ភ្នំពេញ ៖ យុវជនម្នាក់ កំពុងបើកម៉ូតូដឹកនារីម្នាក់ជាសង្សារ តាមផ្លូវសុខៗ ស្រាប់តែត្រូវជនសង្ស័យ ២នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ បានជិះម៉ូតូប្រដេញតាម កាប់ប្រហារ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកក្រុមជនសង្ស័យ បានចាប់យកនារីដែលរួមដំណើរជាមួយជនរងគ្រោះ ដាក់លើម៉ូតូ ដឹកចេញទៅបាត់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ចោមរោមមើល សង្ស័យជាករណីជម្លោះស្នេហាត្រីកោណ ឬជម្លោះដណ្តើមស្រីស្នេហ៍។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានដឹកខ្សាច់ មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យុវជនរងគ្រោះដែលត្រូវគេកាប់ បណ្តាលឱ្យស្លាប់នោះ មានឈ្មោះគឹម សុខឃឿន មានអាយុ១៩ឆ្នាំ មុខរបរជាងពេជ្រ នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ និងស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកនារីដែលរួមដំណើរជាមួយជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ដោយឡែក ក្រុមជនសង្ស័យជាឃាតករ មានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចាប់យកនារីដែលរួមដំណើរជាមួយជនរងគ្រោះ ដាក់លើម៉ូតូចេញទៅបាត់អស់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានបើកម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌សលាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1GN-2249 ដោយមានដឹកនារីរូបស្រស់ម្នាក់ផង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ព្រមទាំងមានជនសង្ស័យ ចំនួន ២នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ បានជិះម៉ូតូ ១គ្រឿង ប្រដេញតាមពីក្រោយផង។

ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេក ទើបធ្វើឱ្យជ្រុលចង្កូតម៉ូតូទៅបុកបង្គោលភ្លើង នៅចិញ្ចើមផ្លូវ បណ្តាលឱ្យដួល។ រំពេចនោះ ក្រុមជនសង្ស័យទាំង ២នាក់ បានតាមមកទាន់ ក៏ចុះព្រួតគ្នាវាយ និងកាប់ទៅលើជនរងគ្រោះ ទាំងកំរោល បណ្តាលឱ្យដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែង។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីកាប់ប្រហារទៅលើជនរងគ្រោះ អស់ចិត្តហើយ ក្រុមជនសង្ស័យ បានចាប់យកនារីម្នាក់ដែលជិះជាមួយជនរងគ្រោះ ដាក់លើម៉ូតូ រួចនាំគ្នាបើកម៉ូតូគេចខ្លួនបាត់ភ្លាមៗតែម្តង ដោយដឹងមានគោលបំណងយកទៅណាឡើយ។ ករណីនេះ ពួកគាត់ដែលបានឃើញហេតុការណ៍ សង្ស័យថា ជាករណីជម្លោះស្នេហាត្រីកោណ ប្រុស២ ស្រឡាញ់ស្រី១ ទើបឈានដល់ការតាមកាប់សម្លាប់គ្នា ដណ្តើមស្រីស្នេហ៍បែបនេះ។

ក្រោយកើតហតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ឱ្យមកដឹកជនរងគ្រោះ ទៅសង្គ្រោះ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយទទួលរងការវាយដំនិងកាប់ជាច្រើនកាំបិត។ នៅទីតាំងកើតហេតុ ក៏មានបន្សល់ទុកកាំបិតប៉័ងតោ ១ដើម នៅក្បែរសពជនរងគ្រោះផងដែរ។

លោកវរសេនីយ៍ត្រី ជា រតនា នាយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចមិនទាន់អាចកំណត់បាននៅឡើយថា ដើមចមផ្តើមចេញពីមូលហេតុអ្វី ពុំទាន់អាចសន្និដ្ឋានបានថា ជាករណីជម្លោះ ឬគំនុំស្នេហ៍ត្រីកោណនោះឡើយ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ក្រុមជនសង្ស័យជាឃាតករ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕
