នៅក្នុងសង្គមសិល្បៈខ្មែរតារាភាគច្រើនមានប្ដីប្រពន្ធ ហើយច្រើនតែប្រឈមកេរ្ដិ៍ឈ្មោះ ធ្លាក់ចុះខ្សោយជាងមុន ជាក់ស្ដែងដូចជាអ្នកនាងយក់ ថឹករដ្ឋា ,សារ៉ាយ សក្កណា,លី ម៉ារីណា និងកែវ ពេជ្រពិសី ជាដើមគឺភាពល្បីល្បាញរបស់គេមានការប្រែប្រួលបន្ទាប់ពីមានប្ដីនិងខ្លះកូនមក។ដោយឡែកសម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ថាមានតារាចម្រៀងដល់ទៅ៥ដួងដែលក្រោយមានប្ដីហើយធ្វើឲ្យពួកគេមិនសូវមានសន្ទុះខ្លាំងដូចមុនទៀតឡើយ។
១៖សុគន្ធ និសា ៖តារាហង្សមាសរូបនេះបានដឹកដៃអាណិកជនខ្មែរនៅរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ ដែលជានាយផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជារៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ហើយកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ និសា បានបណ្ដើរស្វាមីចេញទៅរស់នៅអាមេរិកទាំងតក់ក្រហល់បន្ទាប់ពីជាជំងឺកូវីដ១៩ហើយសម្រាកនៅផ្ទះបានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។ក្រោយមានស្វាមីជាង៣ឆ្នាំនេះកេរ្ដិ៍ឈ្មោះរបស់សុគន្ធ និសា ក៍ចុះខ្សោយជាងមុនដែរព្រោះមិនសូវមានបទផ្ទុះហើយនាងថែមទាំងបាត់បង់តំណែងជាគ្រូបង្វឹកកម្មវិធីប្រលងចម្រៀងThe Voice Kid Cambodia រដូវកាលទី២ទៀតផង។




២៖ឱក សុគន្ធកញ្ញា៖បានឈក្នុងតំណែងតារាចម្រៀងស្រីឈានមុខគេនៅហង្សមាសជិត១០ឆ្នាំ តែក្រោយពីនាងបានដឹកដៃលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាសរៀបការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ និងសម្រាលកូនប្រុសកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie មកពេលនេះប្អូនថ្លៃថៅកែហង្សមាសរូបនេះមិនសូវមានសន្ទុះខ្លាំងដូចមុនទៀតទេ។ទោះជាយ៉ាងណាសុគន្ធកញ្ញា តែងតែបង្ហាញឲ្យគេឃើញថាជីវិតរបស់នាងពេលនេះពោពេញទៅដោយក្ដីសុខបំផុតព្រោះក្រោយបានកូន១នេះស្វាមីកាន់តែស្រលាញ់និងថ្នាក់ថ្នមលើសដើម។




៣៖សួស វីសា ៖អតីតតារាចម្រៀងRock រូបនេះបានដឹកដៃតារាសម្ដែងលោកប៊ុនថុល ប៊ុនថង រៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។វីសា ក៍មិនខុសពីតារាដ៍ទៃទៀតដែលមានប្ដីនិងកូនដែរព្រោះពេលនេះនាងមិនសូវមានបទល្បីៗដូចមុនទៀតឡើយ តែនាងបែរជាងាកទៅបង្ហាញនូវការរស់នៅបែបហ៊ឺហាតាមរយៈការទិញផ្ទះវីឡាស្កឹមស្កៃនិងជិះរថយន្ដទំនើបៗដូចជាLexus Lx570,Lexux Nx200t និងMazda ជាដើម។





ពេជ្រ សូលីកា៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មានសន្ទុះល្បីគូសមពេលដែលមានឱកាសបានឈជើងនៅហង្សមាសជាលើកទី២ឆ្នាំ២០១៩។ប៉ុន្ដែក្រោយពីនាងបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រ្ដាលីដែលជាអ្នកឌីហ្សាញម៉ូដលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ នោះមកពេលនេះនាងមិនស្ថិតក្នុងចំណោមតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសទៀតឡើយ។តែសូលីកា បានស្គាល់នូវអ្វីជាស្នេហានិងសុភមង្គលពិតហើយកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល។




៥៖មាស សុខសោភា៖តារាចម្រៀងរាម រូបនេះទោះជាមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដី តែសោភា ធ្លាប់ប្រាប់ថានាងបានរៀបការជាមួយលោកអ៊ឹត រ៉ាដា ដែលជាអាណិកជនខ្មែរមកពីកាណាដាតាមបែបសាសនាគ្រឹះកាលពីឆ្នាំ២០០៨ម្ដងរួចទៅហើយដែលពេលនោះគ្រាន់តែចូលព្រះវិហារនិងបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកតាមការណែនាំរបស់តាអាចារ្យប៉ុណ្ណោះ។សោភា ដែលបានលុបចោលគម្រោងរៀបការនៅស្រុកខ្មែរកាលពីឆ្នាំ២០០៩ នោះបានរក្សារស្នេហា១នេះឲ្យរឹងមាំរយៈពេល១៤ឆ្នាំមកហើយដោយនាងប្រកាសថាចង់រៀការមែនទែននៅឆ្នាំ២០២១នេះតែបែជាត្រូវពន្យាពេលតទៅទៀតដោយសារតែកូវីដ១៩ទៅវិញ។គេកត់សម្គាល់ថាប្រជាប្រិយភាពរបស់សុខសោភា នៅតែខ្លាំងដូចមុនក្រោយមានប្ដីមិនទាន់រៀបការនេះតែតាំងពីចូលរាម ជាង៣ខែមកនេះសោភា មិនទាន់មានបទចម្រៀង១ណាផ្ទុះទេហេតុនេះហើយអ្នកគាំទ្ររបស់នាងកំពុងតែបារម្ភខ្លាចអ្នកចម្រៀងសំនៀងផ្អែមរូបនេះពិបាកស្ដារមុខក្រោយមានប្ដីជាង១ទសវត្សន៍តែមិនព្រមក្រាបផ្ទឹមនេះ។





លោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់”នគរធំ”តាមទូរស័ព្ទថារឿងតារាស្រីមានប្ដីកូនហើយមិនប៉ៈពាល់ដល់កេរ្ដិ៍ឈ្មោះរបស់គេនោះទេ ព្រោះថាធម្មជាតិបង្កើតមនុស្សមកតម្រូវឲ្យមានគូ មិនអាចរស់នៅម្នាក់ឯងរហូតបានឡើយ។លោកថាជាក់ស្ដែងដូចជានាងBeyonc’e អីចឹងមានប្ដីកូនហើយតែគាត់នៅតែល្បីដូចមុនដដែល។លោកសង្កត់ថាសំខាន់នៅលើសម្ថភាពទេ ហើយមហាជននៅតែគាំទ្រតារាដែលគ្រលាញ់ទាំងមុននិងក្រោយមានគ្រូសារដោយមិនប្រែប្រួលឡើយ៕ ហ៊ឹម វិចិត្រ