Friday, November 29, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីធនធានទឹកពិនិត្យទំនប់ចម្ការតែសង់រួច

រដ្ឋមន្ត្រីធនធានទឹកពិនិត្យទំនប់ចម្ការតែសង់រួច

ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹក ថ្ងៃសៅរិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញខេត្តកំពង់ស្ពឺ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញទំនប់អាងទឹកចម្ការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ ។

ទំនប់អាងទឹកចម្ការតែ មាន​ទីតាំង​ស្ថិត​នៅលើខ្នងភ្នំគិរីរម្យ​ ដែល​មានកម្រិត រក្សាទឹកអតិបរមាប្រមាណ ០៧​ លានម៉ែត្រគុបនេះ បានទទួលរងនូវជំនន់ទឹកភ្លៀងហូរបាក់ដាច់ត្រង់ ចំណុចសំណង់ខ្នងទំនប់ចាស់ដែលបានបន្សល់ទុកតាំងពីសម័យមុន និងដោយសាររងឥទ្ធិពល ពីព្យុះបានកើតមានបន្តបន្ទាប់ រួម​ជាមួយ​បរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីអំឡុង ខែតុលា ឆ្នាំ២០២០ , ដែលភ្លាមៗនោះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអន្តរាគមន៍ ជួសជុលជាបន្ទាន់ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ។

នៅដើមឆ្នាំ​២០២១​ នេះ ក្រសួងបានធ្វើការ ជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ – ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើង ទេរទំនប់ប្រវែង ១២០ ម៉ែត្រ, សាងសង់សំណង់ស្នូលបេតុង ០១កន្លែង – សាងសង់សំណង់លូជ្រុង (ទ្វារ២) ០១កន្លែង, ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង- ជួសជុលសំណង់បង្ហៀរ ០១កន្លែង។

ក្នុងដំណើរបេសកកម្មចុះពិនិត្យការងារនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសក្រសួងដែលបានខិតខំបំពេញកិច្ចការងារទោះជួបឧបសគ្គ​ និងបញ្ហាប្រឈមខ្លះៗមួយចំនួនក្តី និងបានណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ការ​ផ្តត់ផ្គង់ទឹក​សម្រាប់​ប្រេីប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងតំបន់ផងដែរ​ ៕

RELATED ARTICLES