អូស្រា្ដលី៖លោកខៃ ប្រសិទ្ធ មានការនឹករលឹកដល់អ្នកគាំទ្ររបស់លោកនៅប្រទេសកម្ពុជាខ្លាំងណាស់ ប៉ុន្ដែលោកមិនទាន់កំណត់គម្រោងមកលេងស្រុកខ្មែរវិញពេលណាឡើយ។យ៉ាងណាមុខជំនួញផ្នែកReal Estateរបស់លោកនៅអូស្រា្ដលីវិញក៍មិនសូវរលូនល្អដែរព្រោះមានផលរំខានដោយសារតែកូវីដ-១៩ ។
នេះបើយោងតាមតារាភាពយន្ដជើងចាស់លោកសាវីន ហ្វីលីព ដែលជាមិត្តភក្ដិរបស់លោកខៃ ប្រសិទ្ធ ដែលបានទូរ ស័ព្ទឆ្លងឆ្លើយនិងសួរសុខទុក្ខលោកខៃ ប្រសិទ្ធ កាលពីថ្ងៃទី១២ខែសីហា។លោកហ្វីលីព បញ្ជាក់ដែរថាលោកប្រសិទ្ធ នៅតែបន្ដរស់នៅប្រទេសអូស្រា្ដលីដូចមុនដដែលទេ។
លោកខៃ ប្រសិទ្ធ អាយុ៦០ឆ្នាំដែលជាតារាភាពយន្ដទសវត្សន៍ទី៨០និង៩០ បានចេញពីកម្ពុជាទៅរស់នៅរដ្ឋBrisbane ប្រទេសអូស្រា្ដលីកាលពីឆ្នាំ១៩៩៩ ពោលគឺរយៈពេល២២ឆ្នាំហើយដែលលោកឃ្លាតពីមាតុភូមិកំណើត។លោកបានយកកូនប្រុសច្បងជាតំណក់ឈាមជាមួយអ្នកស្រីពិសិដ្ឋ ពិលិកា ឈ្មោះខៃ សិទ្ធលីស័ក្ក ហៅម៉ៃឃើល(Michael)បច្ចុប្បន្នអាយុ៣០ឆ្នាំទៅរស់នៅជាមួយគ្នា ខណៈដែលពេលនេះលោកមានកូន៣នាក់ថែមទៀតជាមួយភរិយាក្រោយ។
អតីតតារាភាពយន្ដនិងជាស្វាមីនាដកា អ្នកស្រីពិសិដ្ឋ ពិលីកា ដែលត្រូវឃាតកបាញ់ប្រហាកាលពីឆ្នាំ១៩៩៧ រូបនេះយូៗលោកមកលេងស្រុកកំណើតម្ដងតែក្នុងលក្ខណៈស្ងៀមស្ងាត់ហើយពេលទៅវិញឡើងយន្ដហោះយ៉ាងលឿនមិនដែលបានផ្ដល់បទ សម្ភាសន៍ជាមួយអ្នកសារព័តមានឡើយ។
គេចាំបានថាកាលពីឆ្នាំ២០០៨លោកមកលក់ផ្ទះនៅក្បែររដ្ឋសភាចាស់ ហើយឆ្នាំ២០១៣លោកមកចូលរួមពិធីមង្គលការកូនតារា កំប្លែងជើងចាស់នាយត្រដក់ និងអ្នកនាងជុំ រស្មី ហៅស្រីទូច ផងដែរ។ដោយឡែកកាលពីខែមិថុនាឆ្នាំ២០១៧លោក ក៍ធ្លាប់ ចុះមក ថតMVជាមួយតារាសម្ដែងនេត ចរិយា បទ”ឪពុកអ្នកក្រ”ដែលច្រៀងដោយសុវត្ថិឌី ធារិកា ហើយលោក ក៍ប្រញ៉ាប់ ហោះទៅអូស្រា្ដលីវិញជាបន្ទាន់ដូចលើកមុនៗដែរ៕