លោកអិុន សុភិន បានប្រតិកម្មរឿងនេះជាខ្លាំង ហើយថែមទាំងប្រទេចប៉ែន ចំរ៉ុង ថា លើលោកនេះ ឪពុកដែលថោកទាបបំផុត គឺប៉ែន ចំរ៉ុង នេះហើយ។
អ្នកយកព័ត៌មានយើងបានស្កាត់ទៅជួបប៉ែន ចំរ៉ុង ផ្ទាល់នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទៅទី២២ ខែតុលា ឆ្នាំ២០១៦ ដើម្បីសាកសួរជុំវិញរឿងដែល លោកអ៊ិន សុភិន បានចោទប្រកាន់លោកថា បានដាក់ទំនាយចៅស្រីគាត់តាំងពីគេនៅក្នុងផ្ទៃដាលីស មិនទាន់កើតម៉្លេះ ដោយចំរ៉ុង ថា ឱ្យកូននោះកើតមកមាន អវយវៈមិនគ្រប់លក្ខណៈ ឬឱ្យឆ្កួតដូចម្តាយ (ដាលីស) ដែលលោកសុភិន ថា សកម្មភាពបែបនេះ គឺជាទង្វើដ៏ថោកទាបរបស់ប៉ែន ចំរ៉ុង។ ប៉ែន ចំរ៉ុង មិនធ្វើ អត្ថាធិប្បាយច្រើនទេ លើរឿងរ៉ាវខាងលើនេះ ដោយ ចំរ៉ុង ថា លោកមិនមានពាក់ព័ន្ធអីជាមួយក្រុមគ្រួសារភិន សុដាលីស ទៀតទេ ទើបកន្លងមកមិនចាំបាច់ត្រូវបកស្រាយនោះ។
ប៉ែន ចំរ៉ុង បញ្ជាក់ថា “ខ្ញុំនិងក្រុមគ្រួសារគាត់ (ភិន សុដាលីស) គឺបានចប់គ្នាអស់ទៅហើយ មានអីទាក់ទងគ្នាទៀត អីចឹងខ្ញុំមិនចង់តតបអីទេ។ ប៉ុន្តែ ខ្ញុំសូមសួរបងឯង (អ្នកយកព័ត៌មាន) ថា បងឯងដែលមានកូនអត់? តើលើលោកនេះមានឪពុកឯណាដាក់ទំនាយកូនអីចឹងទេ? ខ្ញុំមិនត្រូវបកស្រាយអីទេ តែខ្ញុំសូមយកទេវតាជាសាក្សី ខ្ញុំជឿលើទេវតា គាត់មានភ្នែក។ គាត់ (អុិន សុភិន) កំពុងតែយកក្មេងម្នាក់ ដែលអត់ដឹងរឿងអីជាចំណាប់ខ្មាំងតែម្តង”។
ក្រោយពេលលោកអិុន សុភិន បានធ្វើការវាយប្រហារប៉ែន ចំរ៉ុង យ៉ាងចាស់ដៃ ដោយយកវេទិកា សម្ពោធរឿង “បណ្តឹងស្រីទាំង៥” នៅផ្សារអ៊ីអន រិះគន់លើប៉ែន ចំរ៉ុង និងចេញវីដេអូឃ្លីបបន្ថែម៣ចំណុច ទៀត ធ្វើឱ្យចំរ៉ុង ងើបមុខលែងរួចនោះមក ស្រាប់តែជនអនាមិកម្នាក់ បង្កើតគណនេយ្យក្លែងក្លាយលើបណ្តាញសង្គម ចោទប្រកាន់ ដោយទម្លាយរឿងអាស្រូវថា លោកសុភិន មានស្នេហាភេទដូចគ្នាជាមួយ អតីតគូដណ្តឹងនាងភិន សុដាលីស គឺលោកប៉ែន តុលា ថា លោកសុភិន មានទំនាក់ទំនងមិនធម្មតាជាមួយអតីតគូដណ្តឹងកូនស្រី ខណៈដែលពេលនេះ លោក ចំរ៉ុង ក៏ចោទលោកសុភិន ថា កំពុងតែយកកូនស្រីលោក (katerina) ជាចំណាប់ខ្មាំង ក្រោយពីលោកសុភិន ថា ចំរ៉ុង បានដាក់ទំនាយកូនស្រីខ្លួនតាំងពីមិនទាន់កើតនោះ។
លោកសុភិន បានប្រតិកម្មជាខ្លាំងចំពោះការដែលចំរ៉ុង ថា នៅលើលោកនេះមានឪពុកឯណាដាក់ទំនាយកូនផ្ទាល់របស់ខ្លួននោះ។ លោកសុភិន និយាយសម្តីធ្ងន់ៗបែបក្តៅក្រហាយថា “ប៉ែន ចំរ៉ុង ពិតជានិយាយអីចឹងមែន? អ្នកកាសែតហ្នឹងមានថតសម្តីប៉ែន ចំរ៉ុង ទេ ព្រោះក្រុមគ្រួសារនេះក្រឡេចក្រឡុចណាស់។ ខ្ញុំចង់ឱ្យអ្នកកាសែតចុះសម្តីប៉ែន ចំរ៉ុង មកឱ្យអស់ ហើយសម្តីខ្ញុំក៏ដាក់ឱ្យអស់ដែរ គឺខ្ញុំចង់ប្រាប់ថា លើលោកនេះ ឪពុកដ៏ថោកទាបបំផុត គឺមានតែប៉ែន ចំរ៉ុង នេះហើយ គឺកំពូលថោកតែម្តង។ ខ្ញុំមិនខ្លាចប៉ែន ចំរ៉ុង ទេ ព្រោះអ្នកឯង (ចំរ៉ុង) និយាយប្រមាថកូន គឺខ្ញុំមាននៅក្នុងខ្សែអាត់សំឡេងទាំងអស់។ ចំណែករឿងវែកមុខរកអ្នកដែលនិយាយអាក្រក់ពីក្រុមគ្រួសារខ្ញុំ យើងកំពុងតែវែកមុខក្នុងពេលឆាប់ៗនេះហើយ គឺមិនយូរទេ វាំងននខ្មៅនឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗនេះ ហើយថា អ្នកណាជាអ្នកនៅក្រោយខ្នងរឿងនេះ? ចំណែករឿងខ្ញុំនិងកូនចិញ្ចឹមខ្ញុំ ប៉ែន តុលា គឺនៅតែធ្វើការជាមួយគ្នាធម្មតាទេ អត់មានបញ្ហាអីចោទផង”។
ដោយឡែកទាក់ទងរឿងដ៏ចម្រូងចម្រាសរវាង ភិន សុដាលីស និងប៉ែន ចំរ៉ុង នេះដែរ មានតារា៣ នាក់ បានលើកទឹកចិត្តប៉ែន ចំរ៉ុង គឺអ្នកនាងចន ច័ន្ទ- លក្ខិណា, ទូច ស្រីលក្ខណ៍ និងឆយី។
លោកសុភិន បន្ថែមថា “ខ្ញុំក៏មិនដឹងថា ខ្ញុំមាន រឿងអីជាមួយតារាទាំង៣ខាងលើដែរ បានជាពួកគាត់កាន់ជើងប៉ែន ចំរ៉ុង នោះ? ដូចជាចន ច័ន្ទលក្ខិណា ខ្ញុំមិនដែលមានរឿងអីជាមួយគាត់ទេ។ និយាយទៅ សិល្បៈគឺពិបាកអីចឹង ជួនគេលែងបានប្រយោជន៍អី ពីយើងក៏មិនដឹង បានជាទៅអីចឹង…”៕