ភ្នំពេញ៖តារាចម្រៀងសាន់ដេចេង ស្រីនិច្ច ហៅវីរៈ និច្ច បានសម្រេចចិត្តលាភាពនៅលីវនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះហើយតាមរយៈការដឹកដៃលោកខៀវ ពេជ្រ រៀបការនៅហាងមួយម្ដុំស្ដុកបូកគោ ខណ្ឌចំការមន ក្រុងភ្នំពេញ ក្រោយពីអ្នកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាជាង២ខែ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១២ខែតុលា វីរៈ និច្ច ប្រាប់”នគរធំ”ថាមង្គលការរបស់នាងធ្វើត្រឹម១០តុប៉ុណ្ណោះក្នុងនោះហៅតែភ្ញៀវអ្នកសិល្បៈដែលជិតដិតនិងសាច់ញាត្តិទាំងសងខាងទេ ព្រោះតែមិនហ៊ានធ្វើធំដុំដោយសារតែកូវីដមិនទាន់ស្ងាត់។យ៉ាងណានាងថាអាចនឹងពិចារណាក្នុងការធ្វើពិធីកាត់ចំណងដៃនៅពេលស្ងាត់កូវីដ តែគ្មានគម្រោងរៀបការជាលើកទី២នោះទេ។តារាចម្រៀងរូបស្រស់នេះវាចារដែរថាចំពោះមូលហេតុដែលនាងត្រូវរៀបការទាំងមិនទាន់ស្ងាត់កូវីដនេះព្រោះតែលោកតាអាចារ្យដេញពាលាទៅល្អនៅថ្ងៃហ្នឹង ម្យាងទៀតចាស់ទុំទាំងសងខាងគាត់សុទ្ធតែជម្រុញឲ្យរៀបការនៅពេលនេះ ហើយមួយវិញទៀតគូដណ្ដឹងរបស់នាងក៍មានអាយុច្រើនដែរហើយហេតុនេះនាងមិនអាចពន្យាពេលតទៅទៀតបានទេ។
គូរបញ្ជាក់ថាអតីតFreshie Girl លេខ២ កាលពីឆ្នាំ២០១៤ កញ្ញាវីរៈ និច្ច អាយុ២៣ឆ្នាំម្ចាស់បទ”សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ?”ដែលត្រូវជាក្មួយរបស់លោកខាន់ ជេមស៍ នោះបានភ្ជាប់ពាក្យជាមួយលោកខៀវ ពេជ្រ អាយុ២៨ឆ្នាំថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១ ។ស្រីស្អាតវីរៈ និច្ច បន្ថែមថាក្រោយរៀបការរួចនាងនៅតែបន្ដអាជីពចម្រៀងដដែលព្រោះអាជីពសិល្បៈជាក្ដីប្រាថ្នាបំណងរបស់នាងតាំងតែពីតូចម្លេះ ហេតុនេះហើយមិនអាចបោះបង់ចោលបានទេ ។នាងបន្ថែមទៀតថាស្វាមីរបស់នាងក៍មិនហាមឃាត់នាងក្នុងការលេងសិល្បៈទៀតដែរ ប៉ុន្ដែនាងអាចចាប់អាជីពចម្រៀងនិងការកស៊ីឲ្យដើរស្មើគ្នាតែម្ដង។ក្មួយស្រីលោកជេមស៍ រូបនេះប្រាប់ទៀតថាក្រោយមានស្វាមីរួចនាងមិនបារម្ភថាអាជីពចម្រៀងមានការប្រែប្រួលទីផ្សារនោះឡើយ ព្រោះនាងនៅតែចេញបទចម្រៀងនិងឡើងឆាកជាធម្មតា។
គេជឿរថាបន្ទាប់ពីវីរៈ និច្ច ហ៊ានដឹកដៃកំពូលស្នេហ៍រៀបការទាំងមិនទាន់ស្ងាត់កូវីដបែបនេះច្បាស់ជាធ្វើឲ្យតារាមួយចំនួនទៀតដែលបានផ្អឹបមង្គលការនោះប្រាកដជាចង់ក្រាបផ្ទឹមដែរជាមិនខានក្នុងនោះមានដូចជានាងពេជ្រ សោភា,វ៉ាន់ នីឡា,ប៉ាច គីមមួយ,ម៉ង់ ច័ន្ទកញ្ញា,ចំរើន សុភ័ក្រ និងឈិន ម៉ានិច្ច ជាដើម៕