ភ្នំពេញ៖ព្រាប សុវត្ថិ បានចេញពីផលិតកម្មរស្មីហង្សមាសចូលGalaxyជាង១ឆ្នាំទៅហើយដែលអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានអះអាងថាតារាវ័យ៤៦ឆ្នាំរូបនេះមិនធ្លាក់ចុះឡើយក្រោយប្ដូរផលិតកម្មនេះ ខណៈដែលមជ្ឈដ្ឋានមហាជនមើលឃើញថាបទចម្រៀងថ្មីៗព្រាប សុវត្ថិ មិនសូវមានគុណភាពដូចកាលលោកច្រៀងនៅហង្សមាសឡើយ។សម្រាប់ទស្សនិកជនមួយចំនួនទៀតបានយល់ថាបន្ទាប់ពីព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាសហើយទៅផ្ញើរខ្លួនជាមួយGalaxy រយៈពេលដល់ទៅ៥ឆ្នាំនោះពេលនេះកូនៗទាំង៣របស់លោកគឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ហាក់មានទីផ្សារចម្រៀងប្រែប្រួលពោលគឺចុះខ្សោយជាងមុនក្រោយពីពួកគេអាកខានច្រៀងសម្ដែងលើឆាកតន្រ្ដីនិងថតMVជាមួយឪពុករបស់គេ។មិនត្រឹមតែប៉ុណ្ណោះកូនពៅរបស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ បានដើរចេញពីហង្សមាសកាលពីដើមឆ្នាំ២០២១ទាំងជាប់កុងត្រាទៀតផង ខណៈដែលកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ នៅបន្ដច្រៀងឲ្យហង្សមាសតែមិនសូវមានសន្ទុះខ្លាំងដូចអំឡុងឪពុករបស់ពួកគេមិនទាន់ចេញពីហង្សមាសនោះទេ។មហាជនហាក់មានភាពស្រពិចស្រពិលចំពោះវាសនារបស់កូនៗលោកព្រាប សុវត្ថិ ថាតើថ្ងៃក្រោយពួកគេអាចស្នងតំណែងឪពុកបានឬអត់បើពេលនេះទីផ្សារចម្រៀងរបស់ពួកគេមិនសូវមានភាពលេចធ្លោដូចអំឡុងច្រៀងជាមួយព្រាប សុវត្ថិ នោះ។
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ខែតុលា ដោយសុំមិនឲ្យដាក់ឈ្មោះថាកូនទាំង២របស់ព្រាប សុវត្ថិ នៅតែមានបទចម្រៀងចេញជាធម្មតា តែដោយសារហង្សមាសមានអ្នកចម្រៀងច្រើនអីចឹងត្រូវបែងចែកគ្នាមិនមែនសម្រុកលើកតែម្នាក់ណាទេ។តែទាក់ទងរឿងថាកូនព្រាប សុវត្ថិ ចុះខ្សោយជាងមុនក្រោយពេលព្រាប សុវត្ថិ ចេញពីហង្សមាសនោះលោកថាសូមមិនធ្វើអត្ថាធិប្បាយឡើយ។
បើទោះជាពេលនេះព្រាប សុវត្ថិ មិនមានពេលច្រៀងសម្ដែងជាមួយកូនប្រុសទាំង៣របស់លោកដូចមុនក្ដី ប៉ុន្ដែកន្លងមកតារាចម្រៀងពេជ្រ សោភា ធ្លាប់បានបញ្ចេញមតិថាកូនៗទាំង៣របស់ព្រាប សុវត្ថិ សុទ្ធតែមានដុងសិល្បៈចម្រៀងល្អម្យាងៗម្នាក់ ហើយក្នុងចំណោមនោះនាងយល់ថាកូនទី២របស់លោកឈ្មោះសុវត្ថិ មុនីនាគ អាចស្នងតំណែងកំពូលតារាចម្រៀងព្រាប សុវត្ថិ នៅថ្ងៃអនាគតបានព្រោះនាងធ្លាប់ស្ដាប់ការច្រៀងផ្ទាល់ពេលខ្លះមុនីនាគ ច្រឡំសម្លេងពុកគេ។ជាមួយគ្នានេះដែរអ្នកស្រីគង់ ចន្ធូ ម្ដាយក្មេកព្រាប សុវត្ថិ ធ្លាប់ប្រាប់ដែរថាចៅៗទាំង៣របស់អ្នកស្រីគឺពួកគេមានដុងសិល្បៈខ្លាំងៗដូចគ្នាក្រោមការបណ្ដុះបណ្ដាលពីឪពុករបស់ពួកគេផ្ទាល់តែម្ដងហេតុនេះហើយបានជាបច្ចុប្បន្នម្នាក់ៗល្បីឈ្មោះរៀងៗខ្លួន។
ព្រាប សុវត្ថិ មិនមានបទចម្រៀងភ្ជុំបិណ្ឌសម្រាប់ឆ្នាំនេះទេហើយថ្មីៗនេះលោកបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យដោយធ្វើជាថៅកែផ្ទាល់ខ្លួនម្ដងទើបធ្វើឲ្យទស្សនិកជនបានលើកឡើងថាព្រាប សុវត្ថិ លែងសូវក្វល់ក្វាយពីការវាយលុកទីផ្សារចម្រៀងទៀតហើយព្រោះគិតលើការធ្វើជំនួញច្រើនជាង។ចំណែកអ្នកដឹកនាំសម្ដែងភាពយន្ដនិងខារ៉ាអូខេ នៅហង្សមាសលោកកៅ សីហា ក៍ធ្លាប់និយាយថាព្រាប សុវត្ថិ ឡើងផុតគេអស់ទៅហើយអីចឹងតើឲ្យលោកល្បីម៉េចទៀត?
ថ្វីត្បិតតែព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថាតាំងពីលោកចូលGalaxyមិនសូវមានបទល្បីល្បាញខ្លាំងដូចកាលនៅហង្សមាសក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ នៅតែខ្លាំង ឬប្រឈមធ្លាក់ចុះពេលប្ដូរផលិតកម្មនេះគេអាចតាមដានពេលមានកម្មវិធីប្រលងចម្រៀងធំៗហើយពេលនោះថាតើបេក្ខជននៅតែនិយមច្រៀងបទព្រាប សុវត្ថិ ដូចមុនទៀតឬទេ?ជាបទនៅហង្សមាសឬGalaxy?គេនឹងអាចសន្និដ្ឋានបានតែម្ដងជុំវិញការដែលលោកចាកចេញពីហង្សមាសជាង១ឆ្នាំនេះថាតើដើរផ្លូវត្រូវឬខុស?