស្កូវព្រោង រឿងបែកឆ្វេង ចេញទៅបង្កើតបក្សកែទម្រង់កម្ពុជា រួមជាមួយ លោកអ៊ូ ច័ន្ទរ័ត្ន ក៏ជា “សត្រូវក្លែងក្លាយ” ដែរ។

សព្វថ្ងៃ អ្នកឃ្លាំមើលឆាកនយោបាយ កត់សម្គាល់បានថា ពួកអតីតមន្ត្រីនៃ អតីត CNRP បែកបាក់គ្នា ដូចឆ្កែចចក ១ហ្វូង ខាំគ្នាដណ្តើមសាច់ឈ្លូស ប៉ុន្តែគួរ យល់ថា បន្ទាប់ពីខាំមានរបួសមក ក៏ត្រូវរ៉ូវគ្នា ឬព្រួតគ្នាដេញខាំជ្រូកព្រៃ ធ្វើចំណី។

ពួកប្រឆាំង បើសិនជាបែកឆ្វេង ដើរចូលទ្វារនយោបាយតាមការចង់បានរបស់ CPP ក៏គេមិនទៅនៅចូលគ្នានោះទេ ព្រោះការនៅចូលគ្នា អត់សូវចំណេញ អ៊ីចឹង គេត្រូវបង្កើតបក្ស ឱ្យបានរាប់សិប ឬថា អតីតតំណាងរាស្ត្រ CNRP ធ្លាប់នៅ ក្រោមឱវាទលោកសម រង្ស៊ី និងលោកកឹម សុខា ក៏ក្លាយទៅជា “ប្រធានគណបក្ស” ដែលគេបង្កើតនោះ។

សូមរំព្ញកថា នៅជំនាន់អាណានិគមបារាំង មាន “ចលនាឥស្សរៈ” កើតឡើង ព្រោងព្រាត ដូចជាក្រុមដាប ឈួន ម្ជុលពេជ្រ, ក្រុមទ្រង់ច័ន្ទរង្ស៊ី, ក្រុមកៅ តក់, ក្រុមប៊ុណ្ណ ច័ន្ទម៉ុល, ក្រុមអាចារ្យយី, ក្រុមមាក់ ដោក៘ សុទ្ធតែមានមុខព្រួញ ប្រឆាំងបារាំង ដូចគ្នា ប៉ុន្តែឥស្សរៈទាំងប៉ុន្មានក្រុមនេះ អត់ត្រូវធាតុគ្នាទេ។ ទោះ មិនត្រូវធាតុគ្នា ក៏ជា “សត្រូវក្លែងក្លាយ” លុះដល់ស្រុកទេសបានឯករាជ្យ ពួកគេ បានមកចូលរួមក្នុងសង្គមជាតិ ខ្លះក៏បានឡើងបុណ្យស័ក្តិទៅតាមសមត្ថភាព។

ដូច្នេះបើគ្រាន់តែឃើញពួកប្រឆាំង បែកបាក់គ្នា ទរគ្នារង្គើហ្វេសប៊ុក ថាគេ ជា “សត្រូវស៊ីសាច់” នោះ មិនពិតទេ។ អ្វីដែល CPP ត្រូវប្រយ័ត្ន គឺ “មិត្តក្លែង-ក្លាយ” ឯណោះទេ ព្រោះមិត្តខ្លះ ជាមនុស្សហុតទឹកសម្លឹងកាក គិតតែប្រយោជន៍ ផ្ទាល់ខ្លួន ធ្វើឱ្យរាស្ត្រក្តៅក្រហាយ ដូចទាញទម្លាក់ប្រជាប្រិយភាពបក្សកាន់-អំណាច ព្រោះតែទុកចិត្តមិត្តប្រភេទនេះ។

បានន័យថា ពួកប្រឆាំង បង្កើត “សត្រូវក្លែងក្លាយ” អត់អីទេ ប៉ុន្តែបើ CPP សម្បូរសុទ្ធតែ “មិត្តក្លែងក្លាយ” មិនស្រួលទេ។ រវាង “សត្រូវក្លែងក្លាយ និងមិត្ត ក្លែងក្លាយ” មានរបៀបនិយាយ និងធ្វើសកម្មភាព ផ្ទុយគ្នា គឺសត្រូវក្លែងក្លាយ ពូកែខាងរិះគន់ ដៀមដាម ឬជេរលាបពណ៌គ្នា ខណៈដែលមិត្តក្លែងក្លាយ ប៉ិនខាង បញ្ជោរ លើកជើង អែបអប លុតក្រាប។

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេស៤០ឆ្នាំ ប្លាយកន្លងមកនេះ ស្គាល់ច្បាស់ណាស់ប្រភេទមិត្តក្លែងក្លាយ មិនអាចបន្លំភ្នែក សម្តេច បានឡើយ បើមិត្តក្លែងក្លាយនោះ មិនកែខ្លួន ឃើញចាប់បកស័ក្តិដាក់គុក ជាហូរហែ…”៕

RELATED ARTICLES