Monday, November 18, 2024
Homeបរិយាយគ្រោះ​ជំនន់​ទឹក​ភ្លៀង ក្រសួង​កសិ​កម្ម ដាក់​ចេញ​វិធាន​ការ​បន្ទាន់​ស្តារ​ការ​ខូច​ខាត

គ្រោះ​ជំនន់​ទឹក​ភ្លៀង ក្រសួង​កសិ​កម្ម ដាក់​ចេញ​វិធាន​ការ​បន្ទាន់​ស្តារ​ការ​ខូច​ខាត

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវវិធានការចាំបាច់ បន្ទាន់មួយចំនួន ដើម្បីជំរុញការស្តារឡើងវិញ នូវការខូចខាតដំណាំកសិកម្មនៅទូទាំងប្រទេស ដោយសារគ្រោះជំនន់ទឹកភ្លៀងនារដូវវស្សា ឆ្នាំ ២០១៦ នេះ។

យោងតាមសារាចរណែនាំរបស់ក្រសួង កសិកម្ម លេខ៦៣៧ សរណន.កសក. ស្តីពី វិធានការជំរុញការស្តារឡើងវិញ ការខូចខាត ដោយគ្រោះទឹកជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំ ២០១៦ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានខ្លឹមសារថា “នៅរដូវវស្សាឆ្នាំ២០១៦ នេះ មានការរាំងស្ងួតនៅដើមរដូវ ធ្វើឱ្យតំបន់មួយ ចំនួនខ្វះទឹក តែចាប់ពីពាក់កណ្តាល ខែមិថុនា ឆ្នាំ២០១៦ មក ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅទូទាំងប្រទេស គួបផ្សំនឹងការកែលម្អ និង ការអភិវឌ្ឍប្រព័ន្ធប្រឡាយស្រោចស្រពបន្ថែម ទៀតនោះ បានធ្វើឱ្យការងារបង្កបង្កើនផល ស្រូវរដូវវស្សាមានសន្ទុះលឿនគួរជាទីមោទនៈ ថ្វីត្បិតត្រូវជួបនឹងគ្រោះរាំងស្ងួតក្នុងចន្លោះ ចាប់ ពីពាក់កណ្តាលខែកក្កដា រហូតដល់ដើមខែកញ្ញា ដែលបង្កការប៉ះពាល់ដល់សំណាប សន្ទូង និង ស្រូវពង្រោះយ៉ាងច្រើនក៏ដោយ តែពុំបានបង្ក ឱ្យមានការខូចខាតធ្ងន់ធ្ងរឡើយ។ មកទល់ ពេលនេះការស្ទូង និងព្រោះសម្រេចបានចំនួន ២ ៥៩៦ ៩៨៤ហិកតារ ស្មើនឹង១០៤,៨៧% នៃផែនការ២ ៤៧៤ ៤៤៦ហិកតារ លើសឆ្នាំ មុនចំនួន៤៨ ១៧៨ហិកតារ នៃផ្ទៃដីអនុវត្តស្រូវ ស្រាលសរុប៦៣២ ០៨០ហិកតារ កើនលើស ឆ្នាំមុន ៤៧ ៥៥៩ហិកតារ ដោយទទួលបាន ទិន្នផលជាមធ្យម៤,០៦១តោន/ហិកតារ។ ខេត្ត ចំនួន២៤ ត្រូវបានបញ្ចប់ការងារដាំដុះដំណាំ ស្រូវរដូវវស្សាហើយ។ រីឯដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្មផ្សេងៗទៀត ក៏អនុវត្តបាន តាមផែនការផងដែរ។

ooo-2

ទន្ទឹមនឹងលទ្ធផលទទួលបានខាងលើ ដំណាំស្រូវរដូវវស្សានៅតាមបណ្តោយខេត្តមួយ ចំនួន ក៏ត្រូវទទួលរងនូវបាតុភូតគ្រោះធម្មជាតិ  បង្កឡើងដោយទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ពីប៉ែកខាងលើ ដែលគិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានបង្កការប៉ះពាល់លើផ្ទៃដីសន្ទូង និងស្រូវពង្រោះចំនួន១៧ ៥៧១ហិកតារ ក្នុង នោះខូចខាតចំនួន៣ ១៨៦ហិកតារ។ គ្រោះ- ធម្មជាតិនេះ ក៏នឹងអាចកើតមាននៅពេលដ៏ខ្លី ខាងមុខជាយថាហេតុដែលយើងមិនអាចមើល រំលងបានឡើយ ជាពិសេសការហក់ឡើងយ៉ាង គំហុកជាថ្មីទៀត នៃទឹកជំនន់ទឹកភ្លៀងនៅប៉ែក ខាងលើ”។

សារាចរណែនាំដដែល បានបញ្ជាក់ថា “ក្នុងគោលបំណងធានាបានសន្តិសុខស្បៀង និងឈានទៅសម្រេចបាននូវគោលនយោបាយ ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កំណើនសេដ្ឋ- កិច្ចជាតិ និងកាត់បន្ថយគ្រោះមហន្តរាយលើ ដំណាំកសិកម្ម រួមទាំងការធានាដល់អាយុជីវិត សត្វពាហនៈផងនោះ ពិសេសការទប់ស្កាត់ នូវការផ្ទុះជំងឺឆ្លងរាលដាលសត្វនាពេលនេះ និងពេលខាងមុខនោះ ក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់ គ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទ និងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធាន- ការចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម ៖

១-ត្រូវតាមដានជាប្រចាំនូវស្ថានភាព ឧតុនិយម និងចាត់មន្ត្រីចុះវាយតម្លៃផលប៉ះពាល់ និងការខូចខាតជាបណ្តើរៗ ដើម្បីទទួលបានតួ លេខពិតប្រាកដ ដោយក្តាប់ឱ្យបានទីតាំង និង ស្ថានភាពភូមិសាស្ត្រ ដែលមានលទ្ធភាពអាច ស្តារនូវការខូចខាតបាន។

២-ត្រូវពិនិត្យឡើងវិញ នូវសន្និធិស្រូវពូជ ដែលមានតាមបណ្តាខេត្តនីមួយៗទាំងបរិមាណ និងគុណភាព ហើយត្រូវត្រៀមលក្ខណៈជាស្រេច សម្រាប់កិច្ចអន្តរាគមន៍ស្តារការខូចខាតឡើង វិញ នៅពេលខាងមុខ តាមស្ថានភាពភូមិសាស្ត្រ ជាក់ស្តែង។

៣-ត្រូវសិក្សារកទីតាំង និងលទ្ធភាពក្នុង ការរៀបចំធ្វើថ្នាលសំណាបរួម ជាពិសេសថ្នាល ដាប៉ុក ដើម្បីចែកជូនកសិករ ធ្វើការដកស្ទូង បានទាន់ពេលវេលានៅពេលទឹកជំនន់ចាប់ផ្តើម ស្រក ដោយត្រូវបំផុសកសិករឱ្យស្តារការខូច- ខាតនេះ ដោយធ្វើស្រែសន្ទូង ដែលចំណេញ ទាំងពេលវេលា ទាំងបរិមាណគ្រាប់ពូជ (ប្រើ គ្រាប់ពូជតិច) ទទួលបានទិន្នផលខ្ពស់ និងទាន់ រដូវកាលនៅពេលទឹកស្រកទៅវិញ។

៤-ត្រូវពិនិត្យលទ្ធភាព និងត្រៀមលក្ខណៈ ផ្តល់ពូជដំណាំផ្សេងទៀត ដូចជា ឪឡឹក ពោត សណ្តែក បន្លែ ដំឡូង ជាដើម ដែលត្រូវការ ទឹកតិចជាងដំណាំស្រូវជូនកសិករនៅមូលដ្ឋាន ណាដែលទទួលរងការខូចខាត ពិសេស តាម ភូមិសាស្ត្រដែលមានស្ថានភាពមិនសមស្របនឹង ការធ្វើស្រែឡើងវិញ ដើម្បីស្តារការខូចខាត និង ធានាបាននូវសន្តិសុខស្បៀងជូនប្រជាកសិករ។

៥-ត្រូវជំរុញការណែនាំដល់បងប្អូនកសិករ ឱ្យបង្កើនការថែទាំដំណាំស្រូវ ដែលមិនរងការ ខូចខាតដោយត្រូវកម្ចាត់ស្មៅ បំប៉នជី និងទប់ ស្កាត់ពីការបំផ្លាញពីសត្វល្អិតចង្រៃ និងជំងឺ ផ្សេងៗ។

៦-នៅពេលទឹកចាប់ផ្តើមស្រក ត្រូវចលនា ប្រមូលកម្លាំងប្រជាកសិករ ឱ្យរួបរួមគ្នាធ្វើការ ជួសជុល ឬលើកភ្លឺឡើងវិញ ដើម្បីរក្សាទឹកទុក ក្នុងស្រែឱ្យបានគត់មត់ចៀសវាងការកាប់ភ្លឺស្រែ ដាក់ទ្រូ ឬលប ដែលបណ្តាលឱ្យបាត់បង់ទឹក អស់ពីស្រែ។

៧-ត្រូវពិនិត្យលទ្ធភាពជាក់ស្តែងនូវតំបន់ ដែលមានប្រភពទឹកសម្រាប់ស្រោចស្រព ដើម្បី កំណត់ឱ្យបានច្បាស់ពីទីតាំង និងផ្ទៃដីដែលអាច ធានាបានការស្រោចស្រព និងស្តារឡើងវិញ។

៨-ត្រូវចុះអប់រំបណ្តុះបណ្តាលបច្ចេកទេស ដាំដុះដល់ប្រជាកសិករ ដើម្បីធានាការបង្កើន ទិន្នផលឱ្យបានខ្ពស់ជាអតិបរមា និងមានប្រសិទ្ធ- ភាពសេដ្ឋកិច្ចខ្ពស់។

៩-ត្រូវបំផុសប្រជាកសិករ ឱ្យជំរុញការ អនុវត្តផលិតកម្មផ្សេងៗបន្ថែមទៀត តាមស្ថាន- ភាពជាក់ស្តែងក្នុងមូលដ្ឋាននីមួយៗ ដូចជាការ ចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងមុខរបរបង្កើនប្រាក់ ចំណូលដទៃទៀត។

១០-បន្តចុះពិនិត្យ តាមដានស្រាវជ្រាវ សត្វឈឺ ងាប់ ដើម្បីមានវិធានការសង្គ្រោះ និង វិធានការបសុពេទ្យទាន់ពេលវេលាប្រកបដោយ ប្រសិទ្ធភាព។

១១-បន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការថែទាំ ផ្តល់ចំណី ទឹក ធ្វើជីវសុវត្ថិ- ភាពសត្វ។ បំបែកសត្វឈឺ ពីសត្វជា ករណីមាន ផ្ទុះជំងឺ ត្រូវធ្វើការពិនិត្យ និងព្យាបាលបន្ទាន់។ រាយការណ៍ជាប្រចាំអំពីផលប៉ះពាល់អាយុជីវិត សុខភាពសត្វ និងអំពីស្ថានភាពជំងឺសត្វជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី មានវិធានការដោះស្រាយ។

១២-ជំរុញ និងផ្សព្វផ្សាយដល់ប្រជា- កសិករឱ្យចូលរួមស្តារ និងដាំដំណាំចំណីសត្វ ឡើងវិញ ត្រៀមពូជស្មៅ ដើម្បីចែកជូនប្រជា- កសិករ សម្រាប់ដាំក្រោយពេលទឹកប្រាក់ ព្រម ទាំងជំរុញ និងលើកទឹកចិត្តប្រជាកសិករចិញ្ចឹម សត្វឡើងវិញ។

១៣-តៀមចាក់ថ្នាំបង្ការជំងឺសត្វ នៅ តាមតំបន់ដែលចាំបាច់ ចុះពិនិត្យ និងព្យាបាល សត្វឈឺ និងត្រៀមអន្តរាគមន៍ ការពារជំងឺរាល- ដាលឆ្លងសត្វ។ ករណីចាំបាច់ត្រូវរាយការណ៍ តាមបណ្តាញផ្តល់ព័ត៌មានទាន់ហេតុការណ៍ ដែល មានទូរស័ព្ទលេខ (០១២) ៨៣៣ ៧៩៥ (០១២) ២១៤ ៩៧០ ឬ១២៨៧ និង១២៨៩ ដើម្បី មានវិធានការទាន់ពេលវេលា។

ដើម្បីអនុវត្តការងារខាងលើនេះ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ អង្គភាពថ្នាក់កណ្តាល និងមូល- ដ្ឋានខេត្ត-ក្រុងគ្រប់ជាន់ថ្នាក់ ត្រូវម្ចាស់ការបន្ត យកចិត្តទុកដាក់តាមដានសភាពការណ៍ និង ជំរុញការងារផលិតកម្មកសិកម្មជាប់ជាប្រចាំ  ព្រមទាំងរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហា និង ការលំបាកផ្សេងៗជាមួយកសិករ ហើយរាយ- ការណ៍អំពីវឌ្ឍនភាព និងការប្រឈមបានទាន់ ពេលវេលា។

ទទួលបានសារាចរណែនាំនេះ គ្រប់អង្គ- ភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវ សហការឱ្យបានល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អនុវត្តសារាចរ ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

RELATED ARTICLES