មកទល់ពេលនេះគេកេត់សម្គាល់ថា ស្ថានភាពអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ មានការប្រែប្រួលយ៉ាងខ្លាំងបើធៀបនឹងបណ្ដាខេត្តនៅជាប់មាត់សមុទ្រផ្សេងទៀត។ សន្ទុះដីធ្លីក៏ត្រូវគេឃើញប្រែប្រួលយ៉ាងគំហ៊ុកនាពេលចុងក្រោយផងដែរ ជាពិសេសបន្ទាប់ពីមួយនេះត្រូវបានប្រកាសថាជាខេត្តដែលទាក់ទាញគោលដៅទេសចរណ៍ និងជាខេត្តដែលខាងប្រទេសចិន នឹងធ្វើការវិនិយោគអោយក្លាយជាតំបន់សេដ្ឋកិច្ចធំមួយក្នុងពេលដ៏ខ្លី។
លោកប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថារដ្ឋាភិបាលកម្ពុជានឹងជម្រេចជ្រើសយកខេត្តព្រះសីហនុជាតំបន់អភិវឌ្ឍន៍ធំមួយដើម្បីពង្រីកខេត្តនេះអោយក្លាយជាខេត្តគំរូរបស់ចិននៅកម្ពុជា។ លោកបានប្រកាសបែបនេះក្នុងជំនួបជាមួយភាគីចិន ដែលក្រុមហ៊ុនចិនបានស្នើយកខេត្តមួយរបស់កម្ពុជាធ្វើជាក្របខណ្ឌយុទ្ធសាស្រ្ត«ខ្សែក្រវាត់មួយ–ផ្លូវមួយ» ដើម្បីអភិវឌ្ឍន៍ខេត្តនេះអោយក្លាយជាតំបន់សេដ្ឋកិច្ចធំមួយដូចគ្នានឹងខេត្តណានជិងរបស់ចិន។
លោករដ្ឋមន្ត្រីបន្តថា ទឹកដីខេត្តព្រះសីហនុ នឹងក្លាយជាខេត្តសេដ្ឋកិច្ច និងទេសចរណ៍កាន់តែធំបន្ទាប់ពីការដាក់គម្រោងអភិវឌ្ឍន៍អោយក្លាយជាខេត្តគំរូរបស់ចិន។ ជំហរនេះក៏នឹងរុញអោយក្រុមអ្នកវិនិយោគិន និងអ្នកទេសចរណ៍ចាប់អារម្មណ៍ទៅកាន់ខេត្តព្រះសីហនុច្រើនឡើងផងដែរ ដែលសុទ្ធតែជាចំណុចល្អដែលខេត្តមួយនេះនឹងទទួលបាន។ យាងណាមិញលោកមិនបានបញ្ជាក់ច្បាស់ពីការដាក់ចុះការដ្ឋានដើម្បីសាងសង់ទីក្រុងគំរូរបស់ចិន នៅលើទឹកដីខេត្តព្រះសីហនុនៅពេលណានោះទេ ដោយគ្រាន់តែរដ្ឋាភិបាលចិន បានយល់ព្រមបោះទុនអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំនៅក្នុងខេត្តនេះ ដើម្បីអោយក្លាយជាខេត្តគំរូរបស់ចិន នៅកម្ពុជា។
ដំណឹងនេះត្រូវគេឃើញរុញអោយដីធ្លីក្នុងខេត្តព្រះសីហនុមានការប្រែប្រួល។ដីចម្ការ និងដីទំនេរស្ទើរតែគ្រប់ទិសទីនៅក្នុងតំបន់ជុំវិញក្រុងត្រូវគេប្រមូលទិញក្នុងតម្លៃខ្ពស់ ដោយអះអាងថាដើម្បីទុកលក់អោយក្រុមហ៊ុនចិន។ តម្លៃដៃធ្លីក៏បានឈានឡើងខុសប្លែកពីមួយរយៈមុនផងដែរ ខណៈដែលតម្លៃនេះត្រូវគេអះអាងថាកាន់តែមានឈានឡើង បើទោះជាដីធ្លីក្នុងខេត្ត និងរាជធានីនៅត្រឹងព្រោះតែបណ្ដាឈ្មួញចាំអ៊ុតមើលស្ថានភាពបោះឆ្នោតនៅកម្ពុជា។ យ៉ាងណាក៏ដោយតម្លៃដៃឈានឡើងនេះ គឺច្រើនតែដីធ្លីនៅជុំវិញក្រវាត់ក្រុងព្រះសីហនុ និងនៅក្នុងក្រុងប៉ុណ្ណោះ ចំពោះតំបន់ឆ្ងាយៗដាច់ស្រយាលក៏មានកម្រិត និងមិនសូវមានការទាក់ទាញផងដែរ។
ក្រុមអ្នករកស៊ីដីធ្លីបានអះអាងថាដីធ្លីក្នុងខេត្តព្រះសីហនុងាយស្រួលធ្វើការដាក់លក់ ក្នុងប៉ុន្មានខែចុងក្រោយ ។ ក្នុងនោះគម្រោងសាងសង់ខុនដូធំៗក៏ត្រូវគេឃើញមានក្រុមអ្នកមានទ្រព្យស្ដុកពីក្នុង និងក្រៅប្រទេសចុះទុនស្ថាបនាគម្រោងច្រើនឡើងជាងមុនផងដែរ។ មិនមានទិន្នន័យអោយប្រាកដពីតម្លៃដីធ្លីគិតជាម៉ែត្រការ៉េនៅខេត្តព្រះសីហនុនោះទេ ដោយគ្រាន់តែក្រុមអ្នកប្រកបអាជីវកម្មមួយនេះបានអះអាងថាមានតម្លៃចាប់ពីខ្ទង់រយរហូតដល់ខ្ទង់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងស្ថានដីនៅក្នុងតំបន់នោះ។ ហេតុផលនៃការឈានឡើងនៃតម្លៃដីធ្លី គឺបណ្ដាលមកតែពីមូលហេតុកើនឡើងនូវចំនួនអ្នកទេសចរណ៍ និងសកម្មភាពដឹកជញ្ជូនទំនិញពីបណ្ដាប្រទេសផ្សេងៗ មកកាន់កំពង់ផែក្រុងព្រះសីហនុតែមួយគត់ ដោយចលករនេះនឹងកាន់តែស្ទុះខ្លាំងថែមទៀត ដែលចាំបាច់ត្រូវតែតម្រូវអោយខេត្តព្រះសីហនុពង្រីកព្រលានយន្តហោះ ពង្រីកសេវាទេសចរណ៍ ពង្រីកកំពង់ផែ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត។ ក្នុងនោះការវិនិយោគលើកការបង្កើតក្រុមហ៊ុនតូចធំៗ ដើម្បីពង្រីកការងារដល់ពលរដ្ឋក៏ត្រូវតែធ្វើផងដែរ ដើម្បីអោយមានតុល្យភាពជាមួយសន្ទុះរីកចំរើន។
យោងតាមការប្រកាសឲ្យដឹងមិនថាតំបន់ឆ្នេរនោះទេសូម្បីតែតំបន់កោះជិតឆ្ងាយ និងនៅតាមរមណីយដ្ឋានទាំងឡាយក្នុងខេត្តព្រះសីហនុក៏មានចំនួនអ្នកទេសចរណ៍កើនឡើងផងដែរ ទើបជំរុញអោយខេត្តមួយនេះ ក្រៅពីមានលំហូរចូលអ្នកវិនិយោគ ក៏មានជនចំណូលស្រុកទៅរស់នៅច្រើន ដើម្បីបំពេញកម្លាំងពលកម្មដែលមានតម្រូវការ។ លោកនូ សុផល តំណាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលស្គាល់ថាកំណើនអ្នកទេសចរណ៍ បានរុញអោយខេត្តព្រះសីហនុមានការអភិវឌ្ឍន៍។ ក្នុងនោះសកម្មភាពលើកដាក់ទំនេញនៅក្នុងកំពង់ផែក្រុងព្រះសីហនុច្រើនឡើង ក៏ជួយអោយក្រុមហ៊ុនតូចធំ មានការបណ្ដាក់ទុនបង្កើតជាផ្ទះសំណាក់ សណ្ឋាគារ សំណង់បុរី និងរមណីយដ្ឋានលំហែរដើម្បីស្រូបទាញចំណូលរៀងខ្លួនពីអ្នកទេសចរណ៍ផងដែរ។ លោកថាក្នុងរយៈពេលបុណ្យទានម្ដងៗ ទឹកដីខេត្តនេះមានភ្ញៀវឡើងចុះមិនក្រោម១១នាក់នោះទេ ទើបជំរុញអោយដីធ្លីនៅខេត្តព្រះសីហនុ ត្រូវឡើងថ្លៃដោយស្វ័យប្រវត្តិ ដោយសារតែមានតម្រូវការក្នុងវិស័យទេសចរណ៍៕
ដោយ ៖ ប៉េង លី