ភ្នំពេញ៖ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបុកនិងTik Tok មានការលើកឡើងថាតារាចម្រៀងល្បីរបស់ហង្សមាសលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កំពុងត្រៀមខ្លួនចាកចេញពីផលិតកម្មធំនេះទៅចូលរួមជាមួយផលិតកម្មGalaxy ដែលដំណឹងនេះប្រាកដជាធ្វើឲ្យFanរបស់លោកប៊ុនថៃ មានការច្របូលច្របល់ខ្លាំង ហើយចង់ដឹងថាលោកសិរីមន្ដ ពិតជាចង់ស្ពាយបង្វេចចេញពីហង្សមាសដូចលោកព្រាប សុវត្ថិ ដែរឬយ៉ាងណា?
លោកខេមរៈ ភារុណ ដែលជាបងប្រុសរបស់ខេមរៈ សិរីមន្ដ បានប្រាប់តាមទូរស័ព្ទថ្ងៃទី២២ខែតុលា យ៉ាងខ្លីថាលោកមិនបានដឹងរឿងរ៉ាវទាំងនោះទេ ហេតុនេះហើយមិនចង់ធ្វើអត្ថាធិប្បាយឡើយព្រោះខ្លាចខុស។លោកភារុណ ដែលជាអ្នកនិពន្ធបទចម្រៀង,ជំនួយការ និងជាទីប្រឹក្សាររបស់លោកសិរីមន្ដ នោះ បញ្ជាក់ថា”អូ!រឿងហ្នឹងខ្ញុំអត់បានដឹងទេ !និយាយទៅដល់ពេលអត់បានដឹងអីចឹងខ្ញុំមិនអាចនិយាយបានទេព្រោះខ្លាចនិយាយទៅខុស”។
ថ្វីត្បិតតែលោកខេមរៈ សិរីមន្ដ ថាមិនបានឃើញព័តមានដែលថាលោកខេមរៈ សិរីមន្ដ ចង់ចេញពីហង្សមាសចូលទៅGalaxyនោះក្ដី តែលោកក៍មិនប្រកែកចំពោះព័តមានទាំងនោះដែរគ្រាន់តែថាមិនដឹង ហើយអ្វីដែលចម្លែកនោះនៅពេលសួរថាតើពេលនេះលោកសិរីមន្ដ នៅតែជាតារាហង្សមាស ឬយ៉ាងណានោះលោកភារុណ ក៍ថាមិនអាចនិយាយបានទេ។ដោយឡែកលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មGalaxy នោះបានទទួលស្គាល់ថាលោកក៍បានឃើញដំណឹងថាលោកខេមរៈ សិរីមន្ដ ត្រៀមចូលGalaxyនោះនៅលើបណ្ដាញសង្គមដែរ។ប៉ុន្ដែលោកបានចាត់ទុកថានោះគ្រាន់តែជាពាក្យចរចាមអារ៉ាមទៅវិញ។
លោកយឹម តាស្រង់ អះអាងថា”ខ្ញុំបានឃើញគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមចឹងមែន តែនោះគ្រាន់តែជាពាក្យចរចាមអារ៉ាមតែប៉ុណ្ណោះ។ប៉ុន្ដែជាធម្មតាទេ យើងតែងតែចង់បានធនធានមនុស្សល្អៗដើម្បីចូលរួមជាមួយយើងអីចឹងហើយ។ចំពោះខ្ញុំនិងបងឧកញ៉ា(ថៅកែ)មានការរាប់អានគ្នា ស្និតគ្នាមែនជាមួយលោកសិរីមន្ដ តែដំណឹងថាគាត់(សិរីមន្ដ)ជិតចូលមកជាមួយGalaxyនោះមិន ពេលនេះមិនមែនជាការពិតនោះទេ”។
ថ្វីត្បិតែលោកយឹម តាស្រង់ ចាត់ទុកព័តមានលោកខេមរៈ សិរីមន្ដ ជិតចូលទៅGalaxyនោះថាជារឿងមិនទាន់ក្លាយទៅជាការពិតមែន ប៉ុន្ដែតាមព័តមានថាក្រោយពីទទួលបានលោកព្រាប សុវត្ថិ ដោយជោគជ័យតាមគម្រោងហើយនោះផលិតកម្មជើងថ្មីតែហ៊ានចាយលុយធំនេះ បានដាក់គោលការណ៍ស្ទួចយកលោកខេមរៈ សិរីមន្ដ ទៅចូលរួមជាមួយផលិតកម្មរបស់ខ្លួនដែរ ដើម្បីឲ្យGalaxyកាន់តែរឹងមាំថែមទៀតព្រោះផលិតកម្មមួយនេះមិនខ្លាចក្នុងការចំណាយដោយសារតែលោកឡេង ណារ៉ាត់ត្រា ជាថៅកែGalaxyធ្លាប់អះអាងថាលោកនឹង យកប្រាក់ចំណេញពីមុខជំនួញរបស់លោកចំនួន២០% មកធ្វើសិល្បៈ។មហាជនជឿរថាថ្វីត្បិ តតែរឿងលោកខេមរៈ សិរីមន្ដ ចូលទៅGalaxy មិនទាន់ក្លាយទៅជាការពិតមែន ប៉ុន្ដែច្បាស់ជាធ្វើឲ្យថៅកែហង្សមាសបុកពោះជាមិនខានព្រោះថាផលិតកម្មធំនេះបានបាត់បង់តារាស្នូលរបស់ខ្លួនគឺលោកព្រាប សុវត្ថិ ធ្លាក់ទៅក្នុងកណ្ដាប់ដៃGalaxyរួចទៅហើយ អីចឹងបើលោកខេម ប៊ុនថៃ ចេញមួយទៀតប្រាកដជាធ្វើឲ្យហង្សមាសស្រឡះដៃធេងជាមិនខានព្រោះក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy ជាង១ឆ្នាំនេះលោកប៊ុនថៃ ជាតារាចម្រៀងប្រុសដែលលេចធ្លោជាងគេនៅហង្សមាស។ប៉ុន្ដែអ្នកខ្លះថាពេលនេះខេមរៈ សិរីមន្ដ ប្រៀបបានដូចជាស្ដេចត្រាញ់នៅហង្សមាសអីចឹងគេមិនជឿរថាលោកនឹងទៅGalaxyដើម្បីប្រជែងជាមួយលោកព្រាប សុវត្ថិ សារជាថ្មីនោះទេព្រោះថាកន្លងមកធ្លាប់លេចឭថាតារាទាំង២ក៍មិនសូវត្រូវគ្នាដែរ។
ជុំវិញរឿងលេចឭថាខេមរៈ សិរីមន្ដ ជិតចូលGalaxyនេះអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថារឿងនេះអាចទៅរួចព្រោះសម័យនេះគេចាយលុយសាហាវណាស់។លោកថាបើខេមរៈ សិរីមន្ដ ពិតជាទៅចូលGalaxy មែនគេអាចមើលឃើញថាទីនោះល្អជាងរកលុយបានច្រើនជាង…។ចំពោះរឿងថាខេមរៈ សិរីមន្ដ បើទៅGalaxy នឹងប៉ៈព្រាប សុវត្ថិ សារជាថ្មីព្រោះតារាទាំង២មិនចុះសម្រុងគ្នានោះត្រូវបានលោកនូ ស៊ឹប ថារឿងនោះអត់ជាបញ្ហាចោទទេព្រោះសំខាន់នៅលើអ្នកគ្រប់គ្រង៕
ហ៊ឹម វិចិត្រ