ភ្នំពេញ ៖ ការដំំឡើងពន្ឋលើរថយន្តថ្មីចាប់តាំងពីខែមេសាដើមឆ្នាំនេះ និងការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុនានា បានធ្វើឲ្យចរន្តនៃការលក់រថយន្តថ្មីឆ្នាំនេះ មានកំណើនយឺតធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកសេង វឹងអគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុនRM Asiaដែលនាំយករថយន្តFord, Rang Rover និងរថយន្តជេកគ័របានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា ការលក់រថយន្តរបស់ក្រុមហ៊ុនRM Asiaបានកើនឡើងចន្លោះ៣០ទៅ៤០ភាគរយនៅឆ្នាំនេះ ប៉ុន្តែកំណើននៃការលក់ឆ្នាំនេះ គឺដោយសារមានអតិថិជនកុំម៉ង់ច្រើនកាលពីឆ្នាំមុន ពោលគឺជាការកុងត្រារវាងក្រុមហ៊ុន និងអតិថិជនប៉ុណ្ណោះ។ ផ្ទុយទៅវិញចាប់តាំងពីរដ្ឋាភិបាលដំឡើងពន្ឋរថយន្តចាប់តាំងពីដើមឆ្នាំនេះ ក្នុងរង្វង់ចន្លោះពី១០ដល់ជាង២០ភាគរយបានធ្វើឲ្យការលក់រថយន្តយឺតជាងឆ្នាំមុន”។
លោកបន្តថា “រដ្ឋាភិបាលគួរកាត់បន្ថយការនាំចូលរថយន្តជជុះ ជាជាងដំឡើងពន្ឋរថយន្តថ្មី ដើម្បីធ្វើឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់រថយន្តថ្មីកាន់តែច្រើន និងអាចចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍”។
លោកសេង វឹងបានបន្តថា រថយន្តជជុះ និងរថយន្តថ្មីមានកម្រិតពន្ឋខុសគ្នាគុណនឹងបី ហើយអ្នកនាំចូលរថយន្តជជុះបានរួចពន្ឋលើប្រាក់ចំណេញ ដោយធ្វើជារបៀបម៉ៅការ ផ្ទុយទៅវិញក្រុមហ៊ុននាំចូលរថយន្តថ្មីត្រូវបង់ពន្ឋច្រើន និងបង់ពន្ឋលើប្រាក់ចំណេញបន្ថែមទៀត ដែលធ្វើឲ្យតំលៃរថយន្តកើនឡើង ហើយអតិថិជនមានការរអ៊ូរទាំពីតំលៃរថយន្តកើនឡើង។
អគ្គនាយកក្រុមហ៊ុនGreat Wall Cambodia លោកពាង ម៉ាន់បានថ្លែងថា ការលក់រថយន្តឆ្នាំនេះ ពិតជាមានកំណើនយឺតជាងឆ្នាំមុន ដោយសារកត្តាពីរ គឺការដំឡើងពន្ឋរបស់រដ្ឋាភិបាលលើរថយន្តថ្មី និងការរឹតបន្តឹងការផ្តល់ឥណទានពីមីក្រូហិរញ្ញវត្ថុ និងធនាគារនានា ដែលជាមូលហេតុចម្បងធ្វើឲ្យការលក់រថយន្តថយចុះ។លោកបន្តថា រដ្ឋាភិបាលគួរបើកទូលាយឲ្យអតិថិជនអាចប្រើប្រាស់ឥណទានបាន ដើម្បីងាយស្រួលអតិថិជនប្រើប្រាស់ និងធ្វើយ៉ាងណាឲ្យអត្រាការប្រាក់ទាប និងអាចខ្ចីឥណទានរយៈពេលយូរ ដូចជាប្រទេសម៉ាឡេស៊ីធនាគារនៅទីនោះឲ្យអតិថិជនអាចខ្ចីប្រាក់រហូតដល់៩ឆ្នាំ និងមានអត្រាការប្រាក់ត្រឹមតែ២ទៅ៣ភាគរយ តែអត្រាការប្រាក់នៅកម្ពុជាមានរហូតដល់ចន្លោះ១៨ទៅ២០ភាគរយឯណោះ។
លោកបន្តថា “រដ្ឋាភិបាលគួរដំឡើងពន្ឋរថយន្តជជុះ ជាជាងដំឡើងពន្ឋរថយន្តថ្មី ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់រថយន្តថ្មីបានកាន់តែច្រើន”។
លោកឆារស៍ វ៉ាន់ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា រដ្ឋាភិបាលមិនមែនធ្វើការរឹតបន្តឹងឥណទាននោះទេ ប៉ុន្តែការផ្តល់ឥណទានមានការប្រុងប្រយ័ត្នជាងមុន។
ឯកឧត្តមវង្ស៊ី វិសុទ្ឋរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការដំឡើងពន្ឋរបស់រដ្ឋាភិបាលលើរថយន្តថ្មី មិនប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រនោះទេ គឺការដំឡើងពន្ឋបែបនេះ សំដៅតែលើអ្នកមានធនធានច្រើន ហើយប្រាក់បានពីការដំំឡើងពន្ឋនេះគឺរដ្ឋាភិបាលយកមកជួយអ្នកក្រីក្រប៉ុណ្ណោះ។
គង់ លាងហួរ