Monday, November 18, 2024
Homeព័ត៌មានជាតិខួប​ទី​៩៤ ថ្ងៃ​ប្រសូត​ព្រះ​បរម​រតន​កោដ្ឋ

ខួប​ទី​៩៤ ថ្ងៃ​ប្រសូត​ព្រះ​បរម​រតន​កោដ្ឋ

ភ្នំពេញ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ គឺជាខួបលើកទី៩៤ នៃថ្ងៃប្រសូតរបស់សម្តេចឪ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (៣១ តុលា ១៩២២-៣១ តុលា ២០១៦) ដែលក្នុងមួយព្រះជន្មព្រះអង្គ បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុង ព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ ធ្វើឱ្យប្រជារាស្ត្រ ខ្មែរចងចាំនូវស្នាព្រះហស្តរបស់ព្រះអង្គ ក្នុងក្រអៅបេះដូង គ្មានថ្ងៃបំភ្លេចបាន។

king-dom

កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ- ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា- ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហប្ញទ័យយាងចូលរួមក្នុងព្រះរាជពិធីខួប ទី៩៤ព្រះវស្សា ឆ្នាំប្រសូត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុង បរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត ព្រះបរមរាជវាំងចតុម្មុខមង្គល ដើម្បីថ្វាយព្រះ- រាជមហាកុសល និងព្រះមហាសព្ទសាធុការពរ ដើម្បីថ្វាយព្រះវិញ្ញាណក្ខន្ធព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ។

ព្រះរាជពិធីនេះ មានការអញ្ជើញចូលរួម  ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន, ប្រធានរដ្ឋសភា, សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចព្រះសង្ឃរាជទាំង២គណៈ គណសង្ឃនាយក និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជា ច្រើនរូប សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងព្រះបុត្រា ក៏បានប្រារឰខួបនៃថ្ងៃប្រសូត របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបិតា ឯករាជ្យ ដើម្បីជាការរំលឹកព្រះគុណូបការៈ ដែលព្រះអង្គបានបម្រើជាតិមាតុភូមិ និងប្រជា- នុរាស្ត្រ ជាពិសេស ការបង្កើតនូវគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ផងដែរ។

hun1

គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះអង្គប្រសូត នៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សា រាជបល្ល័ង្ក បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ- កម្ពុជា។ ឆ្នាំ១៩៤៦ ព្រះអង្គបានយាងទស្សន- កិច្ចជាលើកដំបូងនៅប្រទេសបារាំង តបតាមការ អញ្ជើញរបស់ប្រធានាធិបតី ធឡែឃី អឿូណី និងឧត្តមសេនីយ៍ហ្សាល ឌឺហ្គោល។ នៅឆ្នាំ ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅ សាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ ប្រទេសបារាំង។

ក្នុងឆ្នាំ១៩៤៧ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គទទួលបានព្រះមហា ជោគជ័យក្នុងការទាមទារឱ្យប្រទេសថៃ សង មកកម្ពុជាវិញ ដាច់ខាត នូវខេត្តខ្មែរ រួមមាន បាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង ដែលក្នុងពេលមានសង្គ្រាមលោកលើកទី២ ប្រទេស ថៃ បានយកពីកម្ពុជា។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម របស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បាន ទទួលមកវិញទាំងស្រុងនូវឯករាជ្យពីប្រទេស បារាំង និងត្រូវប្រជារាស្ត្រខ្មែរ ថ្វាយព្រះកិត្តិនាម ព្រះអង្គជា “ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ”។

hun

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានដាក់រាជថ្វាយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា ហើយត្រូវព្រះរាជបិតាប្រទាននូវព្រះគោរមងារ ជា “សម្តេចព្រះឧបយុវរាជនៃព្រះរាជាណាចក្រកម្ពុជា”។ លុះដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៥៥ ព្រះអង្គបានបង្កើតចលនាសង្គមរាស្ត្រ និយម ដែលមានគណបក្សជាច្រើន ចូលរួមក្នុង ចលនានេះ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គបានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិ ដោយទទួលបានការគាំទ្រពី ប្រជារាស្ត្រខ្មែរច្រើនលើសលប់ បន្ទាប់មកព្រះអង្គក៏ទទួលព្រះរាជឋានៈជានាយករដ្ឋមន្ត្រី និង បានបំពេញព្រះរាជបូជនីយកិច្ចដឹកនាំ ដើម្បី អភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យនៃការ កសាងសជាតិរបស់ព្រះអង្គ ជាពិសេសការ លើកស្ទ្ទយ្ទួនារីឱ្យមានសិទ្ធិស្មើភាពនឹងបុរស ក្នុងការងារ។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ។

នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈជា នាយករដ្ឋមន្ត្រី ព្រះអង្គបានយាងទៅបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិត ចិន និងបានជួបជាមួយថ្នាក់ដឹកនាំចិន ជាច្រើន រួមមានឯកឧត្តមលោកប្រធានម៉ៅ សេទុង ហើយ ព្រះអង្គក៏បានឡាយព្រះហស្តលេខាលើសេចក្តី ប្រកាសរួមស្តីពីមិត្តភាពកម្ពុជា-ចិន។

នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ទ្រង់សោយព្រះទិវង្គត ពេលនោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានសមាជិកសភាសម្រេចជា  ឯកច្ឆន្ទ ជ្រើសតាំងព្រះអង្គជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីខែឧសភា ឆ្នាំ១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មនយោបាយការទូត ដើម្បីទាមទារ ប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរ ពី ប្រទេសថៃវិញ ដោយតុលាការក្រុងឡាអេ បាន សម្រេចប្រគល់ប្រសាទព្រះវិហារ មកឱ្យកម្ពុជា វិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានរៀបចំបដិសណ្ឋារកិច្ច ទទួល ជាឧឡារិកលោកឧត្តមសេនីយ៍ ហ្សាល ឌឺហ្គោល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបាន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណា- ចក្រកម្ពុជា។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថា ដែលថ្លែងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក លោកប្រធានាធិបតីបារាំង បាន គាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលបានការពារ ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹត សន្តិភាព របស់ខ្លួន។

ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យ សង្គមរាស្ត្រនិយម ដែលប្រជារាស្ត្រខ្មែរ បាន ថ្វាយព្រះនាមព្រះអង្គជាព្រះបិតាឯករាជ្យជាតិ  ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាល ជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលជាច្រើនបានលេចត្រដែតឡើងជា សម័យកាលដ៏រុងរឿងបំផុតមួយរបស់កម្ពុជា។

ប៉ុន្តែគួរឱ្យស្តាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជាទស្សនកិច្ចផ្លូវការនៅសហភាពសូវៀត ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវ បានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្រប ច្បាប់មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធា ដែលមានលន់ នល់ ជាមេខ្លោង។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គបាន ឡាយព្រះហស្តលេខាលើកិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះ កម្ពុជា ជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជា១១រូបទៀត ជាមួយតំណាង រដ្ឋាភិបាល១៨ ប្រទេស និងជាមួយលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងនិវត្តន៍មកកាន់រាជធានីភ្នំពេញ វិញ ប្រកបដោយជោគជ័យនិងសុវត្ថិភាព ដោយ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាស ជាផ្លូវការនូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រ កម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមីទ្ទិញ មហាជនមួយ ត្រូវបានរៀបចំឡើងដោយមាន មហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្តែង មនោសញ្ចោតនាអបអរសាទរ គាំទ្រស្វាគមន៍ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម  សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តម ជាទីបំផុត ក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ តាំងពីដើមរហូតមក។ ព្រះអង្គបានធ្វើឱ្យចេញ ជារូបរាងរដ្ឋាភិបាលចម្រុះដែលមានសហនាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៣ ហើយជាពិសេស ព្រះអង្គបានបំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចុះហត្ថលេខាលើសេចក្ត្តីប្រកាសរួម អំពីគោលការណ៍ប្រតិបត្តិការ ដែលបានសម្រេច ក្នុងកិច្ចប្រជូំកំពូលក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ មហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្វាយអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជកិច្ច ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីសក្ការៈ ដែលជាព្រះមហាវីរក្សត្រ មួយព្រះអង្គ តែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ច ប្រកបដោយព្រះរាជទសពិធរាជធម៌ និងព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមចំពោះប្រជានុរាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែគួរឱ្យសោកស្តាយបំផុត សម្រាប់ ប្រជារាស្ត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ បានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនិង ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោងចត្វាស័ក ពុទ្ធ សករាជ ២៥៥៦ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយ ទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតន- កោដ្ឋ”..៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES