Saturday, November 23, 2024
Homeតារាខ្មែរសឿ សុធារ៉ា មិត្តភក្ដិប្ដីជួយលាក់រឿងលែងលះ?

សឿ សុធារ៉ា មិត្តភក្ដិប្ដីជួយលាក់រឿងលែងលះ?

លោករិន សាវ៉េត ដែលជាមិត្តភក្ដិជិតដិតបំផុតរបស់លោកសាពួន មីដាដា នោះបានប្រាប់តាមទូរស័ព្ទកាលពីរសៀល​ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ ទាក់ទងរឿងគេល្បីពេញផ្ទៃប្រទេសថាសឿ សុធារ៉ា-សាពួន មីដាដា ចែកផ្លូវគ្នាដោយសុធារ៉ា បានកូនស្រី ចំណែកមីដាដា បានកូនប្រុសនោះថាជារឿងមិនពិតទៅវិញ។

អតីតតារាចម្រៀងហង្សមាសលោករិន សាវ៉េត ថ្លែងថា”អូ!មីដាដា និងធារ៉ា មានបែកគ្នាអីណា!២នាក់ប្ដីប្រពន្ធហ្នឹងឥឡូវមករស់នៅក្បែរផ្ទះខ្ញុំដែរតើ នៅជិតស្ពានទី៩ ខណ្ឌជ្រោយចង្វារ សង្កាត់ព្រែកលាភហ្នឹង។ប្ដីប្រពន្ធគេរស់នៅជុំគ្នាតើ ។ដូចជាមិនឃើញអីទេ គេនៅជាមួយគ្នារាល់ថ្ងៃហ្នឹង”។

 ថ្វីត្បិតតែមានការបញ្ជាក់ពីលោករិន សាវ៉េត ថាសឿ សុធារ៉ា-សាពួន មីដាដា មិនលែងលះគ្នាក្ដី តែទាំងក្នុង​និងក្រៅសិល្បៈ​មិនទាន់ជឿរតាម​ការអះអាងរបស់លោកសាវ៉េត ឡើយព្រោះតែគេ​ដឹងថាអតីតតារាចម្រៀងហង្ស​មាសរូបនេះបានរាប់អាន​គ្នាខ្លាំងណាស់ជាមួយលោកមីដាដា ហើយតែងតែណាត់គ្នាលេងអុកជាប្រចាំទៀតផងហេតុនេះ​ហើយបើមានរឿងមិនល្អរបស់​មីដាដា លោកសាវ៉េត ប្រាកដជាជួយលាក់ជាមិនខាន។

ការសម្អាងបែបនេះព្រោះតែមុនធ្លាយដំណឹង​នៃការលែងលះរវាង​ប្ដីប្រពន្ធ​តារា១គូ​នេះទាំងអ្នកនាងសុធារ៉ា និងលោកមីដាដា សុទ្ធតែបង្ហាញសញ្ញានៃការប្រេះឆាស្នេហ៍ដូចគ្នា។អ្នកនាងសុធារ៉ា បានចេញសារកាលពីខែមុននេះថា”ក្នុង១ជីវិតនេះ ខ្ញុំសូមរៀបការតែ២ដង បានទេ បងប្អូនទាំងអស់គ្នា តែបើសិនជារៀបការ​ជាលើក​ទី២របស់ខ្ញុំ នៅតែទទួលបានភាពបរាជ័យទៀត បេះដូងរបស់ខ្ញុំអាចគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ”។ចំណែកលោកសាពួន មីដាដា វិញធ្លាប់ចេញសារបែបក្ដៅចិត្តថា”តែក្ដៅចត់ពិបាកលេបណាស់មែនទេ? ចុះចិត្តស្រីពិស ហេតុអ្វីក៍នៅតែអាចលេបបានស្រួលម្លេះ?”។ក្រោយមកសុធារ៉ា បន្ថែមសារថា”លាហើយស្នេហា”។

ភស្ដុតាងទាំងនេះបញ្ជាក់ថាចំណងស្នេហាសឿ សុធារ៉ា -សាពួន មីដាដា គ្មានសុវត្ថិភាពទៀតឡើយ​បន្ទាប់ពីធ្លាប់លេចឭ​ថារង្គោះរង្គើរ​ជាច្រើនលើកច្រើនសារតែនៅឆ្នាំ២០២១ប្ដីប្រពន្ធតារា១គូនេះ​ហាក់ព្រមសារភាពរៀងៗខ្លួនតាមរយៈ​ការបញ្ចេញ​សារឲ្យគេដឹងថាចំណងស្នេហាមួយនេះឈានដល់ផ្លូវបំបែកទៅហើយ បើទោះជាលោករិន សាវ៉េត ថាពួកគេនៅតែជាប្ដីប្រពន្​ធគ្នាក្ដី។អ្នកយកព័តមានយើងក៍ធ្លាប់ទៅសាកសួរអ្នកជិតខាងដែលរស់នៅម្ដុំផ្ទះសុធារ៉ា នៅផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ខណ្ឌចំការមនក្រុងភ្នំពេញដែរតែត្រូវបានអាជីវករនៅទីនោះបានបង្ហើបប្រាប់ថាសុធារ៉ា បានលក់ផ្ទះធំដែលសង់ជាច្រើនជាន់​នោះជាយូរមកហើយ។ដោយឡែករឿងដែលថាសុធារ៉ា-មីដាដា ចែកផ្លូវគ្នានោះពួកគាត់បាននិយាយថា​ឭតែគេ​និយាយថា​ប្ដី​ប្រពន្ធ​​តារា​ល្បី១គូនេះលែងគ្នាតាំងពីមុនលក់ផ្ទះម្លេះតែគាត់មិនច្បាស់លាស់ទេ។

 សឿ សុធារ៉ា បានវិលត្រឡប់មករកអាជីពចាស់វិញអំឡុងពេលផ្ទុះរឿងលែងប្ដី​នេះដោយនាងថែមទាំងព្រមធ្វើ​ជាតួម្ដាយ​ទៀតផង បន្ទាប់ពីផ្អាកអាជីពចាស់ជាង១០ឆ្នាំ។ក្រោយផ្អើលថាសុធារ៉ា បានធ្លាក់ខ្លួនមេម៉ាយកូន២នេះធ្វើឲ្យមន្រ្ដីធំៗ​ជាច្រើន​បានជ្រួលជ្រើមចង់ស្អំរបួសបេះដូងនាង តែពេលនេះប្រុសសម្បូរទ្រព្យខ្លះប្រាកដជាស្រឡាំងកាំងដោយសារតែលោករិន សាវ៉េត ចេញមុខមកអះអាងថាសុធារ៉ា និងមីដាដា កំពុងតែរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនេះជាមិនខាន។

  សូមរំលឹកថាសឿ សុធារ៉ា បានដឹកដៃសាពួន មីដាដា រៀបការកាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០០៩ ដែលចំណងស្នេហ៍១១ឆ្នាំ​នេះ​ពួក​គេ​​ទទួលបានកូន២នាក់គឺកូនទី១ស្រីឈ្មោះសាពួន តារាពិមាន អាយុជាង១០ឆ្នាំ និងកូនទីប្រុសឈ្មោះសាពួន តារាបុរស អាយុជាង៣ឆ្នាំ។មុនធ្លាយរឿងសុធារ៉ា លែងប្ដីនេះគេឃើញតារាកូន២ជិះរថយន្ដទំនើបLexus Lx570 ព័ណសតម្លៃ​ជាង២០ម៉ឺន​ដុល្លារ​​និងពេលខ្លះនាងមានអង្គរក្សបើកជូនទៀតផង៕

RELATED ARTICLES