រយៈពេលជាង៣ឆ្នាំហើយដែលតារាធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ឈជើងនៅផលិតកម្មរស្មីហង្សមាសបើទោះជានាងមិនបានឈ្នះពានរង្វាន់The Voice Cambodia រដូវកាលទី២ព្រោះតែលោកថែល ថៃ ធើបានល្អជាងក្ដី ប៉ុន្ដែគេកត់សម្គាល់ថាស្រីស្អាតរូបនេះបានដណ្ដើមទីផ្សារយុវវ័យលេចធ្លោនៅផលិតកម្មធំនេះហើយនៅរដូវកូវីដនេះមានតែរូបនាងម្នាក់គត់ដែលមានយ៊ីអ៊ុនល្អជាងគេ ខណៈដែលតារាជើងខ្លាំងៗនៅហង្សមាសមានដូចជានាងឱក សុគន្ធកញ្ញា ,ពេជ្រ សោភា ,សុគន្ធ និសា និងសួស វីសា ជាដើមប្រឈមភាពស្ងប់ស្ងាត់ដូចគ្នា។សំណួរដែលមហាជនចង់ដឹងថាតើហង្សមាសនឹងធ្វើឲ្យនាងរ៉េត ស៊ូហ្សាណា ឡើងទៅដល់កំពូលហើយអាចនឹងទៅជំនួសតំណែងឱក សុគន្ធកញ្ញា ឬពេជ្រ សោភា បានដែរឬទេនៅពេលខាងមុខ?ការលើកឡើងបែបនេះដោសារតែទស្សនិកជនភាគច្រើននៅតែយល់ថានាងហ្សាណា បានតែរូបសម្រស់,ក្បាច់រាំ និងស្ទីលនៃការតុបតែងខ្លួនរបស់នាងប៉ុណ្ណោះ តែបើនិយាយពីគុណភាពសម្លេងគ្មានអ្វីអស្ចារ្យជាងតារាចម្រៀងផ្សេងៗទៀតឡើយ។


រ៉េត ស៊ូហ្សាណា មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ ព្រោះតែគ្មានលេខទូរស័ព្ទ ហើយកន្លងមកម្ដាយនាងតែងតែកាន់ទូរស័ព្ទជំនួសកូនស្រីនឹងមិនដែលផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតណាដែលនៅក្រៅពីស្ថាប័នរបស់ហង្សមាសនោះទេ។ប៉ុន្ដែតារាចម្រៀងដែលជ្រកនៅហង្សមាសជាង១៥ឆ្នាំនាងពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស៊ូហ្សាណា មានសម្ថភាពនិងទេពកោសល្យចម្រៀងល្អហើយប្រាកដជាអាចជំនួសតំណែងឱក សុគន្ធកញ្ញា ឬរូបនាងបាននាពេលដែលពួកនាងចាស់ៗអស់ទៅ។សោភា ថាហ្សាណា ធ្វើការគោរពពេលវេលាតែមិនសូវចេះនិយាយស្ដីច្រើនដូចគេទេទើបអ្នកខ្លះច្រឡំថានាងឬកតែតាមពិតគ្មានចេះវ៉ៃឬកពាអីដូចគេថាឡើយ។


ថ្វីត្បិតតែពេជ្រ សោភា អះអាងថាស៊ូហ្សាណា នឹងក្លាយទៅជាតារាជើងខ្លាំងនៅហង្សមាសក្នុងពេលអនាគតក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់”នគរធំ”តាមទូរស័ព្ទថាហ្សាណា មិនអាចជំនួសតំណែងឱក សុគន្ធកញ្ញា បានឡើយ។លោកសុធីវណ្ណ សង្កត់ថាចំណុចពិសេសរបស់ហ្សាណា គឺនៅលើរូបសម្រស់ស្រស់ស្អាតនិងច្រៀងបទជាភាសារអង់គ្លេសបានល្អ តែការច្រៀងបទខ្មែរទឹកដមសម្លេងនៅមានកម្រិតហើយនៅត្រូវការពេលវេលាច្រើនថែមទៀត។


រ៉េត ស៊ូហ្សាណា បានវ៉ាដាច់អស់តារាចម្រៀងដែលមានគីឡូប្រហាក់ប្រហែលនាងនៅហង្សមាសរួមទាំងម្ចាស់ពានទាំងឡាយផងដែរ។ក្រៅពីលេចមុខជាប្រចាំនៅឆាកតន្រ្ដីហង្សមាសគ្រប់កម្មវិធីនៅStudio ប៉ុស្ដិ៍ហង្សមាសនោះនាងហ្សាណា ក៍ត្រូវប៉ាន់តាមបណ្ដារស្ពតធំៗជាច្រើនទើបធ្វើឲ្យនាងកាន់តែឡើងកូដជាមួយការច្រៀងConcerts ធំ១កម្មវិធីតាមខេត្តស៊ីថ្លៃចាប់ពី១៨០០ដុល្លារ។អ្វីដែលគូរឲ្យកត់សម្គាល់នាងហ្សាណា នៅរដូវកូដដែលបាត់ប្រាក់ចំណូល២ឆ្នាំជាប់គ្នាព្រោះតែបណ្ដារConcertsទាំងឡាយនៅតាមខេត្តត្រូវលុបចោលនោះតែនាងបែជាមិនត្រឹមគ្មានវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្ដែកាន់តែឡើងកាលីពដោយទិញផ្ទះ២ជុងតម្លៃមិនក្រោម២០ម៉ឺនដុល្លារ ហើយកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ នាងបានទិញរថយន្ដដ៍ថ្មីសន្លាងម៉ាកJeep Rubicon តម្លៃដល់ទៅ៨៧០០០ដុល្លារ ព្រមទាំងចំណាយទុនធំបើកលក់សម្លៀកបំពាក់តាមOnline ទៀតផង។


ការមានទ្រព្យកាន់តែច្រើនរបស់ស្រីក្មេងស៊ូហ្សាណា នេះធ្វើឲ្យគេសង្ស័យថានាងមានគូស្នេហ៍ក្រោយខ្នង ខណៈដែលកន្លងមកស្រីស្រស់ធ្លាប់បង្ហាញសញ្ញាថានាងមិនមែននៅបេះដូងទំនេរនោះទេ ប៉ុន្ដែនាងមិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ។យ៉ាងណាតារាដែលជិតស្និតនាងហ្សាណា បានបង្ហើបឲ្យដឹងថាស្រីស្អាតដែលច្រៀងជាង៣ឆ្នាំនៅហង្សមាសតែត្រូវបានគេស្គាល់ច្បាស់តែ២បទគឺ”ឈប់”និងបទ”ប្រយោគស្នេហ៍”រូបនេះមានឪពុកម្ដាយជាអ្នកមានជីវភាពធូធារស្រាប់ ហេតុនេះហើយនាងមិនត្រូវការប្រុសណាចង់ផ្ដល់ជំនួយភ្ជាប់ចំណងនោះឡើយ។ប្រភពនោះបានឲ្យដឹងថានាងស៊ូហ្សាណា ដែលត្រូវបានឪពុកម្ដាយតាមការពារគ្រប់ជំហ៊ាននោះគឺនាងនឹងត្រូវបានបញ្ឈប់លែងឲ្យច្រៀងរាំជាបន្ទាន់ ប្រសិនបើតារាសាច់សខ្ចីរូបនេះប៉ៈទៅនិងរឿងអាស្រូវស្នេហាណាមួយ។ប៉ុន្ដែតាំងពីនាងហ្សាណា ជ្រកនៅទ្រនុំធំហង្សមាសនេះនាងមិនទាន់ជំពប់រឿងអាស្រូវកេរ្ដិ៍ឡើយ។


គូរបញ្ជាក់ថានាងរ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាដែលមានទីផ្សារចម្រៀងលេចធ្លោរផ្នែកយុវវ័យនៅឆ្នាំ២០២១នេះក្នុងចំណោមតារាវ័យក្មេងមានដូចជានាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងយូរី ជាដើម។ក្រោយពីបាត់បង់ដៃគូចាស់ដួង វីរៈសិទ្ធ នោះពេលនេះនាងហ្សាណា បានងាកទៅចាប់ដៃជាមួយកូនប្រុសទី២របស់លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ ហើយល្បីគូសមបទ”សុំខុស១យប់”។ ហ៊ឹម វិចិត្រ

