Monday, November 18, 2024
Homeបរិយាយកឋិន​ទាន ឬ​កឋិន​បក្ស?

កឋិន​ទាន ឬ​កឋិន​បក្ស?

សព្វថ្ងៃ និន្នាការនយោបាយ ពុំត្រឹមប្រតោងប្រទាញមនុស្សឱ្យចែកបក្សចែកពួកគ្នាយើង គ្នាគេនោះទេ សូម្បីវត្តអារាម ក៏មានការរើសអើងពីសំណាក់អ្នកគាំទ្រនយោបាយដែរ។ តាមការកត់សម្គាល់ វត្តអារាមណាដែលកសាងបានលឿន គឺមក ពីមន្ត្រីបក្សកាន់អំណាចគាំទ្រ ព្រោះព្រះចៅអធិការ និងគណៈកម្មការអាចារ្យវត្ត ស្រឡាញ់បក្សកាន់អំណាច។ ប៉ុន្តែវត្តអារាម ខ្លះ មិនសូវបានរីកចម្រើនដូចគេទេ ដោយសារមន្ត្រីបក្សកាន់អំណាច មិនចូលធ្វើបុណ្យ បន្ទាប់ពីតាមដានដឹងថា ព្រះសង្ឃ ឬអាចារ្យវត្តនោះស្រឡាញ់បក្សប្រឆាំង។ ដល់អ៊ីចឹងទៅ ការធ្វើបុណ្យកឋិន ក៏មានការរើសវត្តដែរ លេចចេញជាសំណួរថា កឋិនទាន ឬកឋិនបក្ស?” ដែលនគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

បុណ្យកឋិនទាន មានប្រវត្តិកកើតឡើងតាំងពីសម័យពុទ្ធកាលម៉្លេះ ខណៈដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទើបនឹងបាន ត្រាស់ថ្មីៗ ព្រះអង្គបានត្រាស់បង្គាប់ឱ្យភិក្ខុសង្ឃសាវ័ក ប្រើប្រាស់តែចីវរគ្មានម្ចាស់។ ចីវរគ្មានម្ចាស់នោះ គឺសំដៅដល់សំពត់ ដែលគេរុំសពយកទៅបោះចោលក្នុងព្រៃស្មសាន ឬលើគំនរសំរាម ត្រូវព្រះសង្ឃទៅបង្សុកូល យកទៅបោកគក់ រួចដេរភ្ជិត ប៉ះប៉ុនធ្វើជាត្រៃចីវរស្លៀកដណ្តប់។ សូម្បីព្រះពុទ្ធអង្គ ក៏ធ្លាប់ឆាកបង្សុកូលទាញយកសំពត់រុំសពស្ត្រីម្នាក់ដែលកំពុងហើម ស្អុយ មានដង្កូវវារគគើម យកទៅបោកគក់នឹងទឹកស្ទឹង។ បន្ទាប់ពីបោកជ្រះ ហាលស្ងួតល្អ ទើបព្រះអង្គយកទៅដេរប៉ះប៉ុនជ្រលក់ ក្រាក់ខ្នុរ សម្រាប់គ្របដណ្តប់តាមប្រពៃណីព្រះពុទ្ធពីបុរាណ ដែលសំពត់បែបនេះហៅថាសំពត់បង្សុកូល

ក្រោយមក ក៏មានភិក្ខុនៅក្រុងបាវ៉ា ចំនួន៣០អង្គ មានត្រៃចីវរទទឹកជោកជាំដោយទឹកភ្លៀង បានចូលទៅថ្វាយបង្គំ ព្រះបរមគ្រូ បង្ហាញនូវភាពលំបាកលំបិន ព្រោះតែការប្រើប្រាស់ចីវរបង្សុកូលមានតែមួយបន្លាស់នោះ ជាហេតុនាំឱ្យព្រះពុទ្ធអង្គអាណិតអាសូរដល់សាវ័ក ក៏ទ្រង់ពុទ្ធានុញ្ញាតឱ្យប្រើប្រាស់ចីវរមានម្ចាស់ចាប់តាំងពីពេលនោះមក។ ចីវរមាន ម្ចាស់ សំដៅដល់សំពត់កឋិននេះឯង ដោយទាយកទាយិកាដែលមានសទ្ធាជ្រះថ្លា ចាប់ផ្តើមដោយការដាំកប្បាស ត្បាញរវៃ ឱ្យក្លាយជាសំពត់ រួចដេរភ្ជាប់គ្នាតាមខ្នាតមានលក្ខណៈជាក្រឡាចត្រង្គដូចភ្លឺស្រែ ជ្រលក់ក្រាក់ខ្នុរ ឬព្រហូតស្រេចហើយ ទើប ធ្វើជាអង្គកឋិន ដោយមានព្រះបាទបសេនទិកោសល នាំធ្វើមុនគេ។

នៅកម្ពុជា ក៏បានចម្លងយករបៀបធ្វើបុណ្យកឋិន តាមពុទ្ធានុញ្ញាត មកធ្វើរយៈពេល១ខែ ដោយមានការហែគគ្រឹកគគ្រេង និងមានវត្ថុផ្សេងៗបន្ថែមពីលើត្រៃចីវរផង គឺសំដៅដល់បរិក្ខារ ដូចជា បាត្រ ផ្លិត មុង កន្ទេល ខ្នើយ ឯបច្ច័យសង្កត់ត្រៃ សម្រាប់ប្រគេនព្រះសង្ឃ និងទុកកសាងសមិទ្ធផលក្នុងវត្ត មានកុដិ ព្រះវិហារ ជាដើម រហូតដល់កសាងសាលារៀន ទុកជា ថ្នាលបណ្តុះវិជ្ជាដល់កូនចៅអ្នកស្រុកចំណុះជើងវត្ត។

ការលើកឡើងដោយត្រួសៗខាងលើនេះ គឺជាលក្ខណៈរបស់ កឋិនទានមានអានិសង្សឧត្តុង្គឧត្តម សម្រាប់អ្នកធ្វើ ត្រូវបានទទួល។ ផ្ទុយទៅវិញ កឋិនបក្សគ្មានចារទុកក្នុងគម្ពីរព្រះត្រៃបិដកនោះឡើយ ហើយក៏គ្មានក្បួនច្បាប់អ្វីបញ្ជាក់ពី កុសលផលានិសង្សដែលត្រូវទទួលបានពីកឋិនបក្សនោះដែរ។ យោងតាមការកត់សម្គាល់កន្លងមក ដោយសារនិន្នាការ នយោបាយ យើងឃើញថា វត្តអារាមណាដែលមានព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត គាំទ្របក្សកាន់អំណាច ការ កសាងសមិទ្ធផលនានាក្នុងវត្ត ក៏មានសន្ទុះជឿនលឿនខ្លាំង។ ឯវត្តណាដែលមានសង្គ្រាជ តាអាចារ្យ គាំទ្របក្សប្រឆាំង តែងតែមានសំណង់ព្រះវិហារ នៅមេម៉ាយ មើលពីចម្ងាយឃើញតែឈើប្ញស្សីចងរន្ទា ទើបតែរៀបបានជញ្ជាំង អត់ពិតាន ឬចាក់ពិតានរួចរាល់ អត់ដំបូល។ ការកសាងមានសន្ទុះខ្លាំង និងនៅទ្រឹងបែបនេះ បណ្តាលមកពីកឋិនបក្សពោលគឺ មន្ត្រី បក្សកាន់អំណាច មានលុយនិងបរិវារច្រើន ពេលប្រកូកប្រកាសចែកប្រូក្រាមបុណ្យ ក៏មានថៅកែៗ ឬពាណិជ្ជករសំខាន់ៗ យកបច្ច័យទៅចូលបុណ្យ ដែលប្រមូលបានរាប់ម៉ឺនដុល្លារ ឬរាប់រយលានរៀល។ បច្ច័យសង្កត់ត្រៃនេះ អាចយកទៅកសាង ព្រះវិហារ កុដិ ឬឧបដ្ឋានសាលា បានយ៉ាងងាយ មិនទុកឱ្យនៅមេម៉ាយនោះឡើយ។ ផ្ទុយទៅវិញ សម្រាប់វត្តណាដែលមាន សង្គ្រាជ ឬគណៈកម្មការ អាចារ្យវត្ត គាំទ្របក្សប្រឆាំង មានតែផ្សងចាំសំណាងប៉ុណ្ណោះ ព្រោះតែអាជ្ញាធរបក្សកាន់អំណាច មិនរវីរវល់។ ចំណែកតំណាងរាស្ត្រ ក៏ដូចជាសកម្មជនបក្សប្រឆាំង គ្មានទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ ខ្លះក្រជាងពុទ្ធបរិស័ទ ចំណុះជើងវត្តផង ប៉ុន្តែ ពួកគាត់មានលទ្ធភាពរៀបចំបុណ្យកឋិនបក្សបានខ្លះដែរ ដោយប្រកូកប្រកាសអ្នកគាំទ្របក្ស ប្រឆាំង ឱ្យចូលរួមចាប់កុសល។ បច្ច័យសង្កត់ត្រៃ ដែលប្រមូលបាននោះ តិចតួចស្តួចស្តើងណាស់ ជួនកាលគ្រាន់តែទូទាត់ថ្លៃ ឈ្នួលឆៃយ៉ាំ ភ្លេងពិណពាទ្យ និងចំណាយផ្សេងៗ ក៏អស់ល្មម។ បើសល់ខ្លះ យកទៅកសាងព្រះវិហារ បានត្រឹមរៀបជញ្ជាំង ខ្វះពិតានតែប៉ុណ្ណឹងឯង ហើយជួនកាលទៀត គ្រាន់តែបុណ្យកឋិនបក្សនោះចប់ ក៏លេចមេជាងសង់ព្រះវិហារ ឬអ្នកលក់ គ្រឿងសំណង់ ទៅទារលុយបំណុលដែលវត្តជំពាក់គាត់មិនទាន់បានសង។

ដូច្នេះយើងឃើញថា វាពិបាកយកភ្នែកមើលណាស់ កាលបើមាននិន្នាការនយោបាយជ្រៀតជ្រែកក្នុងព្រះពុទ្ធសាសនា បែបនេះ ព្រោះសព្វថ្ងៃ សូម្បីព្រះសង្ឃ ក៏ប្រកាន់និន្នាការនយោបាយដែរ។ វត្តអារាម ជាមណ្ឌលបោះឆ្នោតណាដែលបក្ស ប្រឆាំងឈ្នះឆ្នោត ធ្វើឱ្យមន្ត្រីបក្សកាន់អំណាច ដែលទទួលបន្ទុកចុះមូលដ្ឋាននោះ មិនសប្បាយចិត្ត ក៏ចងគំនុំ បញ្ឈប់ជំនួយ ក្នុងការជីកស្រះ សង់កុដិ ព្រះវិហារ ជាពិសេស មិនរវល់ហែកឋិនចូល។ ប៉ុន្តែ បើវត្តណាជាមណ្ឌលបោះឆ្នោត បានជ័យជម្នះ ទៅលើបក្សកាន់អំណាច ធ្វើឱ្យមន្ត្រីបក្សកាន់អំណាចអបអរសាទរ បន្តជួយឧបត្ថម្ភទំនុកបម្រុង និងហែកឋិនរាល់ឆ្នាំ ជំរុញ ការកសាងសមិទ្ធផលក្នុងវត្តឈ្នះឆ្នោតនោះ ឱ្យមានសន្ទុះជឿនលឿន។

ឈានមកដល់ឆ្នាំនេះ ដោយសារលោកសម រង្ស៊ី និងលោកកឹម សុខា មេដឹកនាំបក្សប្រឆាំង ក្លាយជាទណ្ឌិតក្រោម អំណាចសាលក្រមតុលាការនោះ ធ្វើឱ្យលោកទាំងពីរនេះ មិនអាចធ្វើ កឋិនបក្សបានឡើយ។ ចំណែកតំណាងរាស្ត្របក្សប្រឆាំង ដែលកំពុងប្រឈមនឹងការកាត់ប្រាក់ខែ ព្រោះមិនព្រមចូលប្រជុំក្នុងរដ្ឋសភានោះ កាន់តែអស់លទ្ធភាពក្នុងការ  ហែកឋិនបក្ស ដែលពីមុនធ្លាប់ហែចូលវត្តណាដែលគាំទ្របក្សប្រឆាំង។

ផ្ទុយទៅវិញ ថ្នាក់ដឹកនាំបក្សកាន់អំណាច ក៏ដូចមន្ត្រីថ្នាក់ក្រោម កាន់តែមានលទ្ធភាពក្នុងការហែកឋិន ប្រមូលបច្ច័យ បានរាប់រយលានរៀល សម្រាប់កសាងវត្ត។ មូលហេតុវត្តខ្លះដែលព្រះសង្ឃលាចាកសិក្ខាបទអស់ ទុកវត្តឱ្យនៅកំព្រា មានតែតាជីពីរបីនាក់ចាំថែរក្សានោះ អាចថាមកពីឥទ្ធិពល កឋិនបក្សនេះឯង ពោលគឺ បក្សកាន់អំណាច មិនហែចូល មិនទៅ ធ្វើបុណ្យ ឯមន្ត្រីបក្សប្រឆាំងអត់លុយ ធ្វើឱ្យព្រះសង្ឃដាច់ចង្ហាន់ ក៏សឹក ឬទៅគង់នៅវត្តផ្សេងអស់អ៊ីចឹងទៅ។

សរុបមកកឋិនទាន ឬកឋិនបក្ស?” ពុំមែនជាទិដ្ឋភាពបើកចំហនោះទេ គ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ។ បដាដែល មានអក្សរធំៗ ពណ៌មាស នៅរោងបុណ្យណា វត្តណា ក៏សរសេរថាបុណ្យកឋិនទានដូចគ្នាទាំងអស់ ប៉ុន្តែ អ្នកផ្តើមបុណ្យ ប្រកាន់បក្ស ធ្វើឱ្យកឋិនទានទៅជាកឋិនបក្ស។ សម្រាប់ពុទ្ធបរិស័ទភាគច្រើន អត់ប្រកាន់ទេ ទោះបក្សណាហែចូល ក៏ ពួកគាត់យកបច្ច័យទៅចូលដែរ ដោយមិនគិតពីនិន្នាការនយោបាយ។ ហេតុនេះ ដើម្បីឱ្យវត្តអារាមទូទាំងប្រទេស មានការ កសាងស្មើភាពគ្នា គួរតែអ្នកនយោបាយឈប់ប្រកាន់វត្ត ប្រកាន់សង្គ្រាជតទៅទៀត ដើម្បីលើកស្ទួយវត្តអត្តខាត់ រខេករខាក ខ្សត់ចង្ហាន់ ឱ្យមានមុខមាត់ដើរទាន់វត្តអារាមដែលមានកុដិ ព្រះវិហារធំស្កឹមស្កៃ ព្រះសង្ឃមិនខ្វះចង្ហាន់ ព្រោះថា ព្រះពុទ្ធសាសនាមានតែមួយទេ ហើយក៏គ្មានវត្តប្រឆាំង វត្តមិនប្រឆាំងនោះដែរ

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES