ភ្នំពេញ៖ឱក សុគន្ធកញ្ញា ដែលជានាថការីរបាំល្បីមួយរូបនោះបានវិវត្តន៍ខ្លួនមកជាតារាចម្រៀងសម័យនិងឈឈ្មោះជាតារាស្រីឈានមុខគេនៅហង្សមាសរយៈពេលជាង១០ឆ្នាំមកហើយ តែពេលនេះនាងចង់រំលឹកពីស្នាដៃនាពេលអតីតកាលជាង២០ឆ្នាំមុនឡើងវិញទើបផលិតជាMV រំលេចទៅដោយការបញ្ចេញទេពកោសល្យរាំរបាំរបស់នាងហើយស្វាមីរបស់នាងលោកអ៊ឹង សុខលី គាំទ្រពេញទំហ៊ឹងតែម្ដង។គេកត់សម្គាល់ថានេះជាការចេញវាយលុកទីផ្សារចម្រៀងសារជាថ្មីឡើងវិញរបស់សុគន្ធកញ្ញា ក្រោយពីនាងបានសម្រកគីឡូដោយជោគជ័យពីកាម៉ាប់ៗមកជាស្វែលស្ទើតែដូចកាលនៅក្រមុំ។
ដោយឡែកការបញ្ចូលក្នុងMVរបស់សុគន្ធកញ្ញា នូវរបាំ(នាយរោង)នេះក្រោយពីមុននេះតារារួមក្រុមពេជ្រ សោភា បានងាកមកផលិតMVមួយដែលបំផុសនូវចាប៉ីដងវែង និងបង្ហាញល្ខោនខោលក្នុងន័យអភិរក្សកេរ្ដិ៍តំណែលមរតកដូនតាដែលបន្សល់ឲ្យយុ វ័យចងចាំ។ចំពោះសុគន្ធកញ្ញា ដែលជាអ្នកសិក្សារមកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករបាំនោះនាងបានចាត់ទុកថាជាពេលវេលាអតីតកាលដ៍ផូផង់របស់នាងដែលជាមូលដ្ឋានគ្រឹះដ៍រឹងមាំមួយសម្រាប់ធ្វើឲ្យនាងបន្ដអាជីពចម្រៀងរហូតមកដល់បច្ចុប្បន្ននេះ។
ទោះជាពេលនេះឱក សុគន្ធកញ្ញា បានចេញវាយលុកទីផ្សារចម្រៀងសារជាថ្មីតាមរយៈការឡើងច្រៀងតាមឆាកតន្រ្ដីនៅប៉ុស្ដិ៍ហង្សមាសដែលគ្រប់គ្រងដោយប្ដីនាងដូចដើមឡើងវិញ តែការត្រៀមថតភាពយន្ដជាលើកដំបូងជាមួយលោកខេម ប៊ុនថៃ នៅតែមិនទាន់ចេញជារូបរាងនោះទេ ទើបធ្វើឲ្យទីផ្សារសិល្បៈរបស់នាងនៅរដូវកូវីដនេះបានត្រឹមនៅទ្រឹង ខណៈដែលអ្នកចម្រៀងស្រីនៅផលិតកម្មធំនេះត្រូវបានគេមើលឃើញថាមានសន្ទុះតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។ប៉ុន្ដែអ្វីដែលសុគន្ធកញ្ញា មានសង្ឃឹមថានាងអាចរក្សារតំណែងជាតារាស្រីឈានមុខគេនៅផលិតកម្មបងថ្លៃរបស់នាងតទៅទៀតបាននោះគឺការត្រៀមចេញមុខពីបណ្ដារកម្មវិធីប្រលងចម្រៀងធំៗទាំង៤ផ្សេងៗគ្នាក្នុងនាមជាគណៈកម្មាការនិងគ្រូបង្វឹកThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ដែលលោកវណ្ណា អ្នកគ្រប់គ្រងកម្មវិធីខាងលើថានឹងចេញតំណើរការរដូវកាលថ្មីនាពេលស្ងាត់កូវីដខាងមុខនេះហើយ។តែសម្រាប់ទីផ្សារចម្រៀងវិញសុគន្ធកញ្ញា នៅតែត្រូវបានអ្នកជំនាញសិល្បៈយល់ថាស្វាមីនាងលោកអ៊ឹង សុខលី ដែលជានាយកទូរទស្សន៍ហង្សមាសនិងបងថ្លៃនាងលោកឧកញ៉ាអ៊ឹង ឆៃងួន ជាថៅកែហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត៕