ភ្នំពេញ៖សុខ ស្រីនាង ប្រឈមអាជីពចម្រៀងនៅទ្រឹងនៅហង្សមាសដោយសារតែតារាចម្រៀងស្រីដែលស្ទុះហក់ឡើងគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះនៅទ្រនុំធំនេះអំឡុងរដូវកូវីដ។ទោះជាយ៉ាងណាស្រីនាង បានឆ្លងផុតទុក្ខភ័យពីការកើតកូវីដព្រោះការច្រៀងបទតែមួយមានតារា៥នាក់និងគ្រូភ្លេងម្នាក់ទៀតនោះពួកគេសុទ្ធតែបានកើតកូវីដនិងបានព្យាបាលជាអស់ទៅហើយក្នុងនោះមានដូចជាសុគន្ធ និសា ,សួស វីសា ,ថែល ថៃ ,ណុប បាយ៉ារិទ្ធ និងលោកគ្រូភ្លេងឌីន ។
ចំពោះស្រីនាង វិញនាងមានសុខភាពល្អធម្មតាតែអ្វីដែលចម្លែកនោះនាងចាប់ផ្ដើមរយាលៗពីទំនាក់ទំនងជាមួយលោកណុប បាយ៉ារិទ្ធ ជាច្រើនខែមកហើយក្រោយមានការសង្ស័យថាតារាទាំង២មានទំនាក់ទំនងស្នេហាជាមួយគ្នានៅក្រៅឆាក។តែតារារួមអាជីពនៅហង្សមាសបង្ហើបថាស្រីនាង ប្រយ័ត្នប្រយ៉ែងណាស់តាំងពីផ្ទុះកូវីដមកនាងមិនសូវហ៊ានជួបជុំជាមួយតារាណាទេ ក្រៅពីការងារមិនមែនអត់ជួបតែលោកបាយ៉ារិទ្ធ ម្នាក់ឡើយ។
សុខ ស្រីនាង នឹងអាចឡើងកូដថែមមួយក្រឺតទៀតជាមិនខាននៅពេលដែលភាពយន្ដភាគខ្នាតធំរឿង”ខ្ញុំមានញ្ញាណលើស”ដែលនាងគ្រងជាតំណែងតួឯកជំនួសឱក សុគន្ធកញ្ញា នោះដាក់បញ្ចាំងព្រោះភាពយន្ដទី២របស់ហង្សមាសបន្ទាប់ពីរឿង”នេសាទក្រពើ”នេះមានការសម្រិតសម្រាំងជាខ្លាំង ហើយនេះជាភាពយន្ដទី២ផងដែរដែលហង្សមាសបានផ្ដល់តំណែងតួឯកឲ្យនាងបន្ទាប់ពីភាពយន្ដភាគរឿង”រាជនីយភូមិគ្រឹះ”។
តែភាពយន្ដនេះត្រូវហង្សមាសផ្អឹបទុកមួយអន្លឺដូចផលិតកម្មដ៍ទៃទៀតដែលផលិតរឿងរួចដែរព្រោះតែផ្ទុះកូវីដ បណ្ដារ រោង ភាពយន្ដទាំងឡាយត្រូវបានបឹទទើបធ្វើឲ្យស្រីនាង មិនអាចផ្ទុះនៅរដូវកូវីដនេះបានឡើយ។យ៉ាងណាអ្នក មេម៉ាយវ័យ ៣៤ឆ្នាំ សម្រស់ស្រស់សោភា រូបនេះនៅតែជាមុខសញ្ញាដែលហង្សមាសនឹងឲ្យតំណែងតួឯកភាពយន្ដភាគថ្មីៗ ទៀតជាមិនខាន ព្រោះ សម្អាងថានាងមានសម្រស់ស្អាតនិងទេពកោសល្យសម្ដែងល្អ។
ប៉ុន្ដែការប្រជែងយកតំណែងជាតារាស្រីលំដាប់ជូមុខនៅហង្សមាសនោះ ប្រហែលជាមិនអាចទៅរួចឡើយ បើទោះជាមុននេះ ថៅកែបានផ្ដល់តំណែងធំឲ្យស្រីនាង ធ្វើជាគណៈកម្មាការនិងគ្រូបង្វឹកក្នុងកម្មវិធីCambodian Idol Junior រដូវកាលទី១ក្ដី៕