តារាចម្រៀងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលឈជើងនៅហង្សមាសនោះ ស្រាប់តែងាកទៅចាប់ដៃជាមួយស្រីស្រស់វ័យក្មេងនាងតន់ ច័ន្ទសីម៉ា របស់Galaxy ទៅវិញក្នុងស្ពតធំមួយដែលលោកប៊ុនថៃ បានកៀកកើយនិងញាំអាហារជាមួយនាងច័ន្ទសីម៉ា យ៉ាងរ៉ូមែនទិក។អ្នកគាំទ្រតារាចម្រៀងសិរីមន្ដ និងនាងច័ន្ទសីម៉ា ថាទោះជាតារាទាំង២មានអាយុខុសគ្នាក្ដី ប៉ុន្ដែបើបានច្រៀងសម្ដែងរួមគ្នាពិតជាប្លែកមិនខានឡើយព្រោះថាកន្លងមកលោកប៊ុនថៃ តែងតែចាប់ដៃគូជាមួយប្អូនថ្លៃថៅកែហង្សមាសឱក សុគន្ធកញ្ញា ខណៈដែលនាងច័ន្ទសីម៉ា វិញជាដៃគូជាមួយលោកព្រាប សុវត្ថិ និងខេម។


ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី១០ខែមិថុនាលោកខេមរៈ សិរីមន្ដ បានប្រាប់”នគរធំ”ថាលោកកំពុងតែនៅខេត្តថតស្ពតជាមួយតារាចម្រៀងតន់ ច័ន្ទសីម៉ា មិនទាន់ចប់នោះទេគឺស្ពតនេះត្រូវថតដល់ទៅ៣ថ្ងៃហើយពេលនេះទើបថតបានជាង៧០%។លោកបន្ថែមថាការដែលលោកប៉ៈគ្នាជាមួយច័ន្ទសីម៉ា នោះជាការជ្រើសរើសរបស់អ្នកផលិតស្ពតAnchor តែលោកមិនអាចនិយាយបានទេថាស្ពត១នេះលោកស៊ីថ្លៃប៉ុន្មានឬចុះកុងត្រារយៈពេលយូឬឆាប់នោះទេព្រោះរឿងនេះនៅលើក្រុមហ៊ុនរៀបចំ។ទោះជាយ៉ាងណាលោកសិរីមន្ដ អះអាងថាលោកពិតជាពេញចិត្តនិងរីករាយដែលបានធ្វើការងារមួយនេះជាមួយតន់ ច័ន្ទសីម៉ា ព្រោះនាងជាតារាដែលមានអត្តចឬកល្អគោរពការងារដែលធ្វើឲ្យការថតស្ពតនោះតំណើរការថតដោយរលូន។លោកបន្ថែមទៀតថានេះជាលើកទី១ដែលបានរួមការងារជាមួយច័ន្ទសីម៉ា ក្នុងការថតស្ពត ខណៈដែលកន្លងមកលោកបានជួបនាងញឹកញាប់ដែរព្រោះតែមានការរាប់អានគ្នាជាមួយថៅកែGalaxy លោកឧកញ៉ាឡេង ណាវ៉ាត់ត្រា ដូចជានៅថ្ងៃរៀបការប្អូនអ្នកឧកញ៉ាជាដើមប៉ុន្ដែលោកមិនដែលបានច្រៀងសម្ដែងជាមួយសីម៉ា លើឆាកតន្រ្ដីណាមួយជាដៃគូឆ្លងឆ្លើយគ្នាឡើយ។



នេះជាជំហានថ្មីមួយទៀតសម្រាប់ខេមរៈ សិរីមន្ដ ដែលទោះជាពេលនេះកូវីដមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែលោកប៊ុនថៃ នៅតែត្រូវប៉ាន់ថតស្ពតធំៗជាមួយតម្លៃខ្លួនរាប់ម៉ឺនដុល្លារ។ដោយឡែកនាងច័ន្ទសីម៉ា ដែលមានបទពិសោធន៍សិល្បៈនៅខ្ចីបើប្រៀបធៀបជាមួយលោកប៊ុនថៃ នោះបានបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលដែលបានថតស្ពតជាមួយតារាចម្រៀងល្បីរបស់ហង្សមាសរូបនេះ។
តន់ ច័ន្ទសីម៉ា ដែលហៅខេមរៈ សិរីមន្ដ ថាជាពូៗនោះវាចារថា”ថ្ងៃនេះបំពេញការងារជាមួយលោកពូខេមរៈ សិរីមន្ដ ជាលើកដំបូង។បងប្អូនទាយមើលថាសីម៉ា អាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?”។



លោកយឹម តាស្រង់ ដែលជាអ្នកចាត់ការទូទៅរបស់Galaxyមិនលើកទូរស័ព្ទទេនៅថ្ងៃទី១០ខែមិថុនា ទើបមិនអាចសុំការបញ្ជាក់ពីតម្លៃខ្លួនរបស់ច័ន្ទសីម៉ា ក្នុងការចាប់ដៃថតស្ពតធំជាមួយខេមរៈ សិរីមន្ដ នេះបានឡើយ។ទោះជាយ៉ាងណាក្នុងជំនួបតាមទូរស័ព្ទកន្លងមកអតីតអ្នកនិពន្ធរបស់ថោន រូបនេះធ្លាប់ឲ្យដឹងថាតន់ ច័ន្ទសីម៉ា ថតសម្អាងការមួយដែលប្រើពេលពី១ទៅ២ថ្ងៃនោះគឺស៊ីថ្លៃដល់ទៅ២០០០០ដុល្លារឯណ្ណោះ។មហាជនជឿរថាការថតស្ពតរបស់នាងច័ន្ទសីម៉ា នៅពេលនេះច្បាស់ជាកើបលុយធំមិនចាញ់លោកប៊ុនថៃ ឡើយ ហើយនាងនឹងឡើងកូដថែមទៀតក្រោយចាប់ដៃលោកប៊ុនថៃ នេះជាមិនខាន។



ខេមរៈ សិរីមន្ដ កាន់តែឡើងកូដនៅរយៈពេលចុងក្រោយនេះនៅផលិតកម្មរស្មីហង្សមាសបន្ទាប់ពីផ្ទុះបទ”ក្រមុំឥឡូវចាស់ៗម្លេះ?”,”ឆ្នាំនេះអូនមើលកំាំជ្រួចជាមួយអ្នកណា?”ជាដើម ខណៈដែលថ្មីៗនេះលោកប៊ុនថៃ ក៍កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាងគួយ ផល្លី បន្ទាប់ពីចាប់ដៃគ្នា១៧ឆ្នាំទទួលបានចំណងដៃកូន៣(ស្រី២)ហើយមុននេះលេចឭថាសិរីមន្ដ បានលើកប្រពន្ធឲ្យធ្វើជាជំនួយការលោកទៀតផង បន្ទាប់ពីបានផ្ដល់តំណែងឲ្យអ្នកផល្លី ក្លាយទៅជាអ្នកដឹកនាំសម្ដែងMVបទចម្រៀងរបស់លោក៕ ហ៊ឹម វិចិត្រ




